កម្ពុជា

លោក​​សម រង្ស៊ី​​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ​​គាំទ្រ​“​ចលនា​​សង្គ្រោះ​ជាតិ”​ ខណៈ​​មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​ខ្លះ​​ប្រកាស​​មិន​​ចូល​រួម​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

នៅក្នុង​វេទិកា​ជួបជុំ​មួយ​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី១៣ មករា លោក​សម រង្ស៊ី ដែល​ធ្លាប់ជា​ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​គាំទ្រ​និង​ចូលរួម​ជាមួយ"ចលនា​សង្គ្រោះ​ជាតិ” ដែល​ទើ​បង្កើតឡើង​ថ្មី។ ប៉ុន្តែ​ទន្ទឹមនឹង​ការអំពាវនាវ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អតីត​បក្សប្រឆាំង​នៅ​អាមេរិក​ចំនួន៥០នាក់ បានប្រកាស​មិន​ចូលរួម​ទៅវិញ។ ការប្រកាស​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី១៣ មករា គឺ​ក្រោយ​មួយថ្ងៃ​នៃ​ការប្រកាស​បង្កើត“ចលនា​សង្គ្រោះ​ជាតិ។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក និង​តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​សម រង្ស៊ី បាន​អះអាងថា “ចលនា​សង្គ្រោះ​ជាតិ”នេះ គឺជា​ក្របខណ្ឌ​ថ្មី​មួយ​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​បាន​ហើយក៏​គ្មាន​នរណា​អាចរំលាយ​បានដែរ សូម្បីតែ​លើ​ក្រដាស​ក៏​មិនអាច​ធ្វើ​អ្វី​បានឡើយ។ បន្ថែម​លើ​នេះ លោក​សម រង្ស៊ី បាន​គូសបញ្ជាក់ថា “ចលនា​សង្គ្រោះ​ជាតិ” នេះ ក៏​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​ធ្វើបាតុកម្ម និង​កូដកម្ម និង​អាច​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ឈរ​នៅ​ខាង​ប្រជារាស្ត្រ។ ដូច្នេះហើយ លោក​សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ទាំងអស់​មក​គាំទ្រ និង​ចូលរួម​ជាមួយ​ចលនា​ថ្មី​នេះ។

ផ្ទុយ​ពី​ការអំពាវនាវ​នេះ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅតាម​រដ្ឋ​នានា​នៅ​សហរដ្ឋអាមេរិក​ចំនួន៥០នាក់​ក្នុងនោះ​ក៏មាន​អតីត​តំណាងរាស្ត្រ​ចំនួន៣រូប​ផង បានប្រកាស​មិន​ចូលរួម​ចលនា​នេះ​ទេ។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ទី១៣ មករា ពោលគឺ​ក្រោយ​មួយថ្ងៃ​ដែល“ចលនា​សង្គ្រោះ​ជាតិ”ត្រូវបាន​ប្រកាស​បង្កើត​ឡើង​នោះ ក្រុមមន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ អះអាងថា ពួកគេ​នៅតែ​បន្ត​ការតស៊ូ​នយោបាយ​ក្នុង​ក្របខណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច និង​គ្រប់​កាលៈទេសៈ ហើយ​ថា ពួកគេ​មិន​ចូលរួម​ជាមួយ​ចលនា ឫ​ក្រុម​អ្នកនយោបាយ​ណាមួយ​ក្រៅតែពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ។ លើសពីនេះ​ទៀត ពួកគេ​ក៏បាន​អំពាវនាវ​ដល់​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ចំពោះ​លោក​សម រង្ស៊ី​វិញ លោក​ថា “ចលនា​សង្គ្រោះ​ជាតិ” និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​តែមួយ​ទេ ហើយ​ចលនា​នេះ នឹង​ផ្តល់​ភាពកក់ក្តៅ និង​សេចក្តីសង្ឃឹម​ឡើងវិញ​ដល់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់។ លោក​សម រង្ស៊ី បញ្ជាក់ទៀតថា “ចលនា​សង្គ្រោះ​ជាតិ” នឹង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​បាន​ច្រើនជាង​មុន​ទៅទៀត ពីព្រោះ​រូបភាព​ជា​ចលនា​អាច​ទទួល​សមាជិក​ពី​មជ្ឈដ្ឋានផ្សេងៗ ដូចជា​សង្គម​ស៊ីវិល​ជាដើម។ បើតាម​លោក​សម រង្ស៊ី ដដែល “ចលនា​សង្គ្រោះ​ជាតិ”នេះ នឹង​រៀបចំ​ក្បាលម៉ាស៊ីន​របស់​ខ្លួន​ដែល​ភាគច្រើន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធានា​ឲ្យ​មានការ​ទាក់ទង​គ្នា​ប្រកបដោយ​សេរីភាព ដោយ​ចំហ​ទូលំទូលាយ និង​រលូន ហើយក៏​អាចធ្វើ​សេចក្តីសម្រេច​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​រហ័ស​ទាន់ពេលវេលា​ផងដែរ។

សូមបញ្ជាក់ថា “ចលនា​សង្គ្រោះ​ជាតិ” ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​បក្សប្រឆាំង​ចំនួន៩រូប​កាលពី​ថ្ងៃទី១២ មករា​ក្នុង​គោលបំណង​ទាមទារ​យក​គណបក្ស​ស​ង្គ្រោះ​ជាតិ​មកវិញ ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា និង​អ្នកទោស​របស់​អតីត​គណបក្សប្រឆាំង​ផ្សេងទៀត។ ចលនា​នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ចាត់ទុកថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់។ ក៏ប៉ុន្តែ​លោក​អេង ឆៃអ៊ាង ដែលជា​សហ​ស្ថាបនិក​ម្នាក់​នៃ“ចលនា​សង្គ្រោះ​ជាតិ”បាន​អះអាងថា ចលនា​នេះ នឹងមិន​វិ​វត្ត​ខ្លួន​ទៅជា​អង្គការ​បដិវត្ត ឬក៏​ក្លាយខ្លួន​ទៅជា​គណបក្ស​ថ្មី​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អត់​ដែរ។ បើតាម​លោក​អេង ឆៃអ៊ាង នៅពេលណា​ដែល​រាល់​ការទាមទារ​ទាំងអស់​ស​ម្រេច​បាន នោះ​ចលនា​នេះ​នឹង​រំលាយ​ខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI