លោកសម រង្ស៊ីអះអាងថា នឹងចូលមកស្រុកវិញនៅពេលអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានបង្ហើបឱ្យដឹងថា លោកនឹងវិលមកប្រទេសកម្ពុជាវិញ នៅពេលណាដែលសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBAជាផ្លូវការពីកម្ពុជា។ ការអះអាងរបស់លោកសម រង្ស៊ីនេះ ធ្វើឡើងស្របពេលដែលអ្នកគាំទ្រមួយចំនួននៅអាមេរិក គ្រោងរៀបចំពិធីប្រសិទ្ធិពរជ័យឱ្យលោកវិលមកកាន់កម្ពុជាវិញដោយជោគជ័យ។ ប៉ុន្តែគណបក្សកាន់អំណាចហៅការត្រៀមរៀបចំនេះថា ជារឿងឥតបានការ ដោយចំអកថា លោកសម រង្ស៊ី ជាមនុស្សកំសាកមិនហ៊ានចូលស្រុកនោះទេ។
តាមរយៈបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃសៅរ៍ លោកសម រង្ស៊ី បានអះអាងឱ្យដឹងថា ពេលវេលាអំណោយផលសម្រាប់ការវិលត្រឡប់ចូលស្រុករបស់លោក គឺនៅពេលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA គួបផ្សំនឹងអាមេរិកអនុវត្តវិធានការដែលរៀបចំយ៉ាងជាក់ស្តែងមកលើកម្ពុជា។ លោក សម រង្ស៊ី យល់ថា ពេលនោះ កម្ពុជានឹងមានវិបត្តិយ៉ាងធ្ងន់ធ្ងរ តាមរយៈការងើបបះបោររបស់ប្រជាពលរដ្ឋ ជាពិសេស កម្មករនិយោជិត។ ជាមួយគ្នានេះ លោកក៏បានអះអាងជាថ្មីទៀតថា ការចូលមកវិញរបស់លោកនេះ គឺមានការមើលការខុសត្រូវ និង ការពារពីសំណាក់អន្តរជាតិ។
ការអះអាងពីការវិលត្រឡប់មកកម្ពុជាវិញរបស់លោកសម រង្ស៊ីជាថ្មីនេះ ធ្វើឡើងស្របពេលដែលអ្នកគាំទ្រមួយចំនួននៅអាមេរិក គ្រោងនឹងរៀបចំធ្វើពិធីប្រសិទ្ធិពរជ័យដល់លោកឱ្យវិលចូលស្រុកខ្មែរវិញបានដោយជោគជ័យ។ ពិធីនេះ គ្រោងរៀបចំធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះនៅក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។ អ្នករៀបចំពិធីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរផ្សេងទៀតដែលកំពុងរស់នៅសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ទៅចូលរួមក្នុងពិធីនេះផងដែរ។
ក៏ប៉ុន្តែ លោកសុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការត្រៀមរៀបចំពិធីនេះថា ជារឿងឥតបានការ។ ឥតបានការ គឺដោយសារតែលោកលើកឡើងថា លោកសម រង្ស៊ី មិនហ៊ានចូលមកប្រទេសកម្ពុជាវិញនោះទេ ព្រោះជាមនុស្សកំសាក។
ចំណែក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញ កន្លងមកក៏ធ្លាប់បានចំអកដាក់លោកសម រង្ស៊ីដែរ ថាមិនហ៊ានមកកម្ពុជាវិញឡើយ។ ប៉ុន្តែជាមួយនឹងការចំអកនេះ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសដង្ហោយហៅលោកសម រង្ស៊ីឱ្យចូលកម្ពុជាវិញដែរ ដោយលោកបានអះអាងថា អាជ្ញាធរបានត្រៀមខ្នោះ និងពន្ធនាគាររួចហើយដើម្បីទទួលវត្តមាន លោក សម រង្ស៊ី ពេលមកដល់ប្រទេសកម្ពុជាវិញ តាមដីការបស់តុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ