កម្ពជា

របាយការណ៍​៖​ជំនន់​​ទឹកភ្លៀង​​សម្លាប់​​មនុស្ស​​ពីរ​នាក់​​និង​​ធ្វើ​​ឲ្យ​​ខូច​ខាត​​ធ្ងន់ធ្ងរ​​ក្នុង​​ខេត្ត​​ចំនួន​​ពីរ​

ជំនន់ទឹកភ្លៀងសម្លាប់មនុស្សពីរនាក់និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរក្នុងខេត្តចំនួនពីរ
ជំនន់ទឹកភ្លៀងសម្លាប់មនុស្សពីរនាក់និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរក្នុងខេត្តចំនួនពីរ @Samdech Hun Sen, Cambodian Prime Minister

ភ្លៀង​ធ្លាក់ជាប់ៗគ្នា​នាពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ក្រោម​ឥទ្ធិពល​ព្យុះ​ក្នុង​តំបន់​ពីរ គឺ​ព្យុះ​ទី៤ និង​ព្យុះ​ទី៨ឈ្មោះ​សុន​កា បាន​បង្កើតជា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ក្នុង​បណ្តា​ខេត្ត​ចំនួន៧ក្នុងប្រទេស​កម្ពុជា​គឺ ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និង​ខេត្ត​ព្រះសីហនុ។ ជំនន់​ទឹកភ្លៀង​នេះ ក៏បាន​សម្លាប់​ជីវិត​មនុស្ស​ពីរ​នាក់​ផងដែរ។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ទើប​ចេញផ្សាយ​នៅ​រសៀល​នេះ។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានបង្ហាញ​ឲ្យ​ដឹងថា ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំពីរ គឺ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារតែ​ជំនន់​ទឹកភ្លៀង​នេះ។ សម្រាប់​ខេត្តព្រះវិហារ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ក្នុងស្រុក​ចំនួន​ប្រាំ ដោយ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥៣០ខ្នង លិច​ដីស្រែ៤ពាន់៨រយ៧៨ហិកតា និង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន៤៦គ្រួសារ​ក្នុង​ឃុំ ស្រអែម ស្រុក​ជាំ​ក្សាន្ត​ទៅ​ទីទួល​សុវត្ថិភាព។ ជំនន់​ទឹកភ្លៀង​នេះ បាន​ឆក់យក​ជីវិត​ពលរដ្ឋ​ពីរ​នាក់​ដោយ​ម្នាក់​ជា​ស្ត្រី និង​ម្នាក់ទៀត​ជា​កុមារ។

ចំណែក​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន​ពីរ​ដោយបាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៧០២ខ្នង លិច​ដីស្រែ១០៣២ហិកតា លិច​ដំឡូង​មី​និង​ដំណាំផ្សេង២៧៩ហិកតា ។ ចំពោះ​ការជម្លៀស​ប្រជាពលរដ្ឋ​វិញ នៅ​មិនទាន់មាន​របាយការណ៍​នៅឡើយ​ទេ។

ដោយឡែក​សម្រាប់​ខេត្ត​ចំនួន៥ទៀត គឺ​ខេត្តកំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និង​ខេត្ត​ព្រះសីហនុ​មិនសូវ​ជា​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​នោះទេ។ បើតាម​របាយការណ៍ ខេត្តកំពង់ធំ ជំនន់​ទឹកភ្លៀង​បាន​កើតឡើង​ក្នុងស្រុក​ចំនួន៤ ដោយ​លិចលង់​ស្រូវ​ចំនួន១០១០ហិកតា លិច​ផ្ទះ១៥ខ្នង លិច​សាលា​ចំនួន២កន្លែង។ ខេត្តកំពត ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ភូមិ​ចំនួន១៥ ឃុំ​ចំនួន៤នៅក្នុង​ស្រុក​ទឹកឈូ ដោយ​លិច​ផ្ទះ៧៥៨ខ្នង និង​លិច​ដីស្រែ​ចំការ១៦៦៦ហិកតា។ រីឯ​ខេត្ត​ព្រះសីហនុ ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវ​ពីរ​កន្លែង​ក្នុងស្រុក​កំពង់​សិលា និង​ស្រុក​ព្រៃនប់ ខណៈ​ខេត្តរតនគិរី ទឹកភ្លៀង​បាន​លិច​ក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់​និង​ស្រុក​ចំនួន៥ទៀត។ ខេត្ត​ត្បូងឃ្មុំ​វិញ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​មិនបាន​បង្ហាញ​ការខូចខាត​នោះទេ។

ប្រឈមមុខ​នឹង​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​ដែល​បាន​វាយប្រហារ​ក្នុង​ខេត្ត​មួយចំនួន​ដែរនោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី២៨ កក្កដា បាន​ជំរុញ​ឲ្យ​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី បន្ត​តាមដាន​ឃ្លាំមើល និង​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា។ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI