កម្ពុជា

ថវិកា​ឆ្នាំ​២០១១​របស់​រដ្ឋាភិបាល​ផ្តោត​លើ​វិស័យ​អប់រំ និង​សុខាភិបាល

រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ថវិកា​ច្រើន​ជាងមុន​សម្រាប់​វិស័យ​អប់រំ
រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ថវិកា​ច្រើន​ជាងមុន​សម្រាប់​វិស័យ​អប់រំ ©Reuters

ខុស​ពី​ឆ្នាំ២០១០ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាទិភាព ទៅ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​សង្គម។ នៅឆ្នាំ​២០១១ ខាងមុខ​នេះ រដ្ឋាភិបាល​បាន​ទម្លាក់​ទឹកប្រាក់ ទៅលើ​វិស័យ អប់រំ និង សុខាភិបាល​អោយបាន​ច្រើន​វិញម្តង។ ទោះ​បី​មិន​ពេញចិត្ត​ទំាងស្រុង តែ បក្ស​ប្រឆំាង យល់ស្រប​ថា វិស័យ​ទំាងពីរ​ជា​វិស័យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ចាំបាច់។

ផ្សាយពាណិជ្ជកម្ម

ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​សម្រាប់​ការកសាង​ប្រទេស​ក្នុង​ឆ្នាំ​២០១១ ខាងមុខ​នេះ។ បរិមាណ​ទឹកប្រាក់​ប្រចំា​ឆ្នាំ ២០១១​នេះ បាន​កើនឡើង​ជាង​ឆ្នាំ២០១០ ចំនួន​១៨%។

 
នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋសភា និង​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ លើ​ការបែងចែក ថវិកា​របស់​រដ្ឋាភិបាល​លើ​គ្រប់​វិស័យ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១១ នៅ​ព្រឹកមិញ​នេះ លោក ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់​រដ្ឋសភា មាន​ប្រសាសន៍ថា ក្នុង​កញ្ចប់​ថវិកា​ឆ្នាំ ២០១១ រដ្ឋាភិបាល​បាន​ផ្តោត​ទៅ​លើ​វិស័យ​សង្គមកិច្ច រួមមាន​វិស័យ​អប់រំ និង​សុខាភិបាល ជា​សំខាន់។

នៅ​ឆ្នាំ​២០១១ ក្រសួង​សុខាភិបាល​ទទួល​ថវិកា​សម្រាប់​ចំណាយ ប្រចាំឆ្នាំ ជាង​១០០​លាន​ដុល្លារ កើន​ជាង​ឆ្នាំ ២០១០ ចំនួន ១១%។ ក្រសួង​អប់រំ​ទទួល​បាន​ថវិកា​ប្រមាណ​ជាង ២៣០ លាន​ដុល្លារ កើន​ជាង​​ឆ្នាំ ២០១០​ ចំនួន ១៨%។

មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋសភា​បញ្ជាក់​ថា កញ្ចប់​ថវិកា​នេះ ក្រសួង​ទំាងពីរ និង​ប្រើប្រាស់ ជា​សំខាន់​សម្រាប់​ការអប់រំ និង​ការថែទំា​សុខភាព​នៅ​ជនបទ។

ចំណែកឯ វិស័យ​ការពារជាតិ និង​សន្តិសុខ​សង្គម លោក​ជាម យៀប​បាន​អោយ​ដឹង​ថា រដ្ឋាភិបាល​មិនបាន​ដំឡើង​ខ្ទង់​ចំណាយ​អោយ​លើស ពី​ឆ្នាំ២០១០​នោះទេ។ ឆ្នាំ​២០១០​ រដ្ឋាភិបាល​បាន​ចំណាយ​ទៅលើ​វិស័យ​ការពារ​ជាតិ អស់ ២០% នៃ​ថវិកា​សរុប​របស់​ជាតិ។

ជា​សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀម បាន​គូស​បញ្ជាក់​បន្ត ថា ចាប់​ពី​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ពី​ឆ្នាំ ២០០៨​មក រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ខ្ពស់​លើ​វិស័យ​ការពារជាតិ​ ប៉ុន្តែ​ពេលនេះ ស្ថានការណ៍ ព្រំដែន​ស្ងប់ស្ងាត់ សន្តិសុខ​ក្នុង ប្រទេស​មាន​លក្ខណៈ​ល្អប្រសើរ។ ដូច្នេះ រដ្ឋាភិបាល​មិន​ដំឡើង​ការចំណាយ​លើ​វិស័យ​យោធា ដូចមុន​ទៀត​នោះទេ។

គណបក្ស​ប្រឆំាង​បាន​គំាទ្រ ចំពោះ​ការដំឡើង​ថវិកា​លើ​វិស័យ​អប់រំ និង​សុខាភិបាល​ ទោះបី ចំនួន​ថវិកា​នោះ​នៅ​តិចតូច យ៉ាងណា​ក្តី។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និង ជា​អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី​បាន​លើក​ឡើង​ ថា នៅ​កម្ពុជា មាន​ទម្លាប់មួយ​គឺ ច្បាប់នៅ​ច្បាស់​តែ​លើ​ក្រដាស តែ​ការអនុវត្តន៍ ច្រើន​ផ្ទុយ​ពីច្បាប់។ លោក​មាន​ប្រសាសន៍ថា លោក​នឹង​ចាំ​មើល​ការអនុវត្តន៍ ច្បាប់​ថវិកា ២០១១ ថា​យ៉ាងមេ្តចទៀត។

ច្បាប់​ថវិកា សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១១​នេះ និង​ត្រូវ​រដ្ឋសភា​អនុម័ត ក្នុង​ពេលខាងមុខ​ឆាប់ៗ​នេះ។ សូម​បញ្ជាក់​ថា ក្នុង​ចំណោម​កញ្ចប់​ថវិកា ជាង​២ ពាន់​លាន​ដុល្លារ​នោះ ជាង​៥០% ជា​ប្រាក់​ចំណូល​ក្នុងស្រុក និង​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​កម្ពុជា។ សល់​ពី​នោះ​ជា ថវិកា​ផ្តល់​អោយ​ដោយ​ដៃគូ​អភិវឌ្ឍន៍ បរទេស​នានា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI