លោកសម រង្ស៊ី ប្រកាសសុំឲ្យអ្នកគាំទ្រការពារជំហរ“សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ”
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី កាលពីយប់មិញ បានចេញមុខមកប្រកាសស្នើសុំឲ្យអ្នកគាំទ្ររបស់ខ្លួលចូលរូមការពារជំហរសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយឲ្យបានរឹងមាំ។ ការប្រកាសរបស់លោកសម រង្ស៊ី នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអតីតបក្សប្រឆាំង និងគណបក្សកាន់អំណាចអះអាងថា “សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ”នេះ គឺគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះដែលតាមការពិតបានបែកបាក់គ្នាទៅហើយ។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃសៅរ៍ លោកសម រង្ស៊ី បានអំពាវនាវសុំឲ្យជនរួមជាតិ និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងទាំងអស់ចូលរួមលើកតម្កើង និងការពារពាក្យស្លោក"សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ" ឲ្យរឹងមាំដាច់ខាតកុំឲ្យគេប៉ះពាល់បាន។ លោកសម រង្ស៊ី បានអំពាវនាវយ៉ាងដូច្នេះ ក្រោយពីលោកបានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែខិតខំបំបែករូបលោកពីលោកកឹម សុខា ហើយថា នៅពេលនេះ គណបក្សប្រជាជនកម្ពុជាកំពុងតែវាយប្រហារយ៉ាងខ្លាំងមកលើជំហរ និងពាក្យស្លោក“សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”ទៀត។
ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ លោកសុខ ឥសាន ដែលជាអ្នកនាំពាក្យបានបរិហារថា ទំនាក់ទំនងរវាងលោកសម រង្សីនិងលោកកឹម សុខា បានឈានមកដល់ផ្លូវបំបែកហើយ។ លោកសុខ ឥសានលើកឡើងដូចនេះដោយផ្អែកទៅតាមការអះអាងរបស់លោកគង់ គាំ ដែលជាទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងធ្លាប់ជាមនុស្សជំនិតរបស់លោកសម រង្ស៊ីផង។ អ្នកនាំពាក្យបក្សកាន់អំណាច បានកត់សម្គាល់ថា ទំនាក់ទំនងរវាងលោកសម រង្ស៊ី និងលោកកឹម សុខា ប្រៀបដូចទឹកនិងប្រេងអ៊ីចឹង ហើយថាបើទោះបីលោកសម រង្សី នៅតែព្យាយាមនិយាយដដែលៗថា “សម រង្សីនិងកឹម សុខាជាមនុស្សតែមួយ”ក៏ដោយ ក៏ការពិតនៅតែបែងចែកគ្នាដដែល។
គួរកត់សម្គាល់ថា ទំនាក់ទំនងរវាងលោកសម រង្ស៊ី និងលោកកឹម សុខា ឫហៅបែបម្យ៉ាងទៀតថា"សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ"នេះ ត្រូវបានគេលើកមកជជែកវែកញែកយ៉ាងព្រោងព្រាត ក្រោយពីលោកសម រង្ស៊ី ត្រូវបានតែងតាំងជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិទាំងដែលលោកកឹម សុខា និងអ្នកគាំទ្រលោកមិនគាំទ្រ។ តែទោះជាយ៉ាងណា លោកសម រង្ស៊ី ក្នុងនាមជាប្រធានស្តីទីថ្មីរបស់អតីតបក្សប្រឆាំងតែងតែធ្វើសកម្មភាពនានា ដើម្បីជំរុញឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជាក្នុងនោះ មានការទាមទារឲ្យដោះលែងលោកកឹម សុខាផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃសៅរ៍ដដែល លោកសម រង្ស៊ី បានអះអាងដោយខ្លួនឯងថា លោកកឹម សុខា ទំនងត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ខំចិត្តដោះលែងក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ។ ប៉ុន្តែកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចហើយថា លោកកឹម សុខា នឹងមិនត្រូវបានដោះលែងដូចលោកសម រង្ស៊ីថានោះទេ។ តាមលោកនាយករដ្ឋមន្ត្រី សំណុំរឿងលោកកឹម សុខា គឺជាសមត្ថកិច្ចរបស់តុលាការដែលលោកមិនអាចលូកដៃបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ