លោក គង់ គាំ ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែររបស់កូនប្រុសគាត់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដូចការគ្រោងទុក គណបក្សឆន្ទៈខ្មែររបស់ លោក គង់ មុនីកា បានធ្វើសមាជវិសមញ្ញមួយនៅថ្ងៃអាទិត្យនេះដោយជ្រើសរើសលោក គង់ គាំ ជាឪពុករបស់ខ្លួន ឲ្យធ្វើជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានអាយុមួយខួបនេះ។ លោក គង់ គាំ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិនោះ ថ្លែងវាយប្រហារខ្លាំងៗទៅលើលោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី បានហៅអ្នកទៅសុំសិទ្ធិនយោបាយឡើងវិញថាជាមនុស្សក្បត់បក្ស។
ភ្លាមៗបន្ទាប់ពីគណបក្សឆន្ទៈខ្មែររបស់លោកកូនប្រុសគាត់សម្រេចតែងតែជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានមួយខួបនេះ លោក គង់ គាំ បានថ្លែងរិះគន់ខ្លាំងៗទៅលើលោក សម រង្សី។ លោក សម រង្ស៊ី ដែលបានហៅអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញជាមនុស្សក្បត់បក្ស និងក្បត់ឆន្ទៈម្ចាស់ឆ្នោត។
អ្នកនយោបាយជើងចាស់ ដែលជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិរូបនេះ បានអួតសរសើរដល់សកម្មជនគណបក្សប្រឆាំងនេះដែលមកចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងតែរយៈពេល២ខែមុនបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ ប៉ុន្តែមិនទទួលបានអាសនៈនោះឡើយ។ លោក គង់ គាំ ថែមទាំងថ្លែងការពារជំរហរបស់គណបក្សឆន្ទៈខ្មែរដែលចូលរួមការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៩ខែឧសភាខាងមុខថា ជាការចូលរួមការពារសន្តិភាព ទោះបីជាដឹងខ្លួនថា គណបក្សនេះគ្មានអង្គបោះឆ្នោតក៏ដោយ។
ជាការកត់សំគាល់ លោក គង់ គាំ មិនបានបង្ហាញពីចំណុចខ្លាំងរបស់គណបក្សឆន្ទៈខ្មែរច្រើនប៉ុន្មាននោះទេ ប៉ុន្តែលោកបានយកវេទិកាសមាជនោះបន្តវាយប្រហារខ្លាំងៗទៅលើក្រុម លោក សម រង្ស៊ី ដែលធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េខាងត្បូងថ្មីៗ។
លោក គង់ គាំ បានហៅការធ្វើបាតុកម្មភ្លើងទៀននៅកូរ៉េខាងត្បូងដែលមានការចូលរួមដោយផ្ទាល់ពីលោក សម រង្ស៊ី ថាជាបែកបាក់ផ្ទៃក្នុងកាន់ខ្លាំងរបស់អតីតគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែ លោក សម រង្ស៊ី នៅតែបន្តអះអាងថា «សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ