ខួប៧មករា៖លោកហ៊ុន សែន ប្រកាសថាប្រជាធិបតេយ្យនៅកម្ពុជាមិនបានធ្លាក់ចុះឡើយ
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃអាទិត្យនេះ គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ខួបលើកទី៣៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយឬធ្លាក់ចុះឡើយ គឺមានតែប្រជាធិបតេយ្យក្លែងក្លាយទេដែលត្រូវបានលុបបំបាត់នោះ។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ បញ្ច្រាស់ទៅនឹងការមើលឃើញរបស់អ្នកវិភាគ និងសហគមន៍អន្តរជាតិ ចំពោះស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។
នៅចំពោះមុខមហាជនជាង៤ម៉ឺន៥ពាន់នាក់ក្នុងថ្ងៃរំឮកខួប ៧ មករា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា កំពុងត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំឡើងថែមទៀតដោយដើរស្របជាមួយនឹងគោលការណ៍នីតិរដ្ឋនៅក្នុងផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងដែរថា សន្តិភាព គឺជាកត្តាជាសារវ័ន្ត ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺខុសគ្នានឹងការវាយតម្លៃរបស់ក្រុមអ្នកវិភាគនយោបាយ និងសហគមន៍អន្តរជាតិ។ ក្រុមអ្នកវិភាគនយោបាយ និងសហគមន៍អន្តរជាតិ សុទ្ធតែបានយល់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយ។ ដើរថយក្រោយ ក៏ដោយសារតែមានការរំលាយគណបក្សសង្គ្រោះជាតិ ការបិទអង្គការក្រៅរដ្ឋាភិបាល និងការបិទទ្វាររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជា។ ក្នុងនោះសហភាពអឺរ៉ុប បានចាត់ទុកថា ការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុតនៅកម្ពុជាគឺជាការបោះជំហានចេញឆ្ងាយពីមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ហើយភ្លាមនោះ សហភាពអឺរ៉ុបក៏បានប្រកាសផ្តាច់ជំនួយមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប)តែម្តង។ សហរដ្ឋអាមេរិកក៏ដូចគ្នា ដោយសារតែបញ្ហានេះ រដ្ឋាភិបាលអាមេរិកាំងក៏បានបញ្ឈប់ជំនួយមកកាន់គ.ជ.បដែរ។ មិនតែប៉ុណ្ណោះ អាមេរិកក៏បានសម្រេចលែងផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួនថែមទៀត។
សម្រាប់រដ្ឋាភិបាលកម្ពុជា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់ ដើម្បីធានានូវសុខសន្តិភាពក្នុងប្រទេស និងទប់ស្កាត់ចលនាបដិវត្តពណ៌នៅក្នុងប្រទេសកម្ពុជា។ បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើទោះបីអង្គការចាត់តាំងបដិវត្តពណ៌ត្រូវបានរំលាយទៅហើយក្តី ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅដែលបញ្ជាពីក្រោយខ្នងនៅមិនទាន់ផុតរលត់នៅឡើយទេ ហើយលើសពីនេះទៅទៀត មជ្ឈដ្ឋានបរទេសទាំងនោះថែមទាំងគំរាមកាត់ផ្តាច់ជំនួយ និងប្រើប្រាស់នូវវិធានការរឹតបន្តឹងផ្សេងៗមកលើប្រទេសកម្ពុជា។
ក៏ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមិនអាចឱនក្បាលទទួលការគៀបសង្កត់ណាមួយពីមជ្ឈដា្ឋនខាងក្រៅបាននោះឡើយ ជាពិសេសមិនទុកឲ្យមានការប៉ុនប៉ងធ្វើការផ្លាស់ប្តូរតាមរយៈបដិវត្តពណ៌កើតមាននៅកម្ពុជាបានជាដាច់ខាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ