កម្ពុជា

សមរង្ស៊ី៖ សមិទ្ធិផល​១៥​ឆ្នាំ​របស់​គណបក្ស​សមរង្ស៊ី គឺការដឹកនាំ​បាតុកម្ម​តវ៉ា

លោក​សម រង្ស៊ី​ថ្លែង​ក្នុង​ខួប​១៥ ឆ្នាំ នៃ​សមិទ្ធិផល​របស់​គណបក្ស​សម រង្ស៊ី
លោក​សម រង្ស៊ី​ថ្លែង​ក្នុង​ខួប​១៥ ឆ្នាំ នៃ​សមិទ្ធិផល​របស់​គណបក្ស​សម រង្ស៊ី ©លី ម៉េងហូរ

នៅ​ថ្ងៃ​២​វិច្ឆិកា​នេះ គណបក្ស​សមរង្ស៊ី បាន​ប្រារព្ធ​ខួប ១៥ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ជាតិ​ខ្មែរ ដែល​ក្រោយមក បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​សមរង្ស៊ី កាលពី​ឆ្នាំ​១៩៩៥។ សមិទ្ធិផល​ក្នុង​រយៈពេល ១៥ ឆ្នាំ របស់​គណបក្សប្រឆាំង ត្រូវបាន​លើក​បង្ហាញ​ជាច្រើន ក្នុងនោះ​លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន រស់នៅ​ប្រទេស​បារាំង បាន​ចាត់ទុក ការដឹកនាំ​ធ្វើ​បាតុកម្ម និង​កូដកម្ម​តវ៉ា គឺជា​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​សម រង្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

ជា​សេចក្តីប្រកាស​ដែល​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១០ នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី ក្នុង​ខួប​លើក​ទី​១៥ នៃ​ថ្ងៃ​បង្កើត​គណបក្ស​សមរង្ស៊ី ថ្ងៃ​២​វិច្ឆិកា ឆ្នាំ​១៩៩៥-​ថ្ងៃ​២​វិច្ឆិកា ឆ្នាំ​២០១០។

ថ្លែង​តាម​វីដេអូ​អ៊ីនធ័រណេត ពី​ប្រទេស​បារាំង ដែល​មាន​ការរអាក់រអួល កាត់ផ្តាច់​កណ្តាល​ទី ចំពោះមុខ​សកម្មជន​គាំទ្រ​ជាង ១.០០០ នាក់ លោក សម រង្ស៊ី បាន​លើកឡើង​ថា ១៥ ឆ្នាំ​ហើយ ដែល​គណបក្ស សមរង្ស៊ី បាន​ជួយ​រៀបចំ​ឲ្យ​មាន​កាសែត​ប្រឆាំង និង​សហជីព​កម្មករ ព្រមទាំង​ជួយ​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ក្រោយ​សម័យ​កុម្មុយនីស្ត។

លោក សមរង្ស៊ី បានបញ្ជាក់​ថា៖ “យើង​បាន​រៀបចំ​ដឹកនាំ​ធ្វើបាតុកម្ម ការពារ​មិនត្រឹម​តែ​កម្មករ តែ​យើង​ការពារ​កសិករ ការពារ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន។ ដូច្នេះ​តាម​លោក​សម រង្ស៊ី គណបក្ស​ប្រឆាំង បាន​ត្រួសត្រាយ បើកផ្លូវ ជូន​ប្រជារាស្ត្រ​ខ្មែរ ឲ្យ​ហ៊ាន​ចេញមុខ​តវ៉ា ដើម្បី​សិទ្ធិ​សេរីភាព។

លោក សមរង្ស៊ី បាន​បន្ថែមថា ឥឡូវនេះ យើង​ឃើញ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​កម្មករ ទាំង​កសិករ ទាំង​គ្រូបង្រៀន ទាំង​និស្សិត អាជីវករ និង​ទាំង​មន្ត្រីរាជការ ហ៊ាន​ចេញ​មុខ ធ្វើ​ញត្តិ​តវ៉ា និង​ធ្វើ​បាតុកម្ម គឺ​ដោយសារ​គណបក្ស​សម រង្ស៊ី។

ក្រៅពី​សមិទ្ធិផល​ខាង​ដឹកនាំ​ធ្វើបាតុកម្ម លោក​សម រង្ស៊ី ក៏បាន​លើកឡើង​ពី​មរណភាព​របស់​សកម្មជន​គណបក្ស​សម រង្ស៊ី ប្រមាណ ៨០ រូប ដែល​ត្រូវ​បាន​សម្លាប់ និង​ស្លាប់ ក្នុង​បុព្វហេតុ​នយោបាយ និង​ការធ្វើ​បាតុកម្ម ដូច​ជា​ព្រឹត្តិការណ៍​គប់​គ្រាប់បែក ថ្ងៃ​៣១​មីនា ឆ្នាំ​១៩៩៧ ជាដើម។

មុន​នឹង​ប្រព័ន្ធ​ទូរស័ព្ទ​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង លោក​សម​រង្ស៊ី ក៏បាន​លើកឡើង​ពី​ការរក្សា​ជំហរ​ប្រឆាំង មិន​ប្រែប្រួល​របស់​លោក ក្នុង​រយៈពេល ២០ ឆ្នាំ ដែល​នាំ​ឲ្យ​ប៉ូល​នយោបាយ​នៅ​កម្ពុជា សព្វថ្ងៃនេះ មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រឆាំង និង​គណបក្សកាន់អំណាច។

ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ចំអក​ទៅកាន់​លោក​សម រង្ស៊ី​ភ្លាមៗ​ថា ការលើកឡើង​របស់​លោក​សម រង្ស៊ី ពី​សមិទ្ធិផល​ខាង​បាតុកម្ម គឺ​គ្រាន់តែ​ជា​ការនិយាយ​បោកប្រាស់​សាធារណ​មតិ​មួយ ដែល​ខ្លួន​ឯង​ទ័លច្រក រក​វិធី​ចូល​ស្រុក​មិនបាន។ ម្យ៉ាងទៀត រាល់​បាតុកម្ម និង​កូដកម្ម កន្លងមក សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI