កម្ពុជា​-ថៃ

ទូរទស្សន៍​របស់​ក្រុម​អាវ​លឿង​ថៃ បើក​ដៃ​ឲ្យ​ខ្មែរ​ម្នាក់​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា

ទាហាន​ខ្មែរ​នៅ​សមរភូមិ​ ព្រំដែន​កម្ពុជា-​ថៃ
ទាហាន​ខ្មែរ​នៅ​សមរភូមិ​ ព្រំដែន​កម្ពុជា-​ថៃ © Reuters

ជា​លើក​ទី​១​ហើយ ដែល​ទូរទស្សន៍ ASTV របស់​ក្រុម​អាវ​លឿង​ថៃ គាំទ្រ​រដ្ឋាភិបាល​ក្រុង​បាងកក បាន​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់ ថ្លែង​ការណ៍​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា។ តាម​សម្តី​របស់​បុរស​ឈ្មោះ សួន សេរីរដ្ឋា ដែល​តាំង​ខ្លួន​ថា ជា​ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ គឺ​សង្គ្រាម​រវាង​កម្ពុជា និង​ថៃ​សព្វថ្ងៃ មិនមែន​ថៃ​ជា​អ្នក​បង្កើត​ឡើង​ទេ តែ​ថា​រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​បង្ក​ឡើង​ទៅ​វិញ។ ជា​ការ​លើក​ឡើង ដែល​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ខុស​ពី​ការពិត។ ការពិត ដែល​ថៃ​ជា​អ្នក​ឈ្លានពាន បង្ក​សង្គ្រាម​លើ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​យប់មិញ អ្នក​នៅ​ភ្នំពេញ អាច​មើលឃើញ​រូបភាព​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ASTV របស់​ក្រុម​អាវ​លឿង​ថៃ។ រូបភាព និង​សំឡេង​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បក​ប្រែ​ជា​ភាសា​ថៃ រយៈពេល ៣០ នាទី និង​២១ វិនាទី​នោះ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត តាម​វេបសាយ​ជាច្រើន​ផ្សេង​ទៀត។

តាម​ខ្សែ​អាត់​វីដេអូ​នោះ ពលរដ្ឋ​ខ្មែរ​ម្នាក់ គឺ​លោក សួន សេរី​រដ្ឋា ដែល​អះអាង​ថា ជា​ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់ទុក​ថា ការបង្កើត​សង្គ្រាម​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់​តាំងពី​ឆ្នាំ​២០០៨ គឺ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នកបង្ក​ឡើង មិនមែន​ផ្តើម​ចេញ​ពី​ការឈ្លានពាន​របស់​ថៃ មកលើ​កម្ពុជា​ទេ។
លោក សួន សេរីរដ្ឋា ក៏​បាន​លើក​ឡើង​ថា ការ​បង្កើត​សង្គ្រាម​ជាយ​ដែន​រវាង​កម្ពុជា និង​ថៃ គឺ​ជា​ការ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ដើម្បី​ប្រមូល​ផ្តុំ​អំណាច​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ សង្គ្រាម​នោះ ក៏​មាន​ផលប្រយោជន៍​ដល់​ក្រុមគ្រួសារ​ អ្នក​មាន​អំណាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុមគ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី។

ក្នុង​វេទិកា​ក្រុម​អាវ​លឿង ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ លោក សួន សេរីរដ្ឋា បាន​ហៅ​របប​គ្រប់គ្រង​ក្រុង​ភ្នំពេញ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ឈ្មួញ និង​ល្មោភ​សង្គ្រាម។ លោក សួន សេរីរដ្ឋា ក៏​បាន​ប្រើប្រាស់​វេទិកា​ក្រុម​អាវ​លឿង​នៅ​ប្រទេស​ថៃ អំពាវនាវ​ឲ្យមាន​ចលនា​បដិវត្ត​ប្រជាជន ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​យក​ប្រទេស​ថៃ ធ្វើជា​មូលដ្ឋាន​តស៊ូ។

ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ចាត់ទុក​ថា ជន​ម្នាក់​នោះ ខ្វះ​លក្ខណៈ​ជា​ពលរដ្ឋ​ខ្មែរ និង​បាន​លើក​ឡើង​នូវ​រឿង​ប្រឌិត ខុស​ការ​ពិត។ តាម​មន្ត្រី​រដ្ឋាភិបាល សង្គ្រាម​នៅ​ព្រំដែន​កម្ពុជា​-​ថៃ កើត​ឡើង​ដោយសារ​ថៃ​ជា​អ្នក​ឈ្លានពាន​លើ​កម្ពុជា។

​លោក ទិត សុធា បាន​បញ្ជាក់​ថា ការប្រើប្រាស់​វេទិកា​របស់​ក្រុម​អាវ​លឿង​ថៃ ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា ជា​ចលនា​ប្រឆាំង គឺជា​ការ​ដើរ​ផ្លូវ​ខុស​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ និង​ជា​ការ​រួម​ចំណែក ដូច​ហុច​ដង​ដាវ ឲ្យ​សត្រូវ ដើម្បី​បំផ្លាញ​សន្តិភាព នៅ​កម្ពុជា។

​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​វិធានការ​បែប​ណា ប្រឆាំង​នឹង​ការប្រើប្រាស់​វេទិកា​របស់​ក្រុម​អាវ​លឿង​ថៃ ដែល​ពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​បើក​ការ​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ ប៉ុន្តែ​លោក ទិត សុធា អះអាង​ថា បុគ្គល​នោះ នឹង​ត្រូវ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រួម​ដៃ​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ ធ្វើការ​ថ្កោលទោស​ជាមិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI