រដ្ឋមន្ត្រីអនុតំបន់មេគង្គជួបប្រជុំគ្នានៅខេត្តសៀមរាប ជជែកពីការបំពុលផ្សែងអ័ព្ទឆ្លងដែន
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្ត្រីអនុតំបន់ទន្លេមេគង្គ ដែលរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសម៉ីយ៉ាន់ម៉ា បានជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាប នាថ្ងៃទី ២៤ ឧសភា នេះ ដោយផ្តោតលើការបំពុលផ្សែងអ័ព្ទឆ្លងដែន។ សូមបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី០៨ នៃរដ្ឋមន្ត្រីអនុតំបន់មេគង្គ ក្រោមការរៀបចំឡើងដោយក្រសួងបរិស្ថានកម្ពុជា ដោយមានការចូលរួមពី អភិបាលខេត្តសៀមរាប ព្រមទាំងគណៈប្រតិភូមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន សរុបចំនួន៦០រូប។
តាមរយៈកិច្ចប្រជុំនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានលើកឡើងថា ប្រទេសនៅក្នុងអនុតំបន់មេគង្គមានប្រព័ន្ធអេកូឡូស៊ីដ៏សំបូរបែប និងធនធានធម្មជាតិជាច្រើន។ តួយ៉ាង តំបន់ដីសើមទឹកសាប តំបន់ដីមមោគ តំបន់ឆ្នេរសមុទ្រ ធនធានព្រៃឈើ ធនធានជលផល និងធនធានរ៉ែ ដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពជីវិតមនុស្ស។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិទាំងនេះ កំពុងទទួលរងផលប៉ះពាល់ពីការពង្រីកផ្ទៃដីកសិកម្ម ការពង្រីកទីក្រុង ការរីកលូតលាស់របស់វិស័យឧស្សាហកម្ម ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងជាពិសេស ការបំពុលផ្សែងអ័ព្ទឆ្លងដែន ដោយសារភ្លើងឆេះព្រៃជាដើម។
ឆ្លើយតបនឹងបញ្ហាទាំងនេះ និងដើម្បីទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នារបស់ប្រទេសទាំងអស់នៅក្នុងអនុតំបន់មេគង្គ និងដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២០ ដែលមានភាពស្រស់ស្អាត និងបៃតង លោករដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន តាមរយៈការរៀបចំបទប្បញ្ញត្តិ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងវិធានការបង្ការ តាមដាន និងកាត់បន្ថយភ្លើងឆេះព្រៃជាដើម។
គួរជំរាបជូនថា ករណីខ្យល់ពុល ឬ ការបំពុលបរិស្ថានដោយផ្សែងអ័ព្ទ ធ្លាប់បានកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ កាលពីអំឡុងខែមករាកន្លងទៅ ដែលបានបង្ខំឲ្យអាជ្ញាធរថៃប្រកាសបិទសាលារៀនរដ្ឋចំនួន៤៣៧កន្លែង និងបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចេញទៅកន្លែងទីសាធារណៈទៀតផង។ ខ្យល់ពុល ដែលបានវាយប្រហារលើទីក្រុងបាងកកកាលណោះ បានបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ពិសេសខាងផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ។ ទោះបីជាកម្ពុជានៅមិនទាន់រងការបំពុលដោយផ្សែងអ័ព្ទនេះក្តី ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ រំពឹងទុកថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីអនុតំបន់មេគង្គ ដែលបានបើកធ្វើនៅខេត្តសៀមរាបនេះ នឹងពិនិត្យមើលវឌ្ឍនាភាពការងាររបស់ខ្លួន ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃកន្លងមក និងពិភាក្សាលើគំនិតផ្តួចផ្តើម ព្រមទាំងអនុសាសន៍នានា ដែលក្រុមការងារបច្ចេកទេសបានខិតខំប្រឹងប្រែងរៀបចំឡើង សំដៅធ្វើឱ្យអនុតំបន់មេគង្គលែងមានការបំពុលផ្សែងអ័ព្ទតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ