ក្រុមមេធាវីគ្រោងនឹងដាក់សំណើសុំឱ្យតុលាការបិទការស៊ើបអង្កេតសំណុំរឿងលោកកឹម សុខា
ចុះផ្សាយនៅថ្ងៃ៖
លោកចាន់ ចេន សហមេធាវីម្នាក់របស់លោកកឹម សុខា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា មកដល់ពេលនេះ ដំណើរនីតិវិធីស៊ើបអង្កេតលើលោកកឹម សុខា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញមិនមានអ្វីវិវត្តទៅមុខនោះទេ គឺនៅត្រឹងនៅឡើយ។ ហេតុដូច្នេះហើយ លោក និងសហមេធាវីផ្សេងទៀត គ្រោងដាក់សំណើសុំឱ្យចៅក្រមស៊ើបសួរបិទបញ្ចប់ការស៊ើបអង្កេតនេះ។ ប៉ុន្តែដាក់ទៅនៅពេលណានោះ លោកមិនទាន់អាចបញ្ជាក់បានទេ ដោយគ្រាន់តែថា នឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។
គិតមកដល់ពេលនេះ លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានស្ថិតក្នុងការឃុំខ្លួនជិតពីរឆ្នាំមកហើយ ដើម្បីឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតលើសំណុំរឿងក្បត់ជាតិដែលចោទប្រកាន់ឡើងដោយរដ្ឋាភិបាលកម្ពុជា។ លោកចាន់ ចេន សហមេធាវីម្នាក់របស់លោកកឹម សុខា បានចាត់ទុកការបន្លាយពេលនៃការស៊ើបអង្កេតនេះថា ច្រើនហួសហេតុពេកហើយសម្រាប់កូនក្តីរបស់លោក។ ដូច្នេះហើយ លោក និងសហមេធាវីផ្សេងទៀត គ្រោងនឹងចូលជួបជាមួយលោកកឹម សុខា ដើម្បីពិភាក្សាដាក់សំណើសុំឱ្យតុលាការបិទបញ្ចប់ការស៊ើបអង្កេតលើលោកកឹម សុខា។ យ៉ាងណាក៏ដោយ លោកចាន់ ចេន មិនទាន់អាចបញ្ជាក់ប្រាប់ឱ្យដឹងបាននៅឡើយទេ ថាតើនឹងដាក់សំណើនៅថ្ងៃណានោះ ព្រោះត្រូវចូលពិភាក្សាជាមួយកូនក្តីសិន។
សម្រាប់លោកមេធាវីចាន់ ចេន ការបន្តឃុំខ្លួនលោកកឹម សុខា យូរបែបនេះ វាប៉ះពាល់ទាំងនីតិវិធីច្បាប់ និងសិទ្ធិរបស់លោកកឹម សុខា ។ លោកអះអាងថា បញ្ហាសំខាន់ដែលលោកកឹម សុខា កំពុងជួបប្រទះពេលកំពុងជាប់ឃុំនៅក្នុងផ្ទះនាពេលបច្ចុប្បន្ននេះ គឺជំងឺគៀបសរសេរស្មារបស់លោក ដែលលោកចាន់ ចេន គូសបញ្ជាក់ថា នៅតែបន្តធ្វើទុក្ខដល់លោកកឹម សុខា ជារៀងរាល់ថ្ងៃ។
បញ្ហាទាំងអស់នេះហើយដែលជំរុញឱ្យក្រុមមេធាវីចង់ឱ្យតុលាការបញ្ចប់ដំណើរការស៊ើបអង្កេតតទៅទៀត ព្រោះបើតាមលោកមេធាវីចាន់ ចេន គឺមកដល់ពេលនេះ តុលាការរកមិនឃើញនូវភស្តតាងថ្មីណាមួយ ដើម្បីដាក់បន្ទុកលើលោកកឹម សុខាឡើយ។ បើតាមលោកចាន់ ចេន កន្លងមក ក្រុមមេធាវីក៏ធ្លាប់បានដាក់សំណើឱ្យតុលាការពន្លឿនការស៊ើបអង្កេតលើលោកកឹម សុខាដែរ ប៉ុន្តែមិនទទួលបានផលនោះទេ។
លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទក្បត់ជាតិ ហើយនៅពេលនេះ លោកកំពុងស្ថិតក្នុងការឃុំខ្លួននៅក្នុងផ្ទះ ដើម្បីរង់ចាំការបើកសវនាការជំនុំជម្រះ។ លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើស កម្មភាពនយោបាយណាមួយ និង ជួបជាមួយបុគ្គលសំខាន់ៗណាឡើយ។ ថ្មីៗនេះ តុលាការក៏មិនអនុញ្ញាតឱ្យលោកស្រីរ៉ូណា ស្មីត ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបលោកកឹម សុខានោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ