ការបោះឆ្នោតក្រុមប្រឹក្សាចាប់ផ្តើមដូចការគ្រោងទុក ខណៈលោក សម រង្ស៊ី ថាជាការបោះឆ្នោតក្លែងក្លាយលើកទី៣
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យនេះ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង៧ព្រឹក ហើយត្រូវបិទទៅវិញនៅម៉ោង៣រសៀល។ គឺជាការបោះឆ្នោតបែបអសកលមួយ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់ អាណត្តិទី៣។ ប៉ុន្តែការបោះឆ្នោតនេះ គឺមិនមានការចូលរួមពីអតីតគណបក្សសង្រ្គោះជាតិនោះទេ ដែលញ៉ាំងឲ្យ លោក សម រង្ស៊ី បរិហារ្តិ៍ថា «ជាការបោះឆ្នោតក្លែងក្លាយលើកទី៣»។
ការបោះឆ្នោតបែបអសកលដែលមិនមានចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋនៅថ្ងៃអាទិត្យបានប្រព្រឹត្តទៅយ៉ាងរលូន ពោលមិនមានភាពមិនប្រក្រតីកើតឡើងគួរឲ្យកត់សំគាល់ទេ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅតាមការិយាល័យបោះឆ្នោតមួយចំនួនក្នុងទីក្រុងភ្នំពេញ។ នៅភ្នំពេញ គឺមានការិយាល័យសរុបចំនួន១៤ ខណៈនៅទូទាំងប្រទេសមាន២២៨មណ្ឌល។
ការបោះឆ្នោតអសកលនេះ គឺមានគណបក្សនយោបាយចូលរួមចំនួន៧ ដោយត្រូវធ្វើការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥៥៩អាសនៈ និងជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ចំនួន៣,៥៥៥អាសនៈ។ តែបើតាមលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតនោះ បានបរិហារ្តិ៍ថា «ជាការបោះឆ្នោតក្លែងក្លាយលើកទី៣»។
ប្រមុខអតីតបក្សប្រឆាំងនៅកម្ពុជានេះ ថែមទាំងទស្សទាយទុកជាមុនថា ការបោះឆ្នោតនេះធ្វើឲ្យគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានកៅអី ១០០ ភាគរយ នៅគ្រប់ស្ថាប័នរដ្ឋ ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន បន្ទាប់ពី បានរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត នៅថ្ងៃ ១៦ វិច្ឆិកា ២០១៧។
យ៉ាងណាក៏ដោយ បើតាម គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ក៏មានការចូលរួមសង្កេតការណ៍ពីអង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៩ មានសមាជិករហូតដល់ជាង១,០១០នាក់ ខណៈមានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួត។ ប៉ុន្តែគណបក្សដែលចូលរួមប្រកួតមួយចំនួន គឺមិនមានអង្គបោះឆ្នោតឡើយ ឬក៏មានចំនួនតិចតួចប៉ុណ្ណោះ ពោលអង្គបោះឆ្នោតដ៍ច្រើនលើសលប់មកពីគណបក្សប្រជាជនកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ