តុលាការកំពូលសម្រេចផ្តន្ទាទោសជួប សម្លាប់ដាក់គុកមួយជីវិតដដែលរឿងសម្លាប់លោកបណ្ឌិត កែម ឡី
ចុះផ្សាយនៅថ្ងៃ៖
តុលាការកំពូលកម្ពុជាកាលពីថ្ងៃសុក្រ ម្សិលមិញនេះ បានប្រកាសសាលដីកាដោយរក្សាការផ្តន្ទាទោសលោកអឿត អាង ហៅជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់ជីវិតដដែលតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ពីបទឃាតកម្មលើលោកបណ្ឌិតកែម ឡី។ សាលដីកាសា្ថពររបស់តុលាការកំពូលកម្ពុជានេះ គឺជាការបិទផ្លូវតវ៉ាសំណុំរឿងនេះតទៅទៀត។
នៅទីផុត លោកអឿត អាង ហៅ ជួប សម្លាប់ ដែលរងការចោទប្រកាន់សម្លាប់លោកបណ្ឌិតកែម ឡី អ្នកឃ្លាំមើលបញ្ហាសង្គម និង នយោបាយនោះ ត្រូវបានតុលាការកម្ពុជាគ្រប់ជាន់ថ្នាក់សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿងនេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរនៅតុលាការកំពូលកម្ពុជា ក្រោយពីតុលាការនេះបានប្រកាសសាលដីកាសម្រេចទាត់ចោលការប្តឹងសារទុក្ខរបស់មេធាវីជួប សម្លាប់ និង បិទផ្លូវតវ៉ាតទៅទៀតកាលពីថ្ងៃសុក្រ។ ការសម្រេចចុងក្រោយរបស់តុលាការកំពូលនេះ ធ្វើឡើងបន្ទាប់ពីបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៨ ឧសភា កន្លងទៅ។
ចំពោះការសម្រេចចុងក្រោយនេះ អ្នកស្រីប៊ូ រចនា ភរិយាសពលោកបណ្ឌិតកែម ឡី ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីជាមួយកូនៗទាំង៥នាក់ មិនអាចទាក់ទងសុំប្រតិកម្មបាននៅឡើយទេនៅថ្ងៃសៅរ៍ ទី ២៥ ខែឧសភានេះ។ ប៉ុន្តែ កន្លងមក អ្នកស្រីតែងតែចាត់ទុកថា ការដាក់ទោសលើតែបុគ្គលឈ្មោះជួប សម្លាប់នេះ មិនទាន់ផ្តល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រីនោះទេ។ បើទោះបីគិតថា យុត្តិធម៌ហាក់សែនឆ្ងាយ ប៉ុន្តែអ្នកស្រីប៊ូ រចនា នៅតែសង្ឈឹមជឿជាក់ថា ថ្ងៃណាមួយយុត្តិធម៌ពិតប្រាកដនឹងផ្តល់ឱ្យក្រុមគ្រូសាររបស់អ្នកស្រី។
លោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ។ ភ្លាមៗនោះ សមត្ថកិច្ចបានចាប់ខ្លួនបានឈ្មោះអឿត អាង ហៅ ជួប សម្លាប់នេះ។ ក្រោយមក តុលាការក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោសរូបគេឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ «ឃាតកម្មគិតទុកជាមុន” និង “ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» កាលពីចុងខែមីនា ឆ្នាំ២០១៧។
បន្ទាប់ពីកាត់ទោសនេះ តុលាការក្រុងភ្នំពេញក៏បានបំបែកសំណុំរឿងនេះជាពីរបន្ថែមទៀត គឺសំណុំរឿងពាក់ព័ន្ធអ្នកផ្ដល់អាវុធ និងអ្នកនាំ ជួប សម្លាប់ឱ្យមកស្គាល់លោកបណ្ឌិតកែម ឡី។ ប៉ុន្តែជាងពីរឆ្នាំមកនេះ សំណុំរឿងទាំងពីរនេះ មិនទាន់អាចបំបែកបាននៅឡើយទេ ពោល គឺតុលាការកម្ពុជាអាចបំបែកបានត្រឹមតែសំណុំរឿងឃាតកម្ម ដោយដាក់ទោសជួប សម្លាប់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ