អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិស្នើឱ្យអឺរ៉ុបប្រព្រឹត្តដោយយុត្តិធម៌លើកម្ពុជារឿងEBA
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅថ្ងៃទី១០ ខែមេសា បានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យសហភាពអឺរ៉ុបអនុវត្តដោយយុត្តិធម៌មកលើប្រទេសកម្ពុជាជុំវិញរឿងដកឫមិនដកប្រព័ន្ធអនុគ្រោះពន្ធEBA។ ការជំរុញរបស់អង្គការអន្តរជាតិនេះ ធ្វើឡើងស្របពេលសហភាពអឺរ៉ុបកំពុងតែដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។
“យើងដែលជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI)សូមអំពាវនាវដល់សហភាពអឺរ៉ុបឱ្យប្រព្រឹត្តដោយយុត្តិធម៌មកលើប្រទេសកម្ពុជាចំពោះប្រព័ន្ធអនុគ្រោះពន្ធEBA”។ នេះ គឺជាសារអំពាវនាវរបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិនៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ ខែមេសាកន្លងទៅ។ អង្គការអន្តរជាតិនេះក៏បានកត់សម្គាល់ដែរថា កម្ពុជាគឺជាប្រទេសដែលទើបងើបពីភ្លើងសង្គ្រាម និងមានការអភិវឌ្ឍន៍តិចតួចបានទទួលអត្ថប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មនេះ ហើយកម្មកររោងចក្រកម្ពុជាប្រមាណ១លាននាក់ ភាគច្រើនជាស្ត្រីមកពីជនបទបានទទួលការងារនៅក្នុងឧស្សាហកម្មវាយនភណ្ឌដែលទទួលបានការរួចពន្ធ និងគ្មានកូតាសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប។ នេះ គឺជាហេតុផលដែលអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិចង់ឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញចំពោះការប្រព្រឹត្តរបស់ខ្លួនមកលើប្រទេសកម្ពុជា។
ការជំរុញរបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើការនីតិវិធីនៃការព្យូរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាកាលពីថ្ងៃទី១២ខែកុម្ភៈ ហើយនីតិវិធីនេះមានរយៈពេល១៨ខែ។ វិធានការរបស់សហភាពអឺរ៉ុបនេះដាក់ចេញឡើងដោយសារតែមិនឃើញមានការកែលម្អច្បាស់លាស់និងជាក់ស្ដែងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ ក៏ដូចជាប្រជាធិបតេយ្យនៅកម្ពុជា។
ក៏ប៉ុន្តែអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) បានគូសបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យ គឺជាដំណើរការវែងឆ្ងាយមួយ ហើយការកើនឡើងចំនួនប្រជាជនវណ្ណៈកណ្តាលក្នុងប្រទេសកម្ពុជាបានរួមចំណែកយ៉ាងច្រើនដល់ការរួមបញ្ចូលគ្នាពេញលេញនៃតម្លៃប្រជាធិបតេយ្យ និងការស្ថាបនាស្ថាប័នប្រជាធិបតេយ្យ។ បើតាមអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ប្រព័ន្ធអនុគ្រោះពន្ធ EBA បានរួមចំណែកយ៉ាងច្រើនដល់មូលដ្ឋានសេដ្ឋកិច្ចនៃរបបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ហេតុដូច្នេះហើយ អង្គការនេះ បានស្នើឱ្យសហភាពអឺរ៉ុបពិចារណាដោយផ្តោតសំខាន់លើបញ្ហានេះមុននឹងធ្វើសេចក្តីសម្រេចថា តើត្រូវដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា ឬក៏អត់។ ជាមួយនឹងលើកឡើងបែបនេះ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិក៏បានអះអាងថា ប្រជាពលកម្ពុជាបានទទួលរងការឈឺចាប់គ្រប់គ្រាន់ហើយ។ ដូចនេះ ពួកគេស័ក្តិសមនឹងរស់នៅក្នុងសន្តិភាព វិបុលភាព និងសុភមង្គល។ អង្គការអន្តរជាតិមួយនេះ ក៏ចង់ឃើញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជារីកចម្រើន និងការពង្រឹងសេដ្ឋកិច្ច ដោយមានការយោគយល់ និងគាំទ្រពីសហគមន៍អន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ