កម្ពុជា

កម្ពុជា​​បញ្ចូន​កង​កម្លំាង​ពាក់​មួកខៀវ ១៩៣​នាក់​​ទៅ​លីបង់​​បន្ថែម​ទៀត​

កង​ទ័ព​មួក​ខៀវ​​កម្ពុជា ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់
កង​ទ័ព​មួក​ខៀវ​​កម្ពុជា ដែល​នឹង​ត្រូវ​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់ ©សុវណ្ណារ៉ា

កម្ពុជា បាន​បញ្ជូន​កង​កម្លំាង​១៩៣​នាក់​ទៀត ទៅ​កាន់​ប្រទេស​លីបង់ នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ក្របខ័ណ្ឌ កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។ ចាប់ពី​ឆ្នាំ ២០០៦​មក កង​កម្លំាង​កម្ពុជា ចំនួន​៨៤៤​នាក់​ហើយ បាន​ពាក់​មួកខៀវ របស់​អង្គការ​សហប្រជាជាតិ។ កង​កម្លំាង​មួកខៀវ​មិនត្រឹមនាំ​កិត្តិយស​មក​អោយ​កម្ពុជាប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​កង​កំលាំង​មនុស្សធម៌​ដ៏​ធំ​នេះ កង​ទ័ព​កម្ពុជា​បាន​ទទួល​ប្រាក់​បៀវត្សរ៍មួយ​ខ្ពស់​សម្រាប់​លើក​កម្ពស់​ជីវភាព ក្នុង​ពេល​ប្រាក់ខែ​កងទ័ព​ក្នុង​ស្រុក​មាន​កំរិត​ទាប។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ អ៊ឹម ណាវិន

ជាថ្មី​ម្តង​ទៀត កង​កម្លំាង​វិស្វកម្ម ចំនួន ១៩៣​នាក់ របស់​ប្រទេស​កម្ពុជា បាន​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ឯ​ប្រទេស​លីបង់ បន្ថែម​ទៀត​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​១៧​វិច្ឆិកា​នេះ ក្នុង​ក្របខ័ណ្ឌ​កងកម្លំាង​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។

 
កាលពី​ថ្ងៃ ចន្ទ​សបា្តហ៍​មុន កម្ពុជា​បាន​បញ្ជូន​កងកម្លំាង​២១​នាក់​រួច​ហើយ​ទៅ​កាន់​ប្រទេស លីបង់ ដើម្បី​រក្សា​សន្តិភាព​ក្នុង​ប្រទេស​នេះ​។

លោក ណឹម សុវ៉ាទ្ឋិ ប្រធាន​អគ្គនាយក គោលនយោបាយ​កិច្ចការ​បរទេស នៃ​ក្រសួង​ការពារជាតិ​មាន​ប្រសាសន៍​ថា កងកម្លំាង វិស្វកម្ម កម្ពុជា​ទំាង​១៩៣​រូប​ក្នុង​នោះ​មាន​ស្រ្តី​៤​រូប​ផង​ដែរ មាន​ភារកិច្ច​ទទួល​ការ​សាងសង់​អគារ​សាងសង់​ស្ពាន​ថ្នល់ ​និង​​បោសសម្អាត​មីន។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ ដែលមាន​ស្ត្រី​ចូលរួម​ក្នុង​​កងកម្លំាង​ប្រទេស​កម្ពុជា ពាក់មួកខៀវ​​របស់​អង្គការ​សហប្រជាជាតិ​។ ចាប់ពី​ឆ្នាំ​២០០៦ កងកម្លំាង​កម្ពុជា បាន​ចូល​រួម​ថែ​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ស៊ូដង់ ប្រទេស​ឆាដ​សាធារណរដ្ឋ​​អាហ្វ្រិច​កណ្តាល និង​ប្រទេស​លីបង់​នេះ។

ជាសរុប មក​ដល់​ពេល​នេះ កម្ពុជា បាន​បញ្ជូន​កំលាំង ចូល​រួម​ថែ​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ បាន​ចំនួន ៨៤៤ នាក់។
លោក ណឹម សុវ៉ាទ្ឋិ បាន​អោយ​ដឹង​ថា កម្ពុជា កំពុង​បណ្តុះ​បណ្តាល កងកម្លំាង​រក្សា​សន្តិភាព ជា​ច្រើន​ជំនាញ​ទៀត ដើម្បី​ចូល​រួម​ការងារ ជា​មួយ​អង្គការ​សហប្រជាជាតិ ក្នុង​បេសកកម្ម រក្សា​សន្តិភាព ក្នុង​ពិភពលោក។

ទៅ​ថ្ងៃ​មុខ កម្ពុជា មិន​ត្រឹម​បញ្ជូន តែ​កម្លំាង​ជា​កងពល​នោះ​ទេ។ កម្ពុជា បាន​ត្រៀម​ធនធាន​មនុស្ស​ជា​លក្ខណៈ​បុគ្គល ដើម្បី​ទៅ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

នាយក​រដ្ឋមន្រ្តី កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន ប្រកាស​រួច​ហើយ​ថា កម្ពុជា ស្វាគមន៍ ជានិច្ច ក្នុង​ការ​បញ្ជូន​កង​កម្លំាង​តាម​សំណើ របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​រក្សា​សន្តិភាព​ប៉ុន្តែ​មិនមែន​ដើម្បី​សង្រ្គាម​ជាមួយ​ប្រទេស​ណា​មួយ​នោះ​ទេ។
 

ក្នុង​បេសកកម្ម អង្គការ​សហប្រជាជាតិ កង​កម្លំាង​កម្ពុជា មិនត្រឹម​នាំ​មក​នូវ កេរ្តិ៍ឈ្មោះ អោយ​ប្រទេស​ជាតិ​នោះ​ទេ។ ការងារ​ក្របខ័ណ្ឌ​មួក​ខៀវ​បាន​ផ្តល់ ប្រាក់​បៀវត្សរ៍​ជាង ១ ០០០​ដុល្លារ ក្នុង​មួយ​ខែ​ដល់​កងទ័ព​កម្ពុជា។ ប្រាក់​បៀវត្សរ៍​ខ្ពស់​នេះ បាន​ជួយ​លើក​ស្ទួយ​ជីវភាព​កងទ័ព​កម្ពុជា មួយ​ផ្នែក ក្នុង​ខណៈ​ប្រាក់ខែ​ក្នុង​ស្រុក នៅ​មាន​កំរិត​ទាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI