ម្ចាស់ក្លិប«ម៉ៃអាមី»ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅកាន់តុលាការពាក់ព័ន្ធការជួញដូរគ្រឿងញៀន
បន្ទាប់ពីត្រូវបានកងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះបង្រ្កាប និងនាំខ្លួនទៅសាកសួររួចមក នៅទីបំផុតម្ចាស់ក្លិប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀតត្រូវបានចាប់បញ្ជូនទៅកាន់តុលាការហើយនៅព្រឹកថ្ងៃអាទិត្យនេះ។ តាមការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពួកគេទាំងនេះត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ចុះផ្សាយនៅថ្ងៃ៖
ម្ចាស់ក្លឹប «ម៉ៃអាមី» ដែលត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការផ្លូវច្បាប់នេះ មានឈ្មោះថា ស្រេន វីរៈ។ ចំណែកបុគ្គលិកចំនួន៦នាក់ផ្សេងទៀត គឺពួកគេជាអ្នកធ្វើការជាមេកា និង សន្តិសុខ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា មិនអាចទាក់ទងសុំការបញ្ជាក់ពីចំណាត់ការរបស់តុលាការលើមនុស្សទាំង៧នាក់នេះបាននោះទេនៅព្រឹកថ្ងៃអាទិត្យនេះ។
យ៉ាងណាក៏ដោយ ការចាប់បញ្ជូនខ្លួនមនុស្សទាំង៧នាក់ទៅកាន់តុលាការនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចក្រុងភ្នំពេញ បានចុះប្រតិបត្តិបង្ក្រាបក្លិបកម្សាន្ត«ម៉ៃអាមី» កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់។ សមត្ថកិច្ចក៏បានរឹបអូសបានគ្រឿងញៀនជាង១០គីឡូក្រាម ព្រមទាំងឧបករណ៍ជក់ និងកែច្នៃគ្រឿងញៀនយ៉ាងច្រើននៅក្នុងក្លិបនេះផងដែរ។ ចំពោះយុវជន យុវតីជាង៥០នាក់ដែលត្រូវបានឃាត់ខ្លួនវិញ សមត្ថកិច្ចរកឃើញថា មានយុវជនចំនួន៣២នាក់មានសារធាតុញៀនក្នុងខ្លួន។ យុវជនទាំងនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន រីឯអ្នកផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះសម្បែងវិញ។
សូមបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបក្លឹបកម្សាន្ត«ម៉ៃអាមី»នេះ គឺជាលើកទី២ហើយ ដែលសមត្ថកិច្ចប្រមូលបានមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយគ្រឿងញឿនជាច្រើនគីឡូក្រាម។ កាលពីចុងខែកុម្ភៈកន្លងទៅ ស្នងការដ្ឋាននរគបាលក្រុងភ្នំពេញ បានសម្រុកចូលក្លឹបកម្សាន្តរ៉ុកឃាត់មនុស្សជាង៣០០នាក់ ហើយរឹបអូសបានថ្នាំញៀនជាង៥០គីឡូក្រាម។ ម្ចាស់ទីតាំងក្លឹបកម្សាន្តរ៉ុក គឺលោកឧកញ៉ាគិត ធាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅពន្ធនាគារ PJ បន្ទាប់ពីតុលាការចោទប្រកាន់លោកថា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាង៥០គីឡូក្រាមនោះ។
ក៏ប៉ុន្តែសម្រាប់ម្ចាស់ក្លិប«ម៉ៃអាមី»នេះ គេនៅមិនទាន់ដឹងថា តុលាការនឹងចាត់ការយ៉ាងម៉េចនោះទេ ព្រោះទើបទៅដល់ដៃតុលាការ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការបង្ក្រាបគ្រឿងញៀននេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈហើយដោយឲ្យសមត្ថកិច្ចជីកឲ្យជ្រៅ ដើម្បីគាស់រំលើងមេខ្លោងជួញដូរគ្រឿងញៀនយកមកផ្តន្ទាទោសទៅតាមច្បាប់ឱ្យបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ