អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី​​ថា ​លោក​​និង​​លោក​​កឹម សុខា ​ខុសគ្នា​​ឆ្ងាយ​​ណាស់​​នឹង​​អ្នក​ដឹកនាំ​​កម្ពុជា​​សព្វ​ថ្ងៃ​

លោកសម រង្ស៊ី ​កំពុង​ថ្លែង​ទៅក្រុម​យុវជន​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃទី​២៥ ​ខែកញ្ញា ​ឆ្នាំ​២០១៦​
លោកសម រង្ស៊ី ​កំពុង​ថ្លែង​ទៅក្រុម​យុវជន​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃទី​២៥ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ @Sam Rainsy Facebook Page
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី២៥ ខែកញ្ញា នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានរៀបចំ​ពិធី​សំណេះសំណាល​រវាង​ថ្នាក់ដឹកនាំ ជាមួយ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺក្រោម​វត្តមាន​លោក សម រង្ស៊ី និង លោក​កឹម សុខា ដែលជា​ប្រធាន និង​អនុប្រធាន​គណបក្ស។ នៅក្នុង​ជំនួប​នេះ លោក​សម រង្ស៊ី បាន​ថ្លែងថា រូបលោក និង​លោក​កឹម សុខា មាន​គោលបំណង​ខុសគ្នា​ឆ្ងាយ​ណាស់​នឹង​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​វី​ឌី​អូ​ខុន​ហ្វើ​រេ​ន​ពី​ក្រៅប្រទេស​បាន​ថ្លែង​នៅ​ចំពោះមុខ​ក្រុមយុវជន​គណបក្សប្រឆាំង​នៅ​ទី​ស្នាក់​កណ្តាល​គណបក្ស​ថា បើ​ប្រៀបធៀប​នឹង​អ្នកដឹកនាំ​ប្រទេស​នាពេល​បច្ចុប្បន្ននេះ គឺ​ការចង់បាន​របស់លោក​ជាមួយ​លោក​កឹម សុខា ខុសគ្នា​ឆ្ងាយ​ណាស់។ ខុសគ្នា​ឆ្ងាយ​ណាស់​នេះ គឺ​លោក​ប្រមុខ​គណបក្សប្រឆាំង​កម្ពុជា ចង់​បង្ហាញថា លោក និង​លោក​កឹម សុខា មាន​តួនាទី​ជា​អ្នកត្រួសត្រាយ​ផ្លូវ បើកផ្លូវ​ប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ យុវជន និង​អ្នកជំនាន់ក្រោយ ដើម្បី​មានឱកាស​ចូលរួម​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ឈានទៅរក​ការរីកចម្រើន​ដូច​ប្រទេស​គេ​ផ្សេង។ ជាមួយគ្នានេះ លោក​សម រង្ស៊ី ក៏​ឆ្លៀត​រិះគន់​ដល់​ការដឹកនាំ និង​ការ​ក្រាញ​អំណាច​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គូសបញ្ជាក់ថា លោក និង​លោក​កឹម សុខា មិនមាន​បំណង​ចង់​ដឹកនាំ​ប្រទេស​ត​កូន ត​ចៅ ត​ពូជ​នោះទេ គឺ​នឹង​ផ្ទេរ​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​លើកឡើងថា ការបរិយាយ​របស់លោក​សម រង្ស៊ី នេះ គឺ​គ្រាន់តែ​យកចំណេញ​ខាង​នយោបាយ​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បន្តទៀតថា លោក​សម រង្ស៊ី ឈ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​តែ​បាន​ចាញ់ឆ្នោត​រាល់​អាណត្តិ។ ដូច​ច្នេះ​ហើយ​ហេតុអ្វី​នៅតែ​ក្រាញ​តំណែង​ទៀត មិន​ព្រម​ឲ្យ​អ្នកផ្សេង​ឈ​ឈ្មោះ​ជំនួស​ទៅ បើ​ខ្លួន​អះអាងថា​ជា​អ្នកបើក​ផ្លូវ​ឲ្យ​អ្នកជំនាន់ក្រោយ​បន្តវេន​នោះ។ ទន្ទឹមគ្នានេះ លោក​សុខ ឥសាន បាន​គូសបញ្ជាក់ថា មូល​ហេតុដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ហ៊ុន សែន កាន់អំណាច​យូរ​ឆ្នាំ​នោះ គឺ​ធ្វើតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ដែល​នៅតែ​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។

សូមបញ្ជាក់ថា នៅពេលនេះ ទំនាក់ទំនង​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​នៅឡើយ​ទេ បើទោះបី​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​ហាក់​ផ្អាក​សង្គ្រាមពាក្យសម្តី​នឹង​គ្នា​នៅក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ក៏ដោយ។ សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប​ច្ច​ប្បន្ន​នេះ លោក​កឹម សុខា កំពុង​តតាំង​រឿង​ក្តីក្តាំ​ជាមួយ​តុលាការ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ៥ខែ ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន។ ចំណែក​លោក​សម រង្ស៊ី ឯណោះ​វិញ កំពុងស្នាក់នៅ​ក្នុងប្រទេស​បារាំង បន្ទាប់ពី​តុលាការ​ខ្មែរ​បានចេញ​ដី​កោះហៅ​លោក​ជាច្រើន​ដង​លើ​សំណុំរឿងផ្សេងៗគ្នា​ស្ទើរ​រាប់មិនអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ