អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាមិនបានអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានទ័ពនៅខេត្តកោះកុងទេ
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះព័ត៌មានបរទេសមួយដែលបានចុះផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅក្នុងខេត្តកោះកុង។ នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជាបានបដិសេធចំពោះព័ត៌មានខាងលើនេះ។ ក្រៅតែពីបដិសេធ អ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកការចុះផ្សាយនេះថា គឺជាការលាបពណ៌ ដែលធ្វើឱ្យពិភពលោកមានការភាន់ច្រឡំចំពោះកម្ពុជា និងជាការរំខានដល់ការអភិវឌ្ឍរបស់ប្រទេស។
តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ១១ ឧសភា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានហៅការផ្សព្វផ្សាយនេះថា គឺជាការលាបពណ៌យ៉ាងគឃ្លើនរបស់គេហទំព័រ War On The Rocks។ ក្រៅតែពីបដិសេធព័ត៌មាននេះហើយ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានចាត់ទុកការចុះផ្សាយនេះថា គឺជាចេតនានយោបាយទុច្ចរិតធ្វើឲ្យពិភពលោកមានការភាន់ច្រឡំចំពោះប្រទេសកម្ពុជា ព្រមទាំងប៉ុនប៉ងរំខានដល់ការអភិវឌ្ឍរបស់ប្រទេស និងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលនឹងមកកាន់ប្រទេសកម្ពុជា កាន់តែច្រើននាពេលខាងមុខ។ នេះគឺជាប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ប្រតិកម្មជាថ្មីនេះ បានកើតឡើងបន្ទាប់ពីសារព័ត៌មាន Online សរសេរជាភាសាអង់គ្លេសឈ្មោះ War On The Rocks បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី ០៩ ឧសភាថា កម្ពុជាបានអនុញ្ញាតឲ្យប្រទេសចិនសាងសង់មូលដ្ឋានយោធាជើងទឹកចិននៅក្នុងខេត្តកោះកុង។ ដោយមានរូបភាពពីផ្កាយរណបផង សារព័ត៌មាននេះបានចុះផ្សាយថា ចំងល់នៅតែកើតមាន បន្ទាប់ពីរូបភាពផ្កាយរណបបានបង្ហាញពីការសាងសង់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តកោះកុង ដោយក្រុមអ្នកវិនិយោគិនចិន។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចាត់ទុកការចុះផ្សាយរបស់គេហទំព័រអនឡាញបរទេសមួយនេះថា កំពុងព្យាយាមផ្សព្វផ្សាយដោយចោទប្រកាន់ និងមួលបង្កាច់ មកលើរដ្ឋាភិបាលកម្ពុជា បើទោះបីជារដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ និងដោយមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលប្រទេស មកសំអាងយ៉ាងណាក៏ដោយ។ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានហៅតំបន់ដែលរងការចោទប្រកាន់នោះថា គឺជាគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ ដែលវិនិយោគទុនរាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនចិន ដើម្បីរួមចំណែកលើកកម្ពស់និងអភិវឌ្ឍវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
គួរជំរាបជូនថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជាបានចេញមុខប្រតិកម្ម និងច្រានចោលចំពោះព័ត៌មានខាងលើនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់រួចហើយថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសទៀតថា កម្ពុជាក៏មិនកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ