កម្ពុជា​-ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត្រៀម​ខ្លួន​​ចូល​រួម​កិច្ចប្រជុំ​GBC​នៅ​ហ្សាការតា

លោក ទៀ បាញ់ និង​ សមភាគី​ថៃ ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ថ្ងៃ​ទី ២៨ វិច្ឆិកា ២០០៩
លោក ទៀ បាញ់ និង​ សមភាគី​ថៃ ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ថ្ងៃ​ទី ២៨ វិច្ឆិកា ២០០៩ © CEN

ក្រសួង​ការពារ​ជាតិ​កម្ពុជា​កំពុង​រៀបចំ​ខ្លួន ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ជាមួយ​សមភាគី នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។ ការត្រៀម​ខ្លួន​របស់​កម្ពុជា​ធ្វើ​ឡើង​ក្រោយ​ពី ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​រៀបចំ​ជំនួប​ពិភាក្សា​ជា​ថ្មី​ទៀត​រវាង​កម្ពុជា និងថៃ ដែល​ម្តង​នេះ គឺ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ក្រុមគណៈកម្មការ​ចម្រុះ​ព្រំដែន។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​កំពុង​រៀបចំ​សំណុំ​ឯកសារ​ ដើម្បី​ត្រៀម​លក្ខណៈ​ទៅ​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ជាមួយ​ក្រសួង​ការពារ​ជាតិ​ថៃ ក្នុង​ករណី​ដែល​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​កោះ​អញ្ជើញ​នៅ​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្តម​សេនីយឯក ឈុំ សុជាតិ។ ជា​ការ​ពិត​កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សាការតា ក្រោម​ក្រសែ​ភ្នែក​ភាគី​ទី​៣​ជា​សាក្សី​ គឺ​ប្រទេស​ឥណ្ឌូនេស៊ី។

            កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​អោយ​ដឹង​ថា ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​រៀបចំ​អោយ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ​ប្រទេស​កម្ពុជា​ថៃ និង​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​ផង​ដែរ។

            តាម​កាលវិភាគ នៅឆ្នាំ​នេះ កម្ពុជា​ដល់​វេន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ។ កិច្ចប្រជុំ​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ​ចំនួន​៧​លើក​មក​ហើយ​នោះ ត្រូវ​ពិភាក្សា​លើ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​តាម​ព្រំដែន ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន និង​ជួយ​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ​ជាដើម។

            ប៉ុន្តែ​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នៅ​ពេល​នេះ នឹង​ត្រូវ​រៀបចំ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នេះ​អាច​ជា​ការ​អនុវត្តន៍​សេចក្តី​សំរេច ឬ​ការ​ព្រមព្រៀង​គ្នា​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ​កន្លង​ទៅ។ កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ ក្រោម​ការ​សម្របសម្រួល​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កិច្ច​ព្រមព្រៀង​ឈប់បាញ់​ត្រូវ​បាន​ទទួល​យក​ដោយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ។ នៅក្នុង​ការ​ពិភាក្សា​នា​ពេល​នោះ កម្ពុជា​បាន​ស្នើ​ថា រាល់​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ត្រូវ​មាន​វត្តមាន​តំណាង​ប្រធាន​អាស៊ាន​ទៀត​ផង។

            ទោះយ៉ាងណា​ក៏​ដោយ ឥណ្ឌូនេស៊ី​នៅមិន​ទាន់​ប្រាប់​អោយ​ដឹង​អំពី​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​ទាំងពីរ​នេះ​នៅ​ឡើយ​ទេ គឺ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​កម្ពុជា-ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI