ស្អែកនេះ កម្ពុជានឹងរៀបចំប្រារព្ធខួប៦ឆ្នាំនៃការសោយទិវង្គតរបស់សម្តេច សីហនុនៅទូទាំងប្រទេស
ថ្ងៃទី១៥ ខែតុលា ស្អែកនេះ គឺជាខួប៦ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា។ នៅថ្ងៃស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាព្រះបរមរាជវាំង នឹងប្រារព្ធខួបនេះនៅទូទាំងប្រទេស ដោយមានការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធនៅទីតាំងតម្កល់រូបសំណាក់ព្រះអង្គជិតវិមានឯករាជ្យ និងណែនាំគ្រប់វត្តអារាមឲ្យរៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
នៅឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា និងព្រះបរមរាជវាំងនឹងរៀបចំប្រារព្ធខួប៦ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដូចឆ្នាំមុនៗដែរ នៅថ្ងៃទី១៥ខែតុលា។ ព្រះបរមរាជវាំងតាមរយៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំឲ្យមានពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅទីតាំងតម្កល់រូបសំណាក់របស់ព្រះអង្គ ដែលស្ថិតនៅខាងកើតវិមានឯករាជ្យ។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ នឹងធ្វើឡើងចាប់ពីវេលាម៉ោង ៧និង៣០នាទីព្រឹកតទៅ។
ជាមួយគ្នានេះ ព្រះបរមរាជវាំងក៏បានណែនាំរដ្ឋបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ឲ្យដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ ដោយប្រើប្រាស់ព្រះបរមឆាយាល័ក្ខណ៍ថ្មី មិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្ត្រឲ្យចងទង់ជាតិគ្រប់គេហដ្ឋានឲ្យបានគ្រប់ៗគ្នា។
ក្រៅពីនេះ ព្រះបរមរាជវាំងក៏បានណែនាំដល់ក្រសួងធម្មការនិងសាសនា ឲ្យណែនាំបន្តដល់គ្រប់វត្តអារាម និងកន្លែងសាសនាដទៃទៀត រៀបចំពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ ចំពោះ ក្រសួងព័ត៌មានវិញ ព្រះបរមរាជវាំងបានតម្រូវឲ្យចាត់តាំងរៀបចំកម្មវិធីផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន អំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុ ចំពោះជាតិ សាសនា និងប្រជារាស្ត្រ។ បន្ថែមលើនេះ ព្រះបរមរាជវាំងក៏បានប្រាប់ឲ្យក្រសួងការបរទេស ណែនាំគ្រប់ស្ថានអគ្គរាជទូតនិង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅក្រៅប្រទេស ឲ្យប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ឲ្យបានសមរម្យផងដែរ។
សូមរំឭកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្ររបស់កម្ពុជាបានយាងសោយទិវង្គតកាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្មាយុ៩០ ព្រះវស្សា។ អតីតព្រះមហាក្សត្រកម្ពុជា គឺជាឥស្សរជនលេចធ្លោបំផុតនៅក្នុងឆាកនយោបាយកម្ពុជាក្នុងរយៈកាលប្រមាណជា៧ទសវត្សរ៍កន្លងទៅ ហើយក៏ជាសាក្សីដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រខ្មែរសម័យទំនើបរាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩0។ អ្វីដែលប្រជារាស្ត្រខ្មែរចងចាំមិនភ្លេចពីស្នាព្រះហស្តរបស់ព្រះអង្គចំពោះជាតិមាតុភូមិកម្ពុជា គឺការទាមទារឯករាជ្យពីប្រទេសបារាំងមកវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ