លោកខៀវ សុភ័គ៖អតីតតំណាងរាស្ត្របក្សប្រឆាំងរៀល ខេមរិន្ត្របានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយ
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោកខៀវ សុភ័គ បានបង្ហើបប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍ ទី ១៦ មីនានេះថា អតីតតំណាងរាស្ត្រមួយរូបទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ គឺលោករៀល ខេមរិន្ត្រ បានមកដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅក្រសួងមហាផ្ទៃ។ ការដាក់ពាក្យនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានបិទទ្វារលែងទទួលពាក្យស្នើសុំនៅមុន ឫក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖
លោករៀល ខេមរិន្ត្រ អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ មីនា ក្នុងសប្តាហ៍នេះ។ នេះបើតាមការបង្ហើបឱ្យដឹងពីលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយបន្ថែមទៀតថា សំណើរបស់លោករៀល ខេមរិន្ត្រនេះ ត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅកាន់រដ្ឋាភិបាលកម្ពុជាហើយនៅព្រឹកថ្ងៃទី១៦ មីនានេះ។
លោករៀល ខេមរិន្ត្រ មិនអាចស្វែងរកការទាក់ទងសុំការបញ្ជាក់បន្ថែមពីរឿងនេះបានទេនៅព្រឹកថ្ងៃសៅរ៍នេះ។ ប៉ុន្តែបើសិនជាលោកត្រូវបានព្រះមហាក្សត្រ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ នោះលោកនឹងក្លាយជាមន្ត្រីអតីតបក្សប្រឆាំងទីបួនហើយដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីសំណាក់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីទីមួយ គឺលោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ ទីពីរ លោកគង់ ប៉ូរា អតីតអ្នកតំណាងរាស្ត្រ និង ទីបី លោកស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយករបស់អតីតគណបក្សសង្គ្រោះជាតិ។
ជាការកត់សម្គាល់ ការដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោករៀល ខេមរិន្ត្រនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានបិទលែងទទួលយកសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតបក្សប្រឆាំង។ បើតាមលោកនាយករដ្ឋមន្ត្រី បើក្រុមអតីតបក្សប្រឆាំងនៅតែស្ទាក់ស្ទើរមកស្នើសុំដោយទាមទារលក្ខខណ្ឌផ្សេងៗនោះ គឺលោកនឹងបិទលែងទទួលនៅអំឡុងមុន ឬ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនាខែក្រោយខាងមុខនេះ។ លោកប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ថែមទាំងប្រាប់ទៅកាន់អតីតអ្នកនយោបាយបក្សប្រឆាំងមួយចំនួនថា កុំឈ្លើយ និង ព្រហើនដាក់លោកឱ្យសោះ ព្រោះថា អ្វីៗស្ថិតក្នុងដៃរបស់លោកដែលលោកចង់ធ្វើយ៉ាងម៉េចក៏បាន។
យ៉ាងណាក៏ដោយ ក្រៅពីមន្ត្រីអតីតបក្សប្រឆាំងទាំងនេះ ក្រសួងមហាផ្ទៃក៏បានបង្ហើបឱ្យដឹងដែរថា មានមន្ត្រីប្រហែល ២៥ឫ២៦នាក់ទៀតក៏មានបំណងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះផងដែរ។ ប៉ុន្តែមកដល់ពេលនេះនៅតែមិនទាន់មានការដាក់ពាក្យស្នើសុំជាផ្លូវការនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ