អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បកស្រាយ​អំពី​ការចរចា​ព្រំដែន​សមុទ្រ​​ជាមួយ​ថៃ

ផែនទី​ប្រេងកាត​កម្ពុជា​នៅក្នុង​ឈូង​សមុទ្រ​សៀម
ផែនទី​ប្រេងកាត​កម្ពុជា​នៅក្នុង​ឈូង​សមុទ្រ​សៀម ©CNPA
ដោយ៖ លាង ដឺលុច
១៣ នាទី

អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​នៅ ​ថ្ងៃ​អង្គារ​ទី​៣០​សីហា​នេះ ដើម្បី​ប្រាប់​សាធារណមតិ​ថា​កម្ពុជា​មិន​បាន​លួច​ចរចា​សម្ងាត់ ជាមួយ​ភាគី​ថៃ​ណា​មួយ ក្នុង​សំណុំរឿង​ព្រំដែន​សមុទ្រ​នោះ​ទេ។ សេចក្តីថ្លែងការណ៍​មាន​គោលដៅ​ឆ្លើយ​តប​ការចោទប្រកាន់​របស់​គណបក្ស​ ប្រជាធិបតេយ្យ​របស់​លោក​អាភីស៊ីត វេចាជីវ៉ា​ចោទ​ប្រកាន់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត និង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ថា​បាន​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​ជាមួយ​ការដោះដូរ​ប្រយោជន៍​ ផ្ទាល់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​ជំពាក់​ត្រូវ​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​បំភ្លឺ​សំណុំរឿង​ចរចា​ព្រំដែន​សមុទ្រ​ត្រួតគ្នា​ជាមួយ​ថៃ។ សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​អង្គារ​ទី​៣០​សីហា​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការចោទប្រកាន់​ពី​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកអាភីស៊ីត​ថា​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត និង​រដ្ឋាភិបាលថ្មី​របស់​ថៃ​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​បាន​លើក​សំណើ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដោះស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្រ​ត្រួតគ្នា​ មិនមាន​ប្រយោជន៍​អាថ៌កំបាំង​ជាមួយ​កម្ពុជា​ទៀតផង។ សារព័ត៌មាន​ថៃ​កន្លង​មក ក៏​បាន​ផ្សព្វផ្សាយ​ថា​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត​មក​ទស្សនកិច្ច​កម្ពុជា​ដើម្បី​ជួប​មេដឹកនាំ​ និង​វិនិយោគិន​កម្ពុជា ហើយ​ជជែក​អំពី​ការធ្វើជំនួញ​នៅ​តំបន់​ព្រំដែន​សមុទ្រត្រួតគ្នា​កម្ពុជាថៃ។
 
ការចោទ​ប្រកាន់​បាន​តម្រូវអោយ​កម្ពុជា​បញ្ចេញ​អាថ៌កំបាំង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នៃ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា។ សេចក្តីថ្លែងការណ៍​បាន​រម្លឹក​ថា កម្ពុជា និង​ថៃ​បាន​ចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគយល់​តាំង​ពី​ខែមិថុនា​ឆ្នាំ​២០០១ ហើយ​បាន​បន្ត​ធ្វើការងារ​ជាមួយ​គ្នា​ជា​ចំហ បាន​លទ្ធផល​ជាច្រើន។ កិច្ចព្រមព្រៀង​ដែល​មាន​ចែង​កំណត់​អំពី​តំបន់​ដែល​ត្រូវ​កំណត់​បន្ទាត់​ព្រំដែន និង​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ​រួមគ្នា។
 
យោង​តាម​សេចក្តីថ្លែងការណ៍ គឺ​នៅ​ក្នុង​អាណត្តិ​របស់​លោក​អាប់ភីស៊ីត​គ្រប់គ្រង​អំណាច​ទេ ដែល​រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​រួមមាន​លោក​ស៊ុថេប ថងស៊ុបាន និង​លោក​ប្រាវីត វង្សសុវ៉ាន​មក​ចរចា​ស្ងាត់ៗ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ។
 
កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​បញ្ចេញ​ព័ត៌មាន​នេះ ដើម្បី​ការពារ​ខ្លួន​ឯង​ផង និង​ការពារ​លោក​ថាក់ស៊ីន​ផង។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​កម្ពុជា​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ថា ខ្លួន​ស្វាគម​ការចរចា​ឡើងវិញ ជាមួយ​ថៃ​ដោយ​ជំហរ និង​ផ្លូវការ​ដើម្បី​ប្រយោជន៍​ប្រជាជន​កម្ពុជា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ