ពលរដ្ឋខ្មែរនៅកាណាដាធ្វើបាតុកម្មស្នើឲ្យរដ្ឋាភិបាលប្រទេសនេះបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងប្រទេសកាណាដានៅរសៀលម្សិលមិញនេះត្រូវនឹងពេលយប់ម៉ោងនៅកម្ពុជា បានធ្វើបាតុកម្មនៅពីមុខរដ្ឋសភាជាតិកាណាដា នៅក្នុងទីក្រុង អូតាវ៉ា។ គោលបំណងនៃការធ្វើបាតុកម្មនេះ គឺដើម្បីស្នើឲ្យរដ្ឋាភិបាលកាណាដាកុំទទួលស្គាល់រដ្ឋាភិបាល និង បិទទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ព្រោះបានបំពានលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែល្អ មិនមានការខូតខាតអ្វីឡើយ។
ចុះផ្សាយនៅថ្ងៃ៖
បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងប្រទេសកាណាដា ត្រូវបានដឹកនាំធ្វើដោយអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិពីររូប គឺលោកសោ វណ្ណដេត និង លោកគង់ សភា។ អ្នកធ្វើបាតុកម្មអះអាងថា គោលបំណងនៃបាតុកម្មនេះ គឺពួកគេស្នើឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយធានា ជំរុញ និងការពារសន្តិភាព សិទ្ធិសេរីភាពនិងប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា អ្នកទោសពាក់ព័ន្ធនយោបាយ និងលុបចោលបទចោទប្រកាន់នានាលើអ្នកទាំងនោះ រួមទាំងលោក សម រង្ស៊ី ។ ពួកគេទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យអតីតតំណាងរាស្ត្រ មន្ត្រី និងអតីតគណបក្សសង្គ្រោះជាតិបន្តសកម្មភាពនយោបាយឡើងវិញផងដែរ។
ជាមួយគ្នានេះ ពួកគេក៏បានស្នើសុំឲ្យរដ្ឋាភិបាលប្រទេសកាណាដា កុំឲ្យទទួលស្គាល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលក្រុមអ្នកតវ៉ាអះអាងថាកើតចេញពីការបោះឆ្នោតក្លែងក្លាយ និងប្រជាធិបតេយ្យក្លែងក្លាយ។ ម្យ៉ាងទៀត ពួកគេស្នើសុំឲ្យរដ្ឋាភិបាលប្រទេសកាណាដា បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជា និងបក្ខពួកដែលពួកគេចាត់ទុកថា បានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បាតុកម្មក៏ដូចជាសំណើទាំងអម្បាម៉ានរបស់ក្រុមអ្នកតវ៉ានេះ មិនទាន់មានការឆ្លើយពីរដ្ឋសភា និង រដ្ឋាភិបាលកាណាដានៅឡើយទេ។ ប៉ុន្តែនៅកម្ពុជាឯណេះវិញ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនបានខូចខាតទេ។ ដូច្នេះហើយ រដ្ឋាភិបាលកម្ពុជាគ្មានភាពចាំបាច់ត្រូវកែលម្អអ្វីឡើយ។
លើសពីនេះទៅទៀត លោកសុខ ឥសាន ក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋខ្មែរ។ មិនតែប៉ុណ្ណោះ លោកក៏អះអាងទៀតថា រដ្ឋាភិបាលកម្ពុជាថ្មីត្រូវបានអន្តរជាតិទទួលស្គាល់។ ទទួលស្គាល់ បើតាមលោកសុខ ឥសាន គឺតាមរយៈការអញ្ជើញប្រមុខរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ ការផ្ញើសារជូនពរនិងអបអរសាទរពីបណ្តាមេដឹកនាំប្រទេសនានា និងការសម្រេចឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ ដែលនេះលោកសុខ ឥសានថា អន្តរជាតិទទួលស្គាល់ និងផ្តល់កិត្តិយសដល់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ