កម្ពុជា

លោក រាជ សម្បត្តិ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលាក្តីខ្មែរក្រហម​ទទួល​មរណភាព

លោក​រាជ​សម្បត្តិ​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលាក្តីខ្មែរក្រហម​ទទួល​មរណភាព នៅថ្ងៃ​អង្គារ ទី ១០ ឧសភា ២០១១
លោក​រាជ​សម្បត្តិ​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលាក្តីខ្មែរក្រហម​ទទួល​មរណភាព នៅថ្ងៃ​អង្គារ ទី ១០ ឧសភា ២០១១ ©ECCC

លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ របស់​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បាន​ទទួលមរណភាព កាលពី​ម៉ោង ៨ និង ៤៥ នាទី យប់​ថ្ងៃ​ទី​១១​ឧសភា ឆ្នាំ​២០១១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក្នុង​ទីក្រុង​ភ្នំពេញ​។ អ្នកកាសែត​ជើង​ចាស់​លោក រាជ សម្បត្តិ មាន​បញ្ហា​លើសឈាម កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​ឧសភា វេលា​ម៉ោង ៤ និង ៣០ នាទី​ នៅ​ពេល​លោក​កំពុង​បំពេញ​ការងារ នៅ​សាលាក្តី​ខ្មែរក្រហម។

ផ្សាយពាណិជ្ជកម្ម

ដោយសារ​តែ​ស្ថានភាព​លើសឈាម​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ បាន​ធ្វើឲ្យ​លោក រាជ សម្បត្តិ ដាច់​សរសៃឈាម ក្នុង​ខួរក្បាល។ ក្រុម​គ្រូពេទ្យ​កម្ពុជា និង​បរទេស បាន​ខិតខំ​ជួយសង្គ្រោះ លោក រាជ សម្បត្តិ និង​មាន​គម្រោង​បញ្ជូន​លោក ទៅ​ព្យាបាល​នៅ​ទីក្រុង​បាងកក។​ ក៏ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ លោក រាជ សម្បត្តិ បានទទួល​មរណៈ នៅ​ម៉ោង ៨ និង ៤៥ នាទី យប់​ថ្ងៃ​ទី​១១​ឧសភា។

មាន​អាយុ ៤៧ ឆ្នាំ លោក រាជ សម្បត្តិ មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង។ លោក រាជ សម្បត្តិ ជា​កូនកំព្រា ដោយសារ​ឳពុក​ម្តាយ ត្រូវបាន​សម្លាប់ ក្នុង​របប​ខ្មែរក្រហម។

ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ជាច្រើន​ផ្នែក​សារព័ត៌មាន​មកពី​បរទេស លោក រាជ សម្បតិ្ត បាន​ប្រកប​អាជីព​ជា​អ្នកកាសែត​ដ៏​មាន​ស្នាដៃ​អស់​ពេល​ជាង ២០ ឆ្នាំ បម្រើការ នៅ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ជា​ច្រើន មុន​នឹង​លោក​បាន​ក្លាយជា​អ្នកនាំពាក្យ​តុលាការ​ខ្មែរក្រហម នៅ​ដើមឆ្នាំ​២០០៦។ ក្រោយមក លោក រាជ សម្បត្តិ បាន​ក្លាយជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ចម្រុះ​នេះ។

ក្រៅ​ពី​ការងារ​ប្រចាំ​ថ្ងៃ នៅ​សាលាក្តី​ខ្មែរក្រហម លោក រាជ សម្បត្តិ ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​កាសែត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ។ លោក រាជ សម្បត្តិ បាន​បន្សល់ទុក​នូវ​ភរិយា និង​កូនប្រុស ស្រី ៣ នាក់។

សព​លោក រាជ សម្បត្តិ ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់​លោក ផ្ទះ​លេខ ៤៨៧ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ម្តុំ​អូរ​បែកក្អម នឹង​ត្រូវ​ដង្ហែ​ទៅ​បូជា នៅ​វត្ត​វង្គត់​បូរី ក្នុង​សង្កាត់​ទឹកថ្លា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥​ឧសភា ឆ្នាំ​២០១១។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ ឧសភា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ក្លឹប​អ្នកកាសែត​កម្ពុជា ដឹកនាំ​ដោយ​លោក ប៉ែន សមិទ្ធិ បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក រាជ សម្បត្តិ។

សារ​រំលែក​ទុក្ខ​ជាច្រើន ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់។ ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី និង​ភរិយា ក៏​បាន​ផ្ញើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​សព​លោក រាជ សម្បត្តិ។

ក្នុង​លិខិត​ជូន​ភរិយា​លោក រាជ សម្បត្តិ នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ក្តី​តក់ស្លុត រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង និង​សម្តែង​នូវ​ការស្តាយស្រណោះ​អាឡោះអាល័យ​ក្រៃលែង​ចំពោះ​មរណភាព​លោក រាជសម្បត្តិ។

រីឯ​ក្លឹប​អ្នកកាសែត​កម្ពុជា របស់លោក ប៉ែន​សមិទ្ធិ បានចាត់ទុក​មរណភាព​របស់លោក រាជ សម្បត្តិ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​សម្រាប់​សារព័ត៌មាន​កម្ពុជា។ លោក រាជ សម្បត្តិ ជា​សាស្ត្រាចារ្យ​សារព័ត៌មាន និង​ជា​អ្នកសារព័ត៌មាន​កម្ពុជា​ដ៏​មាន​ស្នាដៃ​ម្នាក់ ហើយ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំណែក​សមាគម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម បាន​ហៅ​បេសកកម្ម​របស់​លោក រាជ សម្បត្តិ នៅ​សាលាក្តី​ខ្មែរក្រហម រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ ថា​ជា​វិភាគទាន​យ៉ាង​ធំធេង​ដើម្បី​ធ្វើអោយ​សះជា នូវរ​បួស​ផ្លូវចិត្ត​របស់​ជនរងគ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI