កូនប្រុសសកម្មជនអតីតបក្សប្រឆាំងម្នាក់ស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម សង្ស័យរងទារុណកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កូនប្រុសសកម្មជនអតីតគណបក្សប្រឆាំងម្នាក់នៅក្នុងខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិត នៅក្នុងពន្ធនាគារដោយសង្ស័យថា បានរងទារុណកម្ម។ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃបានច្រានចោល ខណៈលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សប្រឆាំង បានចាត់ទុកការស្លាប់នេះថា ជាឃាតកម្មនយោបាយ។
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានចាត់ទុកការស្លាប់របស់លោក ទិត្យ រ៉ន អាយុ ៣៧ឆ្នាំ រស់នៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថាជាឃាតកម្មនយោបាយថ្មីមួយទៀតនៅកម្ពុជា។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានច្រានចោលនិងអះអាងថា គឺជាការបំប៉ោងព័ត៌មាន ស្របពេលដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណាស្មីត កំពុងទស្សនកិច្ចនៅកម្ពុជា។
គួរជំរាបជូនថា លោក ទិត្យ រ៉ន អាយុ៣៧ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ១៨ មេសា បន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ចាមបានចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែមេសា ជុំវិញសំណុំរឿងបង្កអំពើហិង្សាក្នុងពេលផឹកស៊ីជាមួយមិត្តភក្តិកាលពីជាង១០ឆ្នាំមុន ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម ឬពន្ធនាគារមាត់ឃ្មង់។ លោក អ៊ាម ទិត្យ អាយុ៦២ឆ្នាំ ដែលជាឳពុកជនរងគ្រោះ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិអតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ចាម បានដាក់ការសង្ស័យថា កូនប្រុសរបស់គាត់ទំនងជាបានស្លាប់ ដោយសារការធ្វើទារុណកម្មនៅក្នុងពន្ធនាគារត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ជុំវិញការសង្ស័យនេះ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបដិសេធមិនអត្ថាធិប្បាយចំពោះករណីនេះទេ។ ប៉ុន្តែលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានច្រានចោលចំពោះការចោទប្រកាន់នានាថា អាជ្ញាធរបានធ្វើទារុណកម្មជនសង្ស័យរហូតដល់ស្លាប់។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ពីមូលហេតុក្រោយធ្វើកោសល្យវិច័យថា ជនសង្ស័យរូបនេះ បានស្លាប់ដោយសារដួលបោកក្បាលនៅក្នុងបន្ទប់ទឹក ស្របពេលដែលជនសង្ស័យរូបនេះ គឺជាជនញៀនស្រា ដែលមិនអាចទប់ជំហរខ្លួនឯងបាន។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានចាត់ទុកការស្លាប់ កូនប្រុសសកម្មជនអតីតគណបក្សប្រឆាំងរបស់លោកថា គឺជាឃាតកម្មនយោបាយថ្មីមួយទៀតនៅកម្ពុជា។ លោក សម រង្ស៊ី បានចោទប្រកាន់អាជ្ញាធរខេត្តកំពង់ចាមត្រង់ៗថា លោក ទិត្យ រ៉ន បានស្លាប់ដោយត្រូវនគរបាលធ្វើឃាត នៅ ថ្ងៃ ១៨ មេសា ឆ្នាំ ២០១៩ នៅក្នុងពន្ធនាគារមាត់ឃ្មួង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ