អង្គការសេរីនិយមអន្តរជាតិប្រកាសគាំទ្រ និង អមដំណើរលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ
អង្គការសេរីនិយមអន្តរជាតិ(Liberal International) កាលពីថ្ងៃទី០៦ កក្កដា បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង។ គណៈកម្មាធិការប្រតិបត្តិអង្គការសេរីនិយមអន្តរជាតិ បានប្រកាសជំហរគាំទ្រនិងចូលរួមអមដំណើរលោកសម រង្ស៊ី ចូលមកកម្ពុជាវិញ។ ការសម្រេចនេះ ធ្វើឡើងស្របពេលដែលក្រសួងការបរទេសកម្ពុជាទើបបង្ហាញការខកចិត្ត និង បានប្រាប់សមាជិកសភាអឺរ៉ុបដែលចង់អមដំណើរលោកសម រង្ស៊ីចូលស្រុកឱ្យគិតឡើងវិញពីបញ្ហានេះ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន អង្គការសេរីនិយមអន្តរជាតិ(Liberal International) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានអំពាវនាវជាថ្មីដល់អាជ្ញាធរកម្ពុជាឱ្យទម្លាក់រាល់បទចោទប្រកាន់ទាំងអស់មកលើលោកកឹម សុខា និងការប្រើប្រាស់ច្បាប់ប្រឆាំងអ្នកនយោបាយប្រឆាំងរួមទាំងលោកសម រង្ស៊ីផង។ បន្ថែមលើនេះ អង្គការអន្តរជាតិនេះក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅនឹងគម្រោងការវិលត្រឡប់ចូលស្រុកវិញរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដើម្បីស្វែងរកដំណោះស្រាយឈានទៅរកការដោះលែងលោកកឹម សុខា និង ស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
មិនតែប៉ុណ្ណោះ អង្គការសេរីនិយមអន្តរជាតិ(Liberal International)ក៏បានប្រកាសអញ្ជើញសមាជិករបស់ខ្លួន ដើម្បីចូលរួមអមដំណើរថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងវិលចូលកម្ពុជាវិញ និង ធានាសុវត្ថិភាពដល់ពួកគេ។ លើសពីនេះទៀត ប្រធានអង្គការសេរីនិយមអន្តរជាតិ គឺ លោកស្រី Hakima El Haite ក៏បានប្រកាសផ្ទាល់មាត់តែម្តងពីការគាំទ្រដល់ក្រុមលោកសម រង្ស៊ី និង បានបញ្ជាក់ច្បាស់ៗថា លោកស្រីនឹងចូលរួមអមដំណើរលោកសម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងផ្សេងទៀតចូលមកប្រទេសកម្ពុជាវិញ។
សូមកត់សម្គាល់ថា អង្គការសេរីនិយមអន្តរជាតិ(Liberal International) គឺជាអង្គការអន្តរជាតិទីមួយហើយដែលបានប្រកាសគាំទ្រ និង អមដំណើរក្រុមលោកសម រង្ស៊ី ចូលមកប្រទេសកម្ពុជាវិញ។ កន្លងទៅថ្មីៗនេះ មានសមាជិកសភាអឺរ៉ុបចំនួន៦ រូបបានប្រកាសថា នឹងចូលរួមអមដំណើរក្រុមលោកសម រង្ស៊ី។ ក្រុមលោកសម រង្ស៊ី បានអះអាងថា នឹងវិលចូលស្រុកវិញក្នុងអំឡុងខែសីហា ឫយ៉ាងយូរនៅក្នុងខែកញ្ញាខាងមុខនេះ។
ប៉ុន្តែក្រុមសមាជិកសភាអឺរ៉ុបទាំងនេះ បានរងនូវការព្រមានឱ្យគិតពិចារណាឡើងចំពោះការសម្រេចចិត្តរបស់ពួកគេពីសំណាក់ក្រសួងការបរទេសកម្ពុជា។ ក្រសួងការបរទេសកម្ពុជាតាមរយៈអ្នកនាំពាក្យកាលពីសៅរ៍ បានបញ្ជាក់ថា បើសិនសមាជិកសភាអឺរ៉ុបទាំងនេះពិតជាចូលមកកម្ពុជាជាមួយលោកសម រង្ស៊ី មែន នោះគឺ ជាទង្វើគ្មានលក្ខណៈការទូត មិនគោរពអធិបតេយ្យភាព និងនីតិរដ្ឋរបស់កម្ពុជា។ ដូច្នេះហើយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្នើឱ្យពួកគេត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើដែលបង្កប់ដោយឧបាយកលនយោបាយ និងគ្មានលក្ខណៈការទូតនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ