កម្ពុជា-ប៉ាគីស្ថាន

បាគីស្ថាន​ស្វែង​រក​ការ​ការពារ​វិនិយោគ​ពី​កម្ពុជា

បាគីស្ថាន​បង្ហាញ​បំណង​ចង់​ពង្រីក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ជំនួញ​មួយ​ចំនួន​ទៀត។ នៅក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឯកអគ្គរដ្ឋទូត​បាគីស្ថាន​ប្រចាំ​កម្ពុជា​ចង់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​វិនិយោគ ​និង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ភ្នំពេញ និង​រដ្ឋាភិបាល​អ៊ីស្លាម៉ាបាត។

ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាត​របស់​ប្រទេស​បាគីស្ថាន​កំពុង​ស្វែង​រក​កិច្ចព្រម​ព្រៀង​ការពារ​វិនិយោគ និង​ពាណិជ្ជកម្ម​ពី​រដ្ឋាភិបាល​ភ្នំពេញ ដើម្បី​លើក​ទឹកចិត្ត និង​ជំរុញ​អោយ​វិនិយោគិន​របស់​ខ្លួន​មក​ដាក់​ទុន​នៅ​កម្ពុជា។ បំណង​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ឯកអគ្គរដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន នៅ​ថ្ងៃ​ទី​២២​ធ្នូ។

អ្នក​ការទូត​បាគីស្ថាន​លោក Fazal ur Rahman Kazi បាន​និយាយ​ប្រាប់​លោក​ សុខ អាន ថា​ បាគីស្ថាន​បាន​មើល​ឃើញ​សក្តានុពល​ទេសចរណ៍​ខ្លាំង​នៅ​កម្ពុជា​ដែល​បាគីស្ថាន​ចាប់​អារម្មណ៍​ក្នុង​ការវិនិយោគ។ ដូច្នេះ ចំពោះ​អ្នកការទូត​ប៉ាគីស្ថាន​រូប​នេះ លើស​ពី​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​ប៉ាគីស្ថាន ដែល​ល្អ​រួច​ហើយ​នោះ ប្រទេស​ទាំងពីរ​គួរ​តែ​ឆ្លៀត​បង្កើត​ផល​ចំណេញ​បន្ថែម​ទៀត​ពី​ទំនាក់ទំនង​នេះ ដោយ​ត្រូវ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម។ គឺនៅក្នុងន័យនេះ ដែល​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ចង់​ជំរុញ​អោយ​កម្ពុជា​យល់​ព្រម​បង្កើត​កិច្ចព្រមព្រៀង​ការពារ​វិនិយោគ​ជាមួយ​ប៉ាគីស្ថាន។

រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​របស់​កម្ពុជា​បាន​ថ្លែង​គាំទ្រ​គំនិត​របស់​ប៉ាគីស្ថាន ហើយ​បាន​រៀបរាប់​អំពី​តំបន់​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ទាំង​តំបន់​ទេសចរណ៍​​វប្បធម៌​នៅ​សៀមរាប និង​តំបន់​ទេសចរណ៍​ធម្មជាតិ​តាម​តំបន់​ឆ្នេរ ប្រាប់​អ្នកការទូត​ប៉ាគីស្ថាន។ លោក សុខ អាន បាន​យល់​ស្រប​ថា នៅ​ពេលណា​ដែល​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​រីកចម្រើន​ហើយ​នោះ សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត​នឹង​មក​តាម​ក្រោយ។

គួរបញ្ជាក់ថា រហូត​ដល់​ពេល​នេះ ទំហំ​នៃ​ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប៉ាគីស្ថាន​មាន​តម្លៃ​ត្រឹម​តែ​២៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

និយាយ​អំពី​ទំនាក់ទំនង​ទ្វេភាគី បាគីស្ថាន​បាន​បង្ហាញ​បំណង​ចង់​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​កម្ពុជា​នៅ​ក្នុង​វិស័យ​ឧស្ម័ន​និង​ហ្កាស​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI