មុនទិវាប្រឆាំងអំពើពុករលួយ៩ធ្នូ៖សង្គមស៊ីវិលថា ការសម្អាតអំពើពុករលួយនៅកម្ពុជាធ្វើតែលើមន្រ្តីតូចតាច
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី០៩ ធ្នូស្អែកនេះ គឺជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក៏ដូចជារៀងរាល់ឆ្នាំនេះដែរ នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជាក៏នឹងប្រារព្ធទិវានេះដែរក្រោមប្រធានបទ«រួមគ្នាលើកស្ទួយការផ្តល់សេវាសាធារណៈល្អ»។ ប៉ុន្តែមុនទិវានេះមកដល់ អង្គការសង្គមស៊ីវិលនៅកម្ពុជា បានកត់សម្គាល់ថា បញ្ហាប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាមិនទាន់អនុវត្តឱ្យបានពេញលេញនៅឡើយទេ ពោល គឺអនុវត្តបានតែលើមន្រ្តីតូចតាចតែប៉ុណ្ណោះ។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO) បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា អង្គការក្រៅរដ្ឋាភិបាលទទួលស្គាល់នូវការធ្វើការងារប្រយុទ្ធប្រឆាំង និង បង្រ្កាបបទល្មើសពុករលួយរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នាពេលកន្លងមកនេះ។ ប៉ុន្តែលោកថា ការបង្រ្កាបទាំងអំបាលម៉ាណមកនេះ គឺមិនទាន់ឆ្លើយតបទៅនឹងទំហំនៃអំពើពុករលួយដែលប្រព្រឹត្តឡើងដោយមន្រ្តីរាជការទាំងស៊ីវិល និង យោធានៅឡើយទេ។
ចំណែក លោកស៊ឹង សែនករុណា ដែលជាមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុកវិញ យល់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់អាជ្ញាធរកម្ពុជាហាក់ដូចជាធ្វើឡើងមិនមានលក្ខណៈទូទៅ និង ទូលំទូលាយនោះឡើយ ពោល គឺធ្វើឡើងតាមតែពាក្យបណ្តឹង ។ មិនតែប៉ុណ្ណោះ លោកក៏គូសបញ្ជាក់ដែរថា ការបង្រ្កាបបទល្មើសពុករលួយនាពេលកន្លងមក គឺធ្វើឡើងតែទៅលើមន្រ្តីតូចតាចតែប៉ុណ្ណោះ ឯមន្រ្តីគ្រាក់ៗក្នុងជួររដ្ឋាភិបាលវិញមិនត្រូវបានបង្រ្កាបនោះទេ។
ជុំវិញការលើកឡើងរបស់មន្រ្តីអង្គការសង្គមស៊ីវិលទាំងនេះ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ក៏ប៉ុន្តែ លោកផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងទាំងនេះថា ជាការអះអាងមិនសុចរិតនឹងវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ លោកផៃ ស៊ីផាន បានលើកបញ្ហានៅតុលាការមកបញ្ជាក់ថា ពីមុនសម្បូរទៅដោយអំពើពុករលួយ ប៉ុន្តែចាប់តាំងពីអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានបង្កើតមក បញ្ហាអំពើពុករលួយនេះក៏ត្រូវបានបង្រ្កាប។
សម្រាប់លោកផៃ ស៊ីផាន ស្ថានភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ប៉ុន្តែលោកក៏ទទួលស្គាល់ផងដែរថា វាមិនទាន់អស់នៅឡើយទេ។ បើតាមលោកផៃ ស៊ីផាន រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបោសសម្អាតអំពើពុករលួយនេះដោយមានទាំងការបង្រ្កាប និង ការបណ្តុះនូវវប្បធម៌សុចរិត និងតម្លាភាព។ យ៉ាងណាក៏ដោយ មន្រ្តីអង្គការសង្គមស៊ីវិលខាងលើ នៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អង្គភាពប្រឆាំងអំពើពុករលួយពង្រឹងវិធានការប្រយុទ្ធប្រឆាំងរបស់ខ្លួនដោយមិនត្រូវប្រកាន់បក្ខពួក រើសអើង និង មានតម្លាភាព។ ជាមួយគ្នានេះ ពួកគេក៏ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតទៅលើមន្រ្តីរូបណាមិនថា តូចឫធំ និង ដោយមិនចាំបាច់មានពាក្យបណ្តឹង នៅពេលណាមានការសង្ស័យពីការមានទ្រព្យសម្បតិ្តច្រើនហួសមិនសមនឹងឋានៈតួនាទីនៅក្នុងជួររដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ