អ្នកស្រីរ៉ូណា ស្មីត នឹងមកពិនិត្យមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជារយៈពេល១១ថ្ងៃចាប់ពីថ្ងៃស្អែកនេះ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល១១ថ្ងៃចាប់ពីថ្ងៃទី២៩ ខែតុលាការស្អែកនេះ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចនេះ ប្រកាសធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅប្រទេសស្វីស។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាថ្មីរយៈពេល១១ថ្ងៃនេះ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគ្រោងនឹងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ ប៉ុន្តែការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មិនបានបញ្ជាក់ឲ្យដឹងទេ ថាតើលោកស្រីរ៉ូណា ស្មីត នឹងលើកយកប្រធានបទអ្វីទៅពិភាក្សាជាមួយអ្នកទាំងអស់នោះ។
ដំណើរទស្សនកិច្ចរបស់លោកស្រីរ៉ូណា ស្មីតនៅកម្ពុជានាពេលនេះ បានប្រកាសធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន បានបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះ និងបានជួបជាមួយប្រធានស្ថានប័ននេះដោយផ្ទាល់ថែមទៀត។ គឺនៅក្នុងជំនួបនោះហើយ ដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តអាណត្តិ ២ ឆ្នាំទៀតដល់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានកិច្ចសហការរវាងអង្គការសហប្រជាជាតិជាមួយនឹងរដ្ឋាភិបាលកម្ពុជា មុននឹងចេញរបាយការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ លោកស្រីរ៉ូណា ស្មីត នឹងធ្វើរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។ អ្នកជំនាញសិទិ្ធមនុស្សអង្គការសហប្រជាជាតិនឹងធ្វើសន្និសីទសារព័ត៌មានមួយដូចសព្វមួយដង នៅក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានៅការិយាល័យឧត្តមស្នងការសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា នៅមុនដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ លោកស្រីរ៉ូណា ស្មីត បានសម្តែងនូវការព្រួយបារម្ភនានាទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស បូករួមទាំងការបោះឆ្នោតជាតិកម្ពុជា។ កាលពីខែមុន លោកស្រីរ៉ូណា ស្មីត បានចោទសួរពី“ភាពជឿជាក់”នៃការបោះឆ្នោតនៅកម្ពុជាដែលបក្សកាន់អំណាចបានឈ្នះអាសនៈទាំងអស់ក្នុងរដ្ឋសភានៅចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ជាមួយនឹងការចោទសួរនេះ លោកស្រីរ៉ូណា ស្មីត ក៏បានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សថា មានភាពមិនប្រក្រតីខ្លះនៅមុនការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ