សមត្ថកិច្ចជំនាញកំពុងសិក្សាលើបំណែកដែកដែលធ្លាក់ពីលើអាកាសនៅខេត្តស្ទឹងត្រែង
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចជំនាញរបស់កម្ពុជាកំពុងលើបំណែកដែកដែលធ្លាក់ពីលើអាកាសរាយប៉ាយនៅខេត្តស្ទឹងត្រែងជាប់ព្រំដែន-ឡាវ ខណៈដែលមានការសង្ស័យថា ជាការផ្ទុះផ្កាយរណរបស់ចិនបន្ទាប់ពីការបាញ់បរាជ័យកាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយការធ្លាក់បំណែកដែកពីលើអាកាសនេះ មិនបានធ្វើមនុស្សណាម្នាក់រងរបួសឬខូចខាតទ្រព្យសម្បត្តិឡើយ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃសៅរ៍នេះថា ខាងទាហានភូមិភាគទី១កំពុងតែសិក្សាលើបំណែកដែកដែលធ្លាក់ពីលើអាកាសនេះ ប៉ុន្តែលោកនៅមិនទាន់ទទួលបានរបាយការណ៍សន្និដ្ឋាន ជាផ្លូវការនៅឡើយ។ នៅពេលលើកឡើងពីករណីនៃការបាញ់ផ្កាយរណបបរាជ័យរបស់ចិន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏សង្ស័យដូចគ្នានេះដែរ តែថាបើករណីបាញ់ធ្លាក់ផ្កាយរណបរបស់ចិនមែន គឺវាហួសពីសមត្ថកិច្ចរបស់កម្ពុជាហើយ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានចុះផ្សាយថា ការបាញ់បង្ហោះយានរ៉ុក្កែតដែលមានផ្ទុកផ្កាយរណប Yaogan 33 ចេញពីខេត្តសានស៊ី របស់ចិនបានបរាជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ចំណែកសមត្ថកិច្ចកម្ពុជានៅខេត្តស្ទឹងត្រែងបានឲ្យដឹងថា ករណីផ្ទុះពីលើអាកាសធ្លាក់បំណែកដែកនោះគឺបានកើតឡើងនៅក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ដែលជាប់ព្រំដែនកម្ពុជា-ឡាវ។ ជាសំឡេងផ្ទុះពីលើអាកាសលាន់រង្គើដី ក្រោយមានមេឃភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយនឹងខ្យល់កន្ទ្រាក់កាលយប់ថ្ងៃទី២២ ខែឧសភា។ប៉ុន្តែថា ការធ្លាក់បំណែកដែកនេះ មិនបានធ្វើឲ្យប៉ះពាល់អាយុជីវិតដល់មនុស្សឬសត្វពាហនៈ ឬខូចខាតទ្រព្យសម្បត្តិនោះឡើយ។
ជាការកត់សំគាល់ អាជ្ញាធរឡាវបានជូនដំណឹងមកអាជ្ញាធរកម្ពុជាថា សំឡេងផ្ទុះនោះគឺជាយានអវកាសរបស់ប្រទេសចិនហោះឡើងទៅលើ ហើយបានផ្ទុះជាបំណែកធ្លាក់មកលើខេត្តចំនួន៥នៅភាគខាងត្បូងនៃប្រទេសឡាវនិងធ្លាក់ឆ្លងចូលមកខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជាដែលនៅក្បែរគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ