កម្ពជា

សង្គម​​ស៊ីវិល​សាទរ​​ការ​​រឹត​បន្តឹង​​ច្បាប់​​ចរាចរណ៍​ថ្មី​ តែ​​ស្នើ​​អាជ្ញាធរ​​អនុវត្ត​​ឲ្យ​​បាន​​ជាប់​​លាប់​

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់​ផ្ដើម​ហើយ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៦​នេះ ដោយ​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ជាង​១​ពាន់​នាក់ នៅ​តាម​គោលដៅ​ប្រមាណ​១៧០​កន្លែង ទូទាំង​ប្រទេស​។ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍ បានសម្ដែង​ការ​សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​ស្នើ​​អាជ្ញាធរ​អនុវត្ត​ឲ្យ​បាន​ជាប់​លាប់ ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​អាជ្ញាធរ​បាន​ចាប់​ផ្ដើម​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៦​នេះ បាន​ទទួល​ការ​អបអរ​សាទរ​ពី​សំណាក់​សាធារណជន​ទូទៅ​។ ដោយ​ឡែក វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ក៏បាន​សាទរ​ចំពោះ​ចំណាត់ការ​នេះ​ដែរ​។ លោក អ៊ា ចរិយា នាយក​វិទ្យាស្ថាន​នេះ មាន​សុទិដ្ឋិនិយម​ថា ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នា​ពេល​នេះ អាច​នឹង​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក អ៊ា ចរិយា ស្នើ​ឲ្យ​​​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ឲ្យ​បាន​ជាប់​លាប់​ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធិភាព​ខ្ពស់​។

លោក រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​កម្ពុជា បាន​ហៅ​ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល​ថា ជា​ការ​ចូល​រួម​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី មាន​ប្រសិទ្ធិភាព​កាន់​តែ​ខ្ពស់​។ ប៉ុន្តែ​បើ​តាម​លោក រុន រ័ត្នវាសនា សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រមាណ​១ពាន់​នាក់ នៅ​តាម​គោលដៅ​ជាង​១៧០​កន្លែង​ទូទាំង​ប្រទេស​។ ហើយ​កង​កម្លាំង​សមត្ថកិច្ច​ទាំង​នេះ នឹង​ធ្វើ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ដូច​ភ្លៀង​រលឹម មិន​ឲ្យ​ដាច់​រយៈ​នោះ​ទេ​។ បើ​តាម​លោក រុន រ័ត្នវាសនា ​ប្រជាពលរដ្ឋ​មិន​ត្រូវ​ខ្លាច​រអារ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​ទេ​។ លោក​អំពាវនាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដង​ផ្លូវ ចូល​រួម​គោរព​ច្បាប់​ទាំង​អស់​គ្នា ព្រោះ​ការ​គោរព​ច្បាប់​នេះ​ហើយ ដែល​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​។

គួរ​ជម្រាប​ជូន​ថា បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​ក្លាយ​ទៅ​ជា​ឃាតករ​ដ៏​សាហាវ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​។ ភាគ​ច្រើននៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥កន្លង​ទៅ​នោះ កើត​ឡើង​ដោយ​សារ​តែ​ការ​បើក​បរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ ការ​បើក​បរ​ប្រជែង និង​ការ​បើក​បរ​ដោយ​ស្រវឹង​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI