បក្សនយោបាយចំនួន៧ នឹងបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នៅសប្តាហ៍ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៦ខែឧសភាខាងមុខនេះ។ចំណែកដំណើការឃោសនាបោះឆ្នោតវិញ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃសុក្រទី១៧ សប្តាហ៍ក្រោយនេះហើយ។នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.បកាលពីថ្ងៃសុក្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ឱ្យដឹងថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៤ ខែឧសភា គឺមានរយៈពេល៨ថ្ងៃតែប៉ុណ្ណោះ ពោលគឺខុសពីអាណត្តិទី១ និង អាណត្តិទី ២ ដែលមានរយៈពេល១៥ថ្ងៃ។បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយដែលមានបំណងធ្វើការហែក្បួនឃោសនាបោះឆ្នោតត្រូវជូនដំណឹងទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតឱ្យបានយ៉ាងហោចណាស់៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ខាងមុខនេះ ដោយមានគណបក្សនយោបាយចូលរួមចំនួន៧គណបក្សចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មររួបរួមជាតិ យុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និង គណបក្សខ្មែរសាធារណៈរដ្ឋ។ ចំណែក អ្នកចូលរូមបោះឆ្នោតមានចំនួនជាង១ម៉ឺន១ពាន់៥រយនាក់។
ជាមួយគ្នានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក៏បានឱ្យដឹងដែរថា គ.ជ.បបានបោះពុម្ភសន្លឹកឆ្នោតចំនួនជាង៤ម៉ឺន៩ពាន់សន្លឹកដើម្បីប្រើប្រាស់ក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅថ្ងៃទី២៦ ឧសភា។ ក្នុងនោះ សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន២ម៉ឺន២ពាន់២រយសន្លឹក។ រីឯសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន២ម៉ឺន២ពាន់២រយសន្លឹកដូចគ្នាខណៈសន្លឹកឆ្នោតគំរូមានចំនួន៤,៦៦០សន្លឹក។ សន្លឹកឆ្នោតទាំងនេះ នឹងត្រូវបោះពុម្ភរួចរាល់នៅថ្ងៃទី១២ ខែឧសភានេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ដែលនឹងធ្វើឡើងនាពេលខាងមុខនេះគឺជាការបោះឆ្នោតអសកលដែលមានតែសមាជិកក្រុមឃុំសង្កាត់ក្នុងអាណត្តិប៉ុណ្ណោះដែលមានសិទ្ធិបោះឆ្នោត។ ការបោះឆ្នោតនេះ ធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គម និង កិច្ចការបោះឆ្នោតសន្និដ្ឋានជាមុនថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌច្រើន ក្នុងការបោះឆ្នោតនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ