កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួលបាន​ពាក្យ​បណ្តឹង​ចំនួន ៣០

លោក កែវ​ រ៉េមី​ អ្នក​នាំពាក្យ​​​របស់​​ក្រុម​​ប្រឹក្សាជាតិ​​ប្រឆាំង​​អំពើ​​ពុករលួយ (រូបបណ្ណាសារ)
លោក កែវ​ រ៉េមី​ អ្នក​នាំពាក្យ​​​របស់​​ក្រុម​​ប្រឹក្សាជាតិ​​ប្រឆាំង​​អំពើ​​ពុករលួយ (រូបបណ្ណាសារ) © វណ្ណារ៉ា

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ថ្លែង​ថា រហូត​មក​ទល់​នឹង​ពេលនេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបាន​ទទួល​ពាក្យ​បណ្តឹង​​ចំនួន ៣០ និង​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​ដើម្បី​ប្រមូល​ភស្តុតាង​រឹងមាំ មុន​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់។ ប៉ុន្តែ មន្ត្រី​បក្សប្រឆាំង​បាន​ថ្លែង​ថា ខ្លួន​ហាក់​ដូចជា​គ្មាន​ជំនឿ​លើ​អង្គភាពនេះ​ឡើយ ដោយសារ​តែ​មន្ត្រី​ដែលជា​អ្នកប្រឆាំង​អំពើ​ពុករលួយ ស្ថិតនៅ​ក្រោម​រដ្ឋាភិបាល​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​នេត្រ ភក្រ្តា

យ៉ាងហោច​ណាស់​ក៏​សំណុំរឿង​ទាក់ទង​នឹង​អំពើ​ពុករលួយ​ចំនួន​ ៣០​បណ្តឹង​កំពុងតែ​ស្ថិតនៅ​ក្នុង​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ នេះ​គឺជា​ការថ្លែង​ឲ្យដឹង នៅថ្ងៃសុក្រនេះ​របស់​លោក​កែវ​ រ៉េមី សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ និង​ជា​អ្នកនាំពាក្យ​របស់​ស្ថាប័ន​នេះ។ លោក​កែវ​ រ៉េមី ​ថ្លែងថា​ ពាក្យ​បណ្តឹង​ ទទួល​បាន​មកពី​ប្រជាពលរដ្ឋ​ ដែលខ្លះ​ជាពាក្យ​បណ្តឹង​អនាមិក ហើយ​មន្ត្រី​នៃអង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ​កំពុងតែ​ស្វែងរក​ភស្តុតាង​បន្ថែម មុននឹង​ឈានដល់​ការចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹងជនល្មើស។

ដោយថ្លែង​ថា ដំណើរការ​ស៊ើបអង្កេត​ប្រព្រឹត្ត​ទៅជា​សំងាត់​ លោក​កែវ រ៉េមី ​មិនអាច​បញ្ជាក់​បាន​ពី​សំណុំរឿង​ទាក់ទង​ ទីកន្លែង​នៃរឿង​ហេតុ​ និង​បុគ្គល​ដែលពាក់ព័ន្ធ​បានឡើយ​ ព្រោះវា​អាចនឹង​ប៉ះពាល់​ដល់​ដំណើរការ នៃ​ការស៊ើបអង្កេត។ ប៉ុន្តែ ទោះយ៉ាងណា​ លោកកែវ​ រ៉េមី ​មានប្រសាសន៍​ថា ពាក្យ​បណ្តឹង​ប្រឆាំង​អំពើ​ពុករលួយ​មាន​ការកើនឡើង គឺ​បញ្ជាក់​ពី​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នេះ។ ជាមួយគ្នា​នេះដែរ​ លោក​កែវ ​រ៉េមី​ ក៏បាន​លើកឡើង​ពី​ផលវិបាក​ក្នុង​ការស្វែង​រកភស្តុតាង​ និង​សាក្សី ឲ្យ​រឹងមាំ​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​ដែរ ព្រោះ​សាក្សីខ្លះ​បាន​ផ្លាស់ប្តូរ​ចិត្ត នៅ​ពេល​ស៊ើប​អង្កេត។

ទាក់ទង​នឹង​ការប្រឆាំង​អំពើ​ពុករលួយ​ មន្ត្រី​បក្ស​ប្រឆាំង​មិនមាន​ជំនឿ​ចំពោះ​អង្គភាព​នេះ​ឡើយ ដោយសារ​តែ​មន្ត្រី​ដែល​ជាអ្នក​ប្រឆាំង​អំពើ​ពុករលួយ​ស្ថិតនៅ​ក្រោម​រដ្ឋាភិបាល​កម្ពុជា​ ដែលគេ​តែងតែចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ លោក​សុន​ ឆ័យ​ បាន​ថ្លែងថា​ គណបក្ស​សម រង្ស៊ី បាន​ចាត់ទុក​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ថា គ្មាន​ប្រយោជន៍​ ហើយ​ស្ថាប័ន​នេះ​នឹង​គ្មាន​សមត្ថភាព ក្នុងការ​​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុករលួយ​ឡើយ។​ ប៉ុន្តែ​លោក​កែវ​ រ៉េមី​ បានថ្លែង​ថា ​អំពើពុករលួយ​បាន​ថយ​ចុះខ្លះ​ ចាប់តាំង​ពី​ច្បាប់ប្រឆាំង​អំពើ​ពុករលួយ ចូលជា​ធរមាន​ និង​មាន​ការបង្កើត​អង្គភាព ​និង​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI