អានតួអត្ថបទ
កម្ពជា

ក្រសួង​មហាផ្ទៃ​​ប្រាប់​​មន្រ្តីរាជការ​​មិន​​ឲ្យ​​យក​​ទ្រព្យ​សម្បត្តិ​​រដ្ឋ​​និង​​ម៉ោង​​ការងារ​​រដ្ឋ​​ទៅ​​ឃោសនា​បោះឆ្នោត​

រថយន្ត ដែល​មាន​ស្លាក​លេខ​នគរបាល ឃោសនា​បក្សនយោបាយ
រថយន្ត ដែល​មាន​ស្លាក​លេខ​នគរបាល ឃោសនា​បក្សនយោបាយ @FB
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

ក្រសួងមហាផ្ទៃ​កម្ពុជា បាន​រំឭក​ជាថ្មី​ដល់​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ​ដែនដី និង​មន្ត្រី​នគរបាលជាតិ​ទាំងអស់​ឲ្យ​គោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ដោយ​មិន​ត្រូវយក​ទ្រព្យសម្បត្តិ​និង​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ចូលរួម​ឃោសនាបោះឆ្នោត​ឡើយ។ ការ​រំឭក​នេះ ធ្វើឡើង​នៅក្នុង​សេចក្តីណែនាំ​មួយ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី១៤ កក្កដា ក្រោយពី​ក្រសួង​រកឃើញថា មន្ត្រីរាជការ​ខ្លះ​បានធ្វើ​សកម្មភាព​ខុស​នឹង​ច្បាប់បោះឆ្នោត​នៅក្នុង​រដូវ​ឃោសនាបោះឆ្នោត​នេះ។

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ក្រសួងមហាផ្ទៃ​ចេញ​ការណែនាំ​ជាថ្មី​នេះ គឺ​ដោយសារតែ​នៅក្នុង​រយៈពេល៨ថ្ងៃ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​កន្លងទៅ មន្ត្រីរាជការ​មួយចំនួន​បានធ្វើ​សកម្ម​ភាពមិន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​នៃ​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត។ ជា​សកម្មភាព​ដែល​បណ្តាល​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​សាធារណមតិ និង​អ្នកនយោបាយ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា។

ដើម្បី​បញ្ចៀស​នូវ​ការរិះគន់​ទាំងអស់នេះ ក្រសួងមហាផ្ទៃ​បាន​ក្រើន​រំ​ឮ​ក​ដល់​មន្ត្រីរាជការ​ទាំង​អស់ មិន​ត្រូវធ្វើ​សកម្មភាព​មួយចំនួន​ដូចជា លើក​ឬ​បិត​ស្លាក​គណបក្ស និង​សម្ភារៈ​ឃោសនា​នៅលើ​អាគារ និង​ការិយាល័យ​របស់​រដ្ឋ​ឬ​កាត់​ទទឹងផ្លូវ​សាធារណៈ។ ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ដែលជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើការ​ឃោសនា​ឬ​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ​នានា និង​ការដឹកជញ្ជូន​អ្នកបោះឆ្នោត​ទៅកាន់​ការិយាល័យ​បោះឆ្នោត ត្រូវបាន​ហាមឃាត់​ផងដែរ។ ក្រសួងមហាផ្ទៃ​ក៏បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ​ដែនដី និង​មន្ត្រី​នគរបាលជាតិ ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​ស្វែងរក​សំឡេងឆ្នោត​នៅក្នុង​អាគារ​ឬ​ការិយាល័យ​របស់​រដ្ឋ​ឡើយ។

សូម​កត់សម្គាល់ថា ការណែនាំ​និង​ក្រើនរំឭក​ជាថ្មី​របស់​ក្រសួងមហាផ្ទៃ​នេះ បាន​ធ្វើឡើង​ក្រោយពី​មានការ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​ការយក​រថយន្ត​ប៉ូលីស​ទៅ​បិត​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​ឃោសនា​ស្វែងរក​សំឡេងឆ្នោត។ រូបភាព​រថយន្ត​ប៉ូលិស​បិទ​ស្លាក​គណបក្ស​នេះ ត្រូវបាន​អ្នកលេង​អ៊ី​ន​ធ័​រ​ណែ​ត​ចែកចាយ​បន្ត​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ក្រៅតែពី​បញ្ហា​នេះ មន្ត្រីរាជការ​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ចូលរួម​ឃោសនាបោះឆ្នោត​ឲ្យ​បក្សនយោបាយ ក៏​រង​នូវ​ការរិះគន់​ខ្លាំង​ផងដែរ។

ចំពោះ​បញ្ហា​នេះ ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ដល់​មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ​ដែនដី និង មន្ត្រី​នគរបាលជាតិ​ដែល​កំពុង​បំពេញភារកិច្ច ត្រូវ​បញ្ឈប់​សកម្មភាព​ចូលរួម​ឃោសនាបោះឆ្នោត​បែបនេះ​តទៅទៀត។ ក៏ប៉ុន្តែ​ពួកគេ អាច​ចូលរួម​ការឃោសនាបោះឆ្នោត​បាន លុះត្រា​ណា​បញ្ចប់​ម៉ោង​ការងា​របស់​រដ្ឋ​ឬ​ស្ថិត​នៅក្រៅ​ម៉ោង​ការងារ​ឬ​ថ្ងៃ​ឈប់សម្រាក​ជាដើម។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ​ក៏បាន​អះអាង​បន្ថែម​ដែរ​ថា ប្រសិនបើ​ចាំបាច់​ត្រូវ​ចូលរួម​ឃោសនាបោះឆ្នោត​នោះ មន្ត្រីរាជការ​ត្រូវសុំ​ច្បាប់ឈប់​សម្រាក​ពី​ការងារ ហើយ​ពេល​ចូលរួម​ឃោសនា​មិនត្រូវ​ពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​រដ្ឋ និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំ​ឲ្យ​មានការ​គំរាមកំហែង​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ