កម្ពុជា

ប៉ូលិស​​ចាប់​​យុវជន​ ៨ ​នាក់ ​ចោទ​​ពី​​បទ​​លួច​​ដុត​​ខ្លោង​ទ្វារ​​អង្គរ​​សង្ក្រាន្ត​ នៅ​​ខេត្ត​សៀមរាប​

ខ្លោង​ទ្វារ​អង្គរ​សង្រ្កាន្ត​ មុន​ត្រូវ​គេ​លួច​ដុត​
ខ្លោង​ទ្វារ​អង្គរ​សង្រ្កាន្ត​ មុន​ត្រូវ​គេ​លួច​ដុត​

យ៉ាងហោចណាស់ យុវជន ៨ នាក់ ត្រូវបាន​ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី៧មេសា ក្នុង​សំណុំរឿង​លួច​ដុត​ស៊ុម​ខ្លោងទ្វារ អង្គរ​សង្ក្រាន្ដ នៅមុខ​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប។ អាជ្ញាធរខេត្ត និង​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត មិន​បញ្ជាក់ថា ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមប្រឆាំង ដែល​រិះគន់​លើ​រចនាបទ​ខ្លោងទ្វារ តាម​ហ្វេ​ស​ប៊ុ​ក ឬ​ខាង​ណា​ទេ។

ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​យុវជន ៨ នាក់ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី៧ និង​ថ្ងៃទី៨មេសា ពាក់ព័ន្ធ​នឹង​ការ​លួច​ដុត ស៊ុម​ខ្លោងទ្វារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។ បន្ទាប់ពី​ការសាកសួរ ប៉ូលិស​បាន​បញ្ជូន​យុវជន​ទាំងនោះ ទៅកាន់​តុលាការ នៅ​ថ្ងៃទី១០មេសា​នេះ។

ខ្លោងទ្វារ​អង្គ​រស​ង្គ្រា​ន្ត ចំនួន ២ ត្រូវបាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើ​ពី​ស្នោរ មាន​ឆ្អឹង​ដែក សម្រាប់​រៀបចំ អបអរ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ  ចំ​ថ្ងៃបុណ្យ​ចូលឆ្នាំ នៅ​ថ្ងៃទី១៤ ថ្ងៃទី១៥ និង​ថ្ងៃទី១៦ ខែមេសា។ ប៉ុន្តែ​នៅវេលា​ម៉ោង ១ រំលងអធ្រាត្រ ថ្ងៃទី៦មេសា ឈានចូល​ថ្ងៃទី៧ ខែមេសា ខ្លោងទ្វារ​នោះ ត្រូវបាន​ជន​មិន​ស្គាល់មុខ លួច​ដុត បន្ទាប់ពី​មានការ​រិះគន់ថា ធ្វើឡើង​ចម្លងតាម​រចនាបទ​វិហារ​វៀតណាម។

យ៉ាងណាក៏ដោយ ដំណឹង​នៃ​ការឃាត់ខ្លួន​យុវជន​ទាំង ៨ នាក់​នោះ មិនត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀមរាប ទាំង​លោក ស៊​ត ឌី​ណា ស្នងការ​ប៉ូលិស និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត បញ្ជាក់​ឡើយ។

ចំណែក​លោកសោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​មិន​អត្ថាធិប្បាយ​អ្វី​ច្រើន​ដែរ។ ប៉ុន្តែ​លោក​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​ទាំង ៨ នាក់​នោះ ដែល​ការឃាត់ខ្លួន ជា​បទល្មើស​ព្រហ្មទណ្ឌ។

លោក​សោម​ រតនា ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច មិនទាន់​សន្និដ្ឋានថា ក្រុមយុវជន ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងនោះ ពាក់ព័ន្ធ​នឹង​ខាង​ណា ខាង​អ្នក​រិះគន់​តាម​ហ្វេ​ស​ប៊ុ​កលើ​រចនាបទ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត ឬក៏​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី១០មេសា​នេះ លោក​សោម​ រតនា បញ្ជាក់ថា ខ្លោងទ្វារ មុខ​ប្រាសាទអង្គរវត្ត ដែល​ត្រូវគេ​លួច​ដុត​នោះ អាច​នឹង​សាងសង់​រួចរាល់​ឡើងវិញ ដើម្បី​សាទរ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុងពេល​បុណ្យចូលឆ្នាំថ្មី នា​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI