កម្ពុជា

កម្ពុជា​​ចាត់ទុក​​ការ​​មក​​ទស្សនកិច្ច​​រប​ស់​មេ​ដឹក​នាំ​​ហុង​គ្រី​​ថា ​ជា​​ព្រឹត្តិការណ៍​​ដ៏​​សំខាន់​​ក្នុង​​ទំនាក់​ទំនង​​ទ្វេភាគី​

លោកយ៉ាណូស អាឌ័រ (Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី
លោកយ៉ាណូស អាឌ័រ (Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី @RFI

លោក​យ៉ា​ណូ​ស អា​ឌ័​រ (Janos ADER) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃអាទិត្យ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល៤ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ឮ២៧ ដល់៣០ ខែតុលា។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​យ៉ា​ណូ​ស អា​ឌ័​រ (Janos ADERនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ហុង​គ្រី។

ផ្សាយពាណិជ្ជកម្ម

នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​យ៉ា​ណូ​ស អា​ឌ័​រ នៅ​កម្ពុជា​ចាប់តាំងពី​លោក​ឡើង​ធ្វើជា​ប្រធានាធិបតី​ហុង​គ្រី​កាលពី​ឆ្នាំ២០១២មក។ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​គូសបញ្ជាក់ថា ការ​មកកាន់​កម្ពុជារ​បស់​លោក​យ៉ា​ណូ​ស អា​ឌ័​រ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ហុង​គ្រី ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព ក៏ដូចជា​បង្កើន​វិសាលភាព​និង​ជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ។

បើតាម​ក្រសួងការបរទេស​កម្ពុជា នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៤ថ្ងៃ​នៅ​កម្ពុជា​នេះ លោក​ប្រធានាធិបតី​ហុង​គ្រី​យ៉ា​ណូ​ស អា​ឌ័​រ នឹង​ចូលជួប​ដាច់ដោយឡែក​ជាមួយ​ព្រះមហាក្សត្រ​កម្ពុជា លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា។ លោក​ប្រធានាធិបតី​ហុង​គ្រី​ក៏​នឹងមាន​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដាច់ដោយឡែក​ផងដែរ។ ជំនួប​នោះ នឹង​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាច្រើន​វិស័យ រួមទាំង​បញ្ហា​តំបន់ និង អន្តរជាតិ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​យ៉ា​ណូ​ស អា​ឌ័​រ​នៅ​កម្ពុជា​នេះ ធ្វើឡើង​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ហុង​គ្រី​កាលពី​ថ្ងៃទី១៥ ខែតុលា​កន្លងទៅ។ នៅក្នុង​ជំនួប​ទ្វេភាគី​នៅ​ហុង​គ្រី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​យ៉ា​ណូ​ស អា​ឌ័​រ បាន​ពិភាក្សាគ្នា​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដោយ​លោក​ហ៊ុន សែន បានស្នើ​ឱ្យ​ហុង​គ្រី​បន្ត​គាំទ្រ​ដល់​កម្ពុជា ហើយ​អ្វីដែល​ដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា។ ចំណែក លោក​យ៉ា​ណូ​ស អា​ឌ័​រវិ​ញ បាន​គូសបញ្ជាក់ថា ហុង​គ្រី នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត​លើ​បញ្ហា EBAនេះ។

សូមបញ្ជាក់ថា កម្ពុជា និង ហុង​គ្រី គឺជា​សម្ព័ន្ធមិត្ត​ចាស់​នឹង​គ្នា​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មក​ម្លេះ។ ប៉ុន្តែ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ទៅវិញ​នៅក្នុង​សម័យ​ខ្មែរក្រហម។ អ្នកវិភាគ​នយោបាយ​ខ្លះ​បាន​លើកឡើងថា ការបង្កើន​ទំនាក់ទំនង​ឡើងវិញ​រវាង​កម្ពុជា និង ហុង​គ្រី​នៅពេលនេះ គឺ​ផ្តោត​សំខាន់​លើ​បញ្ហានយោបាយ​ជៀស​ជាង​បញ្ហា​សេដ្ឋកិច្ច។ នេះ ក៏​ព្រោះថា ហុង​គ្រី គឺជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ហើយ​តាមរយៈ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត​មួយ​នេះ កម្ពុជា​អាច​នឹង​បញ្ចេញ​សំឡេង​របស់ខ្លួន​បាន​នៅ​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI