លោកកឹម សុខា៖ការលើកលែងទោសរបស់ខ្ញុំ គ្មានដោះដូរអ្វីទាំងអស់ជាមួយបក្សប្រជាជនកម្ពុជា
បន្ទាប់ពីត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យភា្លម នៅព្រឹកនេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានជួបជាមួយយុវជនបក្សមកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅទីស្នាក់ការកណ្តាលគណបក្សនៅចាក់អង្រែលើ។ នៅចំពោះមុខក្រុមយុវជនទាំងនោះ លោកប្រធានស្តីទីបក្សប្រឆាំងបានជម្រះការសង្ស័យថា ការលើកលែងទោសរបស់លោកមិនមានការដោះដូរអ្វីជាមួយគណបក្សប្រជាជនកម្ពុជាទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការគូសបញ្ជាក់ដោយផ្ទាល់ពីលោកកឹម សុខានៅពេលនេះ គឺដើម្បីជម្រះនូវមន្ទិលសង្ស័យទាំងឡាយរបស់សាធារណជនខ្លះដែលគិតថា ការលើកលែងទោសលើលោកប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ អាចមានការដោះដូរអ្វីមួយជាមួយគណបក្សប្រជាជនកម្ពុជាដូចជាបញ្ហាផែនទី ឬក៏ការត្រូវរ៉ូវគ្នារវាងលោកកឹម សុខាជាមួយគណបក្សប្រជាជនកម្ពុជាជាដើម ។
យ៉ាងណាក៏ដោយ សម្រាប់លោកកឹម សុខា រឿងទាំងនេះមិនមែនជាការពិតឡើយ ។ ការពិតនោះ គឺលោកបានចាត់ទុកដំណោះស្រាយមកលើរូបលោកនេះថា គឺជាការដោះស្រាយរវាងខ្មែរ និងខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា។ លោកកឹម សុខា ក៏អះអាងផងដែរថា នេះក៏កើតឡើងដោយសារតែលោក និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានបំណងដូចគ្នាចង់រកចក្ខុវិស័យរួម រកនូវគុណតម្លៃរួមរបស់ប្រទេសជាតិទៅអនាគត ដើម្បីឲ្យមានឯកភាពជាតិ ។ បើតាមលោកកឹម សុខា ការលើកលែងទោសដល់រូបលោកនេះ គឺជាជំហានទី១ក្នុងការឈានទៅរកដំណោះស្រាយជាដំណាក់កាលបន្តបន្ទាប់ទៀតទៅលើអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដើម្បីអាចមានសេរីភាពឡើងវិញ។
សូមបញ្ជាក់ថា លោកកឹម សុខា ត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះរាជទានលើកលែងទោសកាលពីថ្ងៃទី២ ធ្នូតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជន។ ការណ៍នេះ ធ្វើឲ្យលោកកឹម សុខា ដែលបានឃុំខ្លួនឯងប្រមាណជាកន្លះឆ្នាំនៅក្នុងទីស្នាក់កណ្តាលគណបក្ស មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ ដើម្បីឈានទៅរកការបោះឆ្នោតនាពេលខាងមុខ។
ជាមួយលទ្ធភាពនេះ លោកកឹម សុខា នឹងទៅចូលរួមប្រជុំសភាជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាចឡើងវិញ ។ ក្រៅពីនេះ លោកប្រធានស្តីទីគណបក្សប្រឆាំង ក៏មានគម្រោងសុំចូលគល់ព្រះមហាក្សត្រកម្ពុជា និងចុះទៅជួបសួរសុខទុក្ខអ្នកដែលកំពុងជាប់ពន្ធនាគារក្នុងពេលឆាប់ៗខាងមុខនេះផងដែរ មុននឹងចុះទៅជួបសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅតាមមូលដ្ឋាននៅទូប្រទេសកម្ពុជាដូចសព្វមួយដងទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ