កម្ពុជា​

ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ប្រឆាំង​ថៃ​នៅ​មុខ​តុលាការ​ឡាអេ

បាតុករខ្មែរ​ នៅ​ក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃ​ទី ២៨ ឧសភា ២០១១
បាតុករខ្មែរ​ នៅ​ក្រុង​ឡាអេ ប្រទេស​ហូឡង់ ថ្ងៃ​ទី ២៨ ឧសភា ២០១១ © ម៉ាណាត

ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​មួយ​នៅ​មុខ​តុលាការ​ទីក្រុង​ឡាអេ​នៅ​ប្រទេស​ហូឡង់​នៅ​ថ្ងៃទី​២៨​ និង​៣០​ឧសភា​នេះ​ ដើម្បី​ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​របស់​ថៃ​ពិសេស​ការ​ប៉ុនប៉ង​ចង់​បាន​ប្រាសាទ​នានា​របស់​ខ្មែរ។ ​សេចក្តី​អំពាវនាវ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រពន្ធ័​អ៊ិនធឺណែត​ទៅ​គ្រប់​ទិសទី។ ​នៅ​ឯ​កម្ពុជា​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​អះអាង​ថា​បាន​ទទួល​ព័ត៌មាន​នេះដែរ​ និង​បាន​គាំទ្រ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ​តែ​មន្ត្រី​ក្រសួង​ការបរទេស​សំណូមពរ​កុំឲ្យ​បាតុករ​រំខាន​ដល់​តុលាការ។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សារ​អេឡិចត្រូនិច​ដែល​គេ​អាច​ទទួល​បាន​នៅ​កម្ពុជា ​អ្នក​រៀបចំ​កម្មវិធី​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ចូល​រួម​បាតុកម្ម​អហិង្សា​មួយ​នៅ​ពី​មុខ​អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ​ប្រទេស​ហូឡង់។ ​បាតុកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៨​ ឧសភា​នេះ ​និង​នៅ​ថ្ងៃ​ទី​៣០​ឧសភា​ម្តង​ទៀត។ ​គោល​បំណង​នៃ​ការ​រៀបចំ​បាតុកម្ម​ គឺ​ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​ថៃ​បញ្ឈប់​ការ​ឈ្លានពាន​មក​លើ​កម្ពុជា​ ជំរុញ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ឲ្យ​ថ្កោលទោស​ថៃ​ឈ្លានពាន​ និង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​លក្ខណៈ​អន្តរជាតិ។
 

លោក គ្រី សេនា អ្នក​ផ្តួច​ផ្តើម​រៀប​ចំ​បាតុកម្ម​នៅ​ក្រុង​ឡាអេ ប្រទេស​ហូឡង់

ការ​រៀបចំ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ខណៈ​ដែល​តុលាការ​ទីក្រុង​ឡាអេ​កំពុង​រៀបចំ​បើក​សវនាការ​ ស្តីពី​ចំណាត់ការ​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​គ្រោះថ្នាក់​នៃ​ការ​ឈ្លានពាន។ ​សវនាការ​នេះ​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​៣០​និង​៣១​ឧសភា​នេះ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ភាគី​ថៃ​និង​កម្ពុជា។ ​លោក ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​ស្តាប់​សវនាការ​នេះ។ នៅ​ឯ​កម្ពុជា​ឯណេះ ​លោក ​កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​អះអាង​ថា ​លោក​ក៏​បាន​ទទួល​ព័ត៌មាន​ស្តីពី​បាតុកម្ម​នេះ​ដែរ។​ លោក​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ​ក៏​ប៉ុន្តែ ​មន្ត្រី​ក្រសួង​ការបរទេស​រូប​នេះ​សំណូមពរ​ថា ​បាតុកម្ម​គួរ​ធ្វើ​នៅ​ពី​មុខ​ស្ថានទូត​ថៃ​នៅ​ទីក្រុង​ឡាអេ​ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​តុលាការ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ទីក្រុង​ឡាអេ​កាលពី​ថ្ងៃ​ទី​២៨​មេសា​ឆ្នាំ​២០១១​ដោយ​ប្តឹង​ទាមទារ​ឲ្យ​តុលាការ​ចាត់ការ​សំណុំ​រឿង​ពីរ​ផ្សេង​គ្នា​គឺ ​ទី១​សុំ​ឲ្យ​តុលាការ​ឡាអេ​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២​ ស្តីពី​ប្រាសាទ​ព្រះវិហារ ​និង​ទី២ សុំ​ឲ្យ​តុលាការ​នេះ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​គ្រោះថ្នាក់​នៃ​ការ​ឈ្លានពាន។ ​ឥឡូវ​នេះ ​តុលាការ​បាន​លើក​យក​សំណើ​ទី២​នេះ​មក​ដោះស្រាយ​មុន។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​អង្គការ​យូណេស្កូ ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ទើបតែ​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​សម្រប​សម្រួល​រវាង​កម្ពុជា​ ស្តីពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ថៃ​ដែរ។ ​ប៉ុន្តែ ​កិច្ច​ប្រជុំ​នេះ​មិន​សម្រេច​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​អ្វីទេ​ដោយសារ​តែ​ថៃ​ព្យាយាម​ធ្វើ​ឲ្យ​រាំង​ស្ទះ។ ​នេះ​អាច​ជា​ហេតុផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI