កម្ពុជា

លោក​​សម រង្ស៊ី​ ​ចេញមុខ​​អំពាវនាវ​​កុំ​​ឲ្យ​​សាធារណជន​​ឲ្យ​​​តម្លៃ​​លើ​​សារ​​និង​​សំឡេង​​ដែល​​បែក​ធ្លាយ​

លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook

ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចេញមុខ​ទទួលស្គាល់​ការពិត​ចំពោះ​សារ​ជា​សំឡេង​ដែល​បែកធ្លាយ​ជាមួយ​លោក​កឹម សុខា​នោះ នៅ​រសៀល​នេះ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ចេញ​មុខមក​ដែរ​ដោយ​អំពាវនាវ​ដល់​សាធារណជន​កុំ​ឲ្យ​តម្លៃ​ទៅ​លើ​​សារ​និង​សំឡេង​ដែល​បែកធ្លាយ​ទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

“សូម​បងប្អូន កូនក្មួយ កុំ​ឲ្យ​តម្លៃ​ចំពោះ​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​ឬ​ជា​សំឡេង​ដែល​គេ​ប្រឌិត​ឬ​កាត់ត យកមក​ផ្សព្វផ្សាយ​ក្រៅ​បរិបទ​របស់​វា ហើយក៏​កុំ​ជឿ​ការបកស្រាយ​អកុសល​និង​ការ​ញុះញង់​ទាំងឡាយ​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ"។ នេះ​គឺជា​ការអំពាវនាវ​រប​ស់លោក​សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ទៅកាន់​សាធារណជន។ លោក​អតីត​ប្រធាន​បក្សប្រឆាំង​ដែល​ទើបតែ​លាលែង​ពី​តំណែង​រូបនេះ ក៏បាន​គូសបញ្ជាក់​បន្ថែម​ពីលើ​ការអំពាវនាវ​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ​ដដែល​ពីព្រោះ​អ្នកស្នេហាជាតិ និង​អ្នក​ស្រលាញ់​យុត្តិធម៌​ទាំងអស់​យល់ច្បាស់​ថា ឯក​ភាពជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​សង្គ្រោះ​ជាតិ​ទាំងអស់គ្នា។

ជាមួយគ្នានេះ លោក​សម រង្ស៊ី បាន​អះអាង​ដែរ​ថា ទោះ​ជាមាន​តំណែង​ជា​ប្រធាន​ឬ​គ្មាន​តំណែង​អ្វី​ក្នុង​បក្ស​ក៏ដោយ ក៏​លោក​កឹម សុខា និង​រូបលោក​នៅតែ​ជា​មនុស្ស​តែមួយ​គឺជា​ដៃគូ​ស្លា​ប់រស់ ដើម្បី​សង្គ្រោះ​ជាតិ។ លើសពីនេះទៅទៀត លោក​សម រង្ស៊ី បាន​និយាយ​បញ្ឆិតបញ្ឆៀង​ថា ដោយសារតែ​ខាងគេ​ម្ខាង​ទៀត​នោះ រក​វិធី​អ្វី​មិនបាន​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះខ្សោយ ទើប​ពួកគេ​មានតែ​ប្រើល្បិច ដែល​លោក​សម រង្ស៊ី ហៅថា “កាន់តែ​ថោកទាប"។

ចំណែក​លោក​កឹម សុខា ដែល​ទើបតែ​ឡើងកាន់តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជនសង្ស័យ​នៅក្នុង​សារ និង​សំឡេង​ដែល​បែកធ្លាយ​នោះ​វិញ មិនបាន​បញ្ចេញ​ប្រតិកម្មចំៗណាមួយ​ទេ​ទាក់ទង​ទៅនឹង​សារ​ទាំងនោះ។ តែ​ទោះជា​យ៉ាងណា លោក​ប្រធាន​ថ្មី​បក្សប្រឆាំង​រូបនេះ បញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​កើតឡើង​ពី​ការរួបរួម​គ្នា។ លោក​គូសបញ្ជាក់​បន្ថែមថា អ្វីៗគណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​សម្រេច ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រតិកម្ម​ពី​សំណាក់​អតីត និង​ពី​សំណាក់​ប្រធាន​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញមុខ​ទទួលស្គាល់ថា​សំឡេង​ដែល​បែកធ្លាយ​រវាង​រូបលោក និង​លោក កឹម សុខា កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ គឺជា​ការពិត។ សំឡេង​សន្ទនា​គ្នា​នោះ ត្រូវបាន​បញ្ចេញ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា សីហា ។ វា​គឺជា​សំឡេង​សន្ទនា​គ្នា​មាន​រយៈពេល​ជាង២០នាទី ដែល​បាន​រៀបរាប់​ពី​សេនា​រី​យ៉ូ(Scenario)ក្នុងការ​ឆ្ពោះទៅ​ក្តោប​ក្តាប់​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​កឹម សុខា នឹង​ការ​ផាត់​លោក​សម រង្ស៊ី ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI