លោកស ខេង៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចង់ឲ្យកែរដ្ឋធម្មនុញ្ញបីចំណុចនាពេលខាងមុខ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីបានបង្កើតក្រុមការងារសិក្សារដ្ឋធម្មនុញ្ញដើម្បីស្វែងរកលទ្ធភាពធ្វើវិសោធនកម្មនោះ លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់ឲ្យកែចំណុចចំនួន៣នៅក្នុងរដ្ឋធម្មនុញ្ញ នាពេលខាងមុខនេះ។ លោកស ខេង បានបញ្ជាក់ដូច្នេះនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងដែនដី ដែលរៀបចំធ្វើកាលពីម្សិលមិញ។
ចំណុចទាំងបីដែលប្រមុខរដ្ឋាភិបាលកម្ពុជាចង់ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រួមមាន៖ ទី១ គឺទាក់ទងនឹងសមាសភាពរដ្ឋាភិបាល។ គឺលោកនាយករដ្ឋមន្ត្រីកម្ពុជាចង់កាត់បន្ថយរដ្ឋលេខាធិការក្រោមអំណាចខ្លួនឯងតែម្តង ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋសភាដូចសព្វមួយដងទៀតឡើយ។ ចំណែកចំណុចទី២ គឺបញ្ហាការយកកម្ពុជាទៅបៀបប្រដូចទៅនឹងប្រទេសមួយចំនួនដែលកំពុងហែកហួរដោយសង្គ្រាម។ ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រីស ខេង បានលើកឡើងដោយសំដៅទៅកាន់កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ដែលបានយកកម្ពុជាទៅប្រៀបប្រដូចទៅនឹងប្រទេសអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ ស៊ីរី លីប៊ី និងប្រទេសមួយចំនួនទៀត ដែលសុទ្ធសឹងតែកំពុងមានវិបត្តិ។ សម្រាប់លោកស ខេង កញ្ញាកឹម មនោវិទ្យា កំពុងមានគំនិតអគតិមកលើប្រទេសកម្ពុជា។
ដោយឡែកចំពោះចំណុចទី៣ វិញ គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់ឲ្យមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដោយមិនត្រូវឲ្យមានបុគ្គលណាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិកម្ពុជា ទាំងពីក្នុងប្រទេសក្តី និងក្រៅប្រទេសក្តី។ ត្រង់ចំណុចនេះដែរ លោក ស ខេង ក៏ចង់សំដៅលើកញ្ញាកឹម មនោវិទ្យា ដែលលោកចោទថា រៀនសូត្របានច្រើន តែរស់នៅដោយ "គំនិតស្មោកគ្រោកលក់ឧត្តមគតិ"។ ការលើកឡើងរបស់លោក ស ខេង នេះ ធ្វើឡើងបន្ទាប់ពីកញ្ញាកឹម មនោវិទ្យា បានស្នើអង្គការសហប្រជាជាតិព្យួរអាសនៈរបស់កម្ពុជា និងសកម្មភាពរបស់មន្រ្តីអតីតបក្សប្រឆាំងផ្សេងទៀតនៅក្រៅប្រទេស ដែលលោកស ខេង អះអាងថា ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសកម្ពុជា។
កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា និងអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតដែលកំពុងស្ថិតនៅក្រៅប្រទេស មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេចំពោះបញ្ហានេះ។ យ៉ាងណាក៏ដោយ អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិតឡៅ ម៉ុងហៃ យល់ថា ការកែរដ្ឋធម្មនុញ្ញទាំងពេលកន្លងមក និងគម្រោងថ្មីនេះទៀតសោត គឺសុទ្ធតែជាការបង្កើនអំណាចកាន់ច្រើនបន្ថែមទៀតទៅឲ្យរដ្ឋាភិបាល ដែលជាអង្គនីតិប្រតិបត្តិ។ ចំណែកលោកបណ្ឌិត គិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ដែលចាត់ទុករដ្ឋធម្មនុញ្ញកម្ពុជាថាជារដ្ឋធម្មនុញ្ញទន់នោះ យល់ថា ការកែរដ្ឋធម្មនុញ្ញខ្លះមិនមែនសុទ្ធតែផ្តល់អំណាចបន្ថែមដល់រដ្ឋាភិបាលនោះទេ ប៉ុន្តែក៏អាចធ្វើឡើងដើម្បីជាផលប្រយោជន៍ដល់ជាតិផងដែរ។
សូមបញ្ជាក់ថា បំណងចង់ឲ្យមានការកែរដ្ឋធម្មនុញ្ញរបស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ បានកើតឡើងក្រោយពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏បំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានរំលាយចោល និងបន្ទាប់ពីតំណែងតំណាងរាស្ត្រទាំងអស់នៅក្នុងរដ្ឋសភារបស់បក្សប្រឆាំងត្រូវបានចែកទៅឲ្យសមាជិកបក្សផ្សេងទៀតអង្គុយជំនួស។ ហេតុដូច្នេះហើយ គេជឿជាក់ថា ការចង់កែរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺជាការងាយស្រួល។ ងាយស្រួល ក៏ព្រោះគេយល់ថា សមាជិកក្នុងរដ្ឋសភាទាំងអស់នឹងគាំទ្រការស្នើឡើងដោយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមិនខានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ