កម្ពុជា-បោះឆ្នោត

អង្គការ​ការពារ​អ្នក​កាសែត រិះគន់​រដ្ឋាភិបាល​កម្ពុជា បិទ​គេហទំព័រ​ព័ត៌មាន​នៅ​មុន​ការ​បោះ​ឆ្នោត

វេបសាយ​វិទ្យុ​VOD​,VOA ​និង​អាស៊ីសេរី ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​
វេបសាយ​វិទ្យុ​VOD​,VOA ​និង​អាស៊ីសេរី ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​ @RFI

គណៈកម្មការ​ការពារ​អ្នក​កាសែត (Committee to Protect Journalists) នៅ​ថ្ងៃ​ទី ៣០ កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បិទ​ខ្ទប់​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន នៅ​មុន​និង​ថ្ងៃ​បោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ។ អង្គការ​ការពារ​អ្នក​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រឹត​ត្បិត និង​បំពាន​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​បន្ត​ទៅ​ទៀត។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន តំណាង​គណៈកម្មការ​ការពារ​អ្នក​កាសែត (CPJ) ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ លោក Shawn Crispin បាន​លើក​ឡើង​ថា «នៅ​ក្នុង​អ្វី​ដែល​គេ​ចង់​បិទ​បាំង​មុខ​មាត់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា អាជ្ញាធរ​កម្ពុជា​បាន​មមាញឹក​ខ្លាំង ក្នុង​ការ​តាម​ចាប់​ពិរុទ្ធភាព​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នៅ​កម្ពុជា»។ លោក​បន្ត​ថា «ប្រសិន​បើ​កម្ពុជា​ពិត​ជា​ចង់​ឲ្យ​រូបភាព​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មាន​ពន្លឺ​នៅ​ចំពោះ​មុខ​ពិភព​លោក ពួក​គេ​គួរ​តែ​បញ្ឈប់​ចាប់​ពី​ឥឡូវ​នេះ​ទៅ នូវ​ការ​ធ្វើ​ទុក​បុក​ម្នេញ ឬ​ចាប់​ពិរុទ្ធភាព នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ»។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​អ្នក​កាសែត (CPJ) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ គឺ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​សម្រេច​បិទ​គេហទំព័រ​ព័ត៌មាន​ធំៗ​ចំនួន​១៧​ស្ថាប័ន ចាប់​ពី​ម៉ោង​១២​យប់ ថ្ងៃ​ទី ២៧ កក្កដា រហូត​ដល់​ម៉ោង​១២​យប់ ថ្ងៃ​ទី ២៩ កក្កដា។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ក្រសួង​ព័ត៌មាន​ថា ការ​បិទ​ខ្ទប់​គេហទំព័រ​ទាំង​១៧ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​រក្សា​ភាព​ស្ងប់​ស្ងាត់​នៅ​ថ្ងៃ ស និង​នៅ​ថ្ងៃ​បោះ​ឆ្នោត តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប។ ក្នុង​ចំណោម​គេហទំព័រ​ទាំង​១៧​នោះ មាន​ជា​អាទិ៍៖ គេហទំព័រ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA គេហទំព័រ​វិទ្យុ​អាស៊ី​សេរី និង​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ដើម។ ប៉ុន្តែ គេហទំព័រ​មួយ​ចំនួន បាន​អះអាង​ថា គេហទំព័រ​របស់​ខ្លួន ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ តាំង​ពី​មុន​ម៉ោង​១២​យប់ ថ្ងៃ​អាទិត្យ ​ទី​២៩ កក្កដា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច​រាល់។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៦ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូល​រួម ប៉ុន្តែ​មិន​មាន អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​នោះ​ឡើយ។ ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ចេញ​ផ្សាយ​ដោយ គជប គិត​ត្រឹម​ថ្ងៃ​ទី ៣០ កក្កដា បង្ហាញ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់ ដែល​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ ជាង​៤​លាន​៨​សែន​សម្លេង ស្មើ​នឹង ៧៧.៧៧% នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជាង​៦​លាន​៩​សែន​នាក់ ឬ​ស្មើ​នឹង ៨២.៨៩%​នៃ​ចំនួន​អ្នក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាង​៨​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI