បញ្ហានៅហុងកុង៖កម្ពុជាប្រកាសគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចទៅលើក្រុមបាតុករ
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកាលពីយប់មិញនេះ បានប្រកាសជំហរនៅខាងរដ្ឋអំណាចចិនចំពោះភាពចលាចលក្នុងការធ្វើបាតុកម្មនៅក្នុងទីក្រុងហុងកុង។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាថែមទាំងប្រកាសគាំទ្រនូវចំណាត់ការនានារបស់សមត្ថកិច្ចហុងកុងទៅលើក្រុមបាតុករថែមទៀត។ ជំហរច្បាស់លាស់របស់កម្ពុជាចំពោះបញ្ហានៅហុងកុងនាពេលនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតចិននៅកម្ពុជាបានលើកយកបញ្ហាដែលកំពុងកើតឡើងនៅហុងកុងមកពន្យល់ប្រាប់ភាគីកម្ពុជាកាលពីថ្ងៃសុក្រ។
គឺនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយតែខ្លឹមកាលពីយប់ថ្ងៃសៅរ៍ ក្រសួងការបរទេសកម្ពុជា បានចេញមកប្រកាសជំហរថា កម្ពុជាគោរពគោលនយោបាយចិនមួយ និង ចាត់ទុកស្ថានការណ៍ដែលកំពុងវិវត្តនៅក្នុងទីក្រុងហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ មិនតែប៉ុណ្ណេះទេ ក្រសួងការបរទេសថែមទាំងគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជាគាំទ្រនូវរាល់ចំណាត់ការចាំបាច់នានារបស់រដ្ឋាភិបាលចិន និងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេស និងការប្រតិបត្តិជាអន្តរជាតិ។
ជាការកត់សម្គាល់ ជំហរដ៏ម៉ឺងម៉ាត់ដាច់ខាតរបស់កម្ពុជាចំពោះបញ្ហានៅហុងកុងនាពេលនេះ ហាក់ដូចជាការឆ្លើយតបទៅនឹងស្ថានទូតចិននៅកម្ពុជា។ ស្ថានទូតចិននៅកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ បានចេញផ្សាយអត្ថបទកម្រាស់៤ទំព័ររបស់ឯកអគ្គរដ្ឋទូតចិនស្តីពីបញ្ហាដែលកំពុងកើតឡើងនៅក្នុងទីក្រុងហុងកុង។ និយាយឱ្យខ្លី និងស្រួលយល់ អត្ថបទនេះបានពន្យល់យ៉ាងក្បោះក្បាយអំពីភាពចលាចលដែលកំពុងកើតឡើងនៅហុងកុងប្រាប់ដល់កម្ពុជាដែលជាមិត្ត។
លោកឯកអគ្គរដ្ឋចិនប្រចាំនៅកម្ពុជាបានចង្អុលប្រាប់ថា ភាពចលាចលនៅទីក្រុងហុងកុងដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនហៅថា ជាការប្រឆាំងតទល់ដោយសន្តិភាពនោះ គឺជាសកម្មភាពហិង្សាយ៉ាងននលទៅវិញទេ។ លោកក៏បានប្រាប់កម្ពុជាដែរថា ភាពចលាចលនៃទីក្រុងហុងកុង គឺជាលទ្ធផលនៃការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។ កម្លាំងខាងក្រៅនេះ គឺលោកចង់សំដៅទៅសហរដ្ឋអាមេរិក និង បស្ចិមប្រទេសមួយចំនួនទៀត។ ជាមួយគ្នានេះ លោកទូតចិន ក៏បានគូសបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលចិនដែលគាំទ្រសមត្ថកិច្ចហុងកុងក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះបញ្ហានេះ។
ក្រៅពីចិនខ្លួនឯង កម្ពុជាក៏បានប្រកាសគាំទ្រការអនុវត្តច្បាប់របស់សមត្ថកិច្ចហុងកុងផងដែរ។ សម្រាប់ក្រសួងការបរទេសកម្ពុជា គឺកម្ពុជាចង់ឃើញការត្រឡប់មករកប្រក្រតីភាពឱ្យបានឆាប់នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ