គជប ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ លើការចុះឈ្មោះបោះឆ្នោតថ្មី
ចុះផ្សាយនៅថ្ងៃ៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គជប) បានសម្រេចធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតថ្មី។ ការផ្តល់អំណាចក្នុងការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរបស់អាជ្ញាធរឃុំសង្កាត់កាលពីពេលមុន ត្រូវទទួលរងនូវការរិះគន់ថា បានធ្វើឲ្យបាត់ឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែមន្ត្រី គជប បានអះអាងថា ការធ្វើប្រតិភូកម្មអំណាចក្រោម គជប ថ្មីនេះ នឹងមិនផ្តល់អំណាចច្រើនដល់ពួកគេទៀតទេ។
ការចុះឈ្មោះបោះឆ្នោតថ្មី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ខែកញ្ញាតទៅ នៅតាមឃុំសង្កាត់ចំនួន១៦៣៣ឃុំ។ យោងតាមប្រតិទិននៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គជប) ចុះថ្ងៃទី៣១ឧសភាបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ខែសីហាខាងមុខនេះតទៅ គជប នឹងចាប់ផ្តើមចែកលិខិតអញ្ជើញដល់អ្នកចុះឈ្មោះបោះឆ្នោតថ្មី ហើយក៏ជាពេលវេលាដ៏មមាញឹក ដែល គជប ត្រូវបំពេញការងាររបស់ខ្លួន រហូតដល់ខែកុម្ភៈឆ្នាំ២០១៧ ដើម្បីត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦។
ទន្ទឹមគ្នានេះ គជប ក៏បានសម្រេចធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការពិនិត្យនិងចុះឈ្មោះបោះឆ្នោត ដែលកន្លងមកត្រូវបានគេរិះគន់ថា បានធ្វើឲ្យបាត់ឈ្មោះអ្នកបោះឆ្នោតផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គជប បានបញ្ជាក់ថា ការធ្វើប្រតិភូកម្មអំណាចដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការពិនិត្យនិងចុះឈ្មោះបោះឆ្នោតថ្មីនេះ ពួកគេនឹងមិនមានសិទ្ធិអំណាចដូចមុននោះទេ ព្រោះថា នៅត្រង់ប្រការ៨នៃសេចក្តីសម្រេចចុះថ្ងៃទី៣១ឧសភាបានចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែទទួលខុសត្រូវរួមលើដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ។ លោក ហង់ ពុទ្ធា បានបញ្ជាក់ថា ពួកគេនឹងមានទោស ប្រសិនបើរកឃើញពីកំហុសក្នុងកិច្ចដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ។
ចំណែក លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅថា ខុមហ្វ្រែល បានប្រកាសថា អង្គការសង្គមស៊ីវិលរបស់លោក រួមជាមួយនឹងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានត្រៀមបញ្ជូនអ្នកសង្កេតការណ៍ប្រមាណជា៦០០នាក់ ដើម្បីឃ្លាំមើលដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ។ ប៉ុន្តែ លោក គល់ បញ្ញា បារម្ភថា បញ្ហានយោបាយ និងអាកាសធាតុ អាចនឹងរំខានដល់ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ។
សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី នឹងបញ្ចប់ទៅនៅថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ២០១៦។ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មីដែលមានរយៈពេល៣ខែនេះ គជប បានទុករយៈពេល២ខែ ដើម្បីប្តឹងតវ៉ាជំទាស់។ ហើយនៅថ្ងៃទី៣មករាឆ្នាំ២០១៧ បញ្ជីឈ្មោះបោះឆ្នោតដំបូងមួយ នឹងត្រូវបិទផ្សាយនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេស។
សូមបញ្ជាក់ដែរថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងនោះ រួមទាំងព្រះសង្ឃផង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែក្នុងករណីដែលប្រជាពលរដ្ឋ រឺ ព្រះសង្ឃមិនមានអត្តសញ្ញាណប័ណ្ណ ពួកគេក៏អាចចុះឈ្មោះបានដែរ ដោយគ្រាន់តែទៅសុំលិខិតបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរឃុំសង្កាត់ដែលខ្លួនរស់នៅ ដោយយកទៅជាមួយនូវសំបុត្រកំណើត និងសៀវភៅគ្រួសារតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ