អ្នកនយោបាយខ្មែរប្រើហ្វេសប៊ុកជូនពរដល់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអង្គារនេះ គឺជាថ្ងៃភ្ជុំបិណ្ឌរបស់ខ្មែរ។ អ្នកនយោបាយខ្មែរទាំងគណបក្សកាន់អំណាច អតីតបក្សប្រឆាំង និងគណបក្សមិនជាប់ឆ្នោតខ្លះទៀត បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងនោះ ក៏មានដែរ ការអំពាវនាវកុំឲ្យពលរដ្ឋផឹកស្រាលើសកម្រិត និង លុបបំបាត់ចោលនូវវប្បធម៌លាបពណ៌គ្នា។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនបានចូលរួមក្នុងបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះទេ ដោយសារតែលោកជាប់បំពេញបេសសកកម្មនៅក្នុងប្រទេសជប៉ុន។ តែទោះជាបែបនេះក្តី លោកប្រមុខរដ្ឋាភិបាលកម្ពុជាតាមរយៈហ្វេសប៊ុកកាលពីថ្ងៃចន្ទ បានជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានទៅលេងស្រុកកំណើតឲ្យបានសប្បាយរីករាយក្នុងពេលភ្ជុំបិណ្ឌនេះ និងសូមឲ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ។
ជាមួយនឹងការជូនពរនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានផ្តល់កាដូពីរ ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករ កម្មការិនី ផងដែរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ កាដូទីមួយ គឺលោកបានបញ្ជាឲ្យសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ចំណែកកាដូទីពីរ គឺលោកបានរៀបចំឲ្យកម្មករ កម្មការិនី ទទួលបានប្រាក់ខែកាន់តែច្រើនជាងឆ្នាំមុន និងបានឲ្យថៅកែបើកប្រាក់ខែកន្លះខែម្តង។ នេះបើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី។
ចំណែកលោកយ៉ែម បុញ្ញឫទ្ធិ ដែលជាមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិវិញ បើទោះបីលោកមិនបានចូលរួមបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះក៏ដោយ ក៏លោកបានជូនពរពលរដ្ឋខ្មែរដូចលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែរ។ តាមរយៈទំព័រហេ្វសប៊ុកនៅថ្ងៃអង្គារនេះ លោកយ៉ែម បុញ្ញឫទ្ធិ បានបួងសួង និងជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានសុខភាពល្អបរិបូណ៍ សុភមង្គល និងមានស្មារតីគិតជាតិ។ ក្រៅពីការជូនពរ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានផ្ញើសារនយោបាយផងដែរ ដោយអំពាវនាវឲ្យលុបបំបាត់ចោលនូវវប្បធម៌លាបពណ៌ មួលបង្កាច់ និងជេរប្រមាថគ្នា ដើម្បីអាចឈានទៅរកការផ្សះផ្សាជាតិខ្មែរ។
ដោយឡែក ក្រៅពីអ្នកនយោបាយបក្សកាន់អំណាច និងអតីតបក្សប្រឆាំង លោកពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជាក៏បានជូនដល់ពលរដ្ឋខ្មែរដូចគ្នាផងដែរ។ តាមរយៈហ្វេសប៊ុកកាលពីថ្ងៃចន្ទ លោកពេជ្រ ស្រស់ បានជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងធ្វើដំណើរជិត ឆ្ងាយមានសុវត្ថិភាពទាំងទៅ និង មក។ បន្ថែមលើនេះ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរ ពិសារស្រាលើសកម្រិត ដើម្បីទប់ស្កាត់គ្រោះថ្នាក់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ