កម្ពុជា

រដ្ឋសភា​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​បត្យាប័ន​រវាង​រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េខាងត្បូង

សភា​កម្ពុជា​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការធ្វើ​បត្យាប័ន​ជាមួយ​កូរ៉េខាងត្បូង
សភា​កម្ពុជា​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការធ្វើ​បត្យាប័ន​ជាមួយ​កូរ៉េខាងត្បូង ©លី ម៉េងហួរ

កិច្ចប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា​នេះ បាន​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​បត្យាប័ន រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង ។ កិច្ចព្រមព្រៀង បត្យាប័ន ដែល​ប្រមុខ​ការទូត​កម្ពុជា និង​កូរ៉េ បាន​ចុះហត្ថលេខា កាលពី​ខែ​តុលា ឆ្នាំ​២០០៩ បាន​កំណត់​ពី​ការផ្តោះប្តូរ​ទណ្ឌិត រវាង​ប្រទេស​ទាំង​ពីរ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​លី​ ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

សេចក្តីព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង​ត្រូវ​បាន​សមាជិក​សភា ៩៧​រូប បាន​លើកដៃ​អនុម័ត ដោយ​ឯកច្ឆន្ទ នៅក្នុង​កិច្ចប្រជុំ កាល​ពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១០។

កិច្ចព្រមព្រៀង​បត្យាប័ន​បាន​កំណត់​ឲ្យ​ភាគី​នីមួយៗ មាន​ភារកិច្ច​ធ្វើ​បត្យាប័ន ទៅ​ភាគី​ម្ខាង​ទៀត នូវ​ជន​ទាំងឡាយ​ណា ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ភាគី​ណាមួយ ហើយ​កំពុង​ត្រូវ​គេ​តាម​ចាប់ខ្លួន ដើម្បី​ធ្វើ​ការចោទ​ប្រកាន់ ធ្វើការ​ជំនុំជម្រះ​ក្តី ឬ​អនុវត្ត​ទណ្ឌកម្ម តាម​ទោស​កំណត់​នៅលើ​ទឹកដី​របស់​ភាគី​ម្ខាង​ទៀត ចំពោះ​បទល្មើស​ណាមួយ។

តាម​សេចក្តី​ថ្លែងហេតុ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កិច្ចព្រមព្រៀង​បត្យាប័ន​កម្ពុជា-កូរ៉េខាងត្បូង មាន​សារៈសំខាន់ និង​អត្ថប្រយោជន៍ ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធិភាព រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការលុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក សមភាព និង​ផលប្រយោជន៍​ទាំងសងខាង។

កិច្ចព្រមព្រៀង​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការចូលរួម​យ៉ាង​សកម្ម ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន៖ ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ការលាង​លុយកខ្វក់ ​ហិរញ្ញប្បទាន​ភេរវកម្ម ការជួញដូរ​អាវុធ និង​ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ ការប្រឆាំង​បទល្មើស​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ការប្រឆាំង​អំពើពុករលួយ។

លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដែល​ជា​តំណាង​រដ្ឋាភិបាល ការពារ​សេចក្តី​ព្រាង​ច្បាប់ បាន​ថ្លែង​ក្នុង​អង្គប្រជុំ​រដ្ឋសភា នៅ​ព្រឹកថ្ងៃ​សុក្រ​ទី ២៦​វិច្ឆិកា​ថា កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន កម្ពុជា-​កូរ៉េខាងត្បូង ដែល​រដ្ឋសភា​បាន​អនុម័ត នៅថ្ងៃនេះ ជាការ​ជម្រុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​ការរីកចម្រើន ហើយ​បង្កើន​ជំនឿ​ទុកចិត្ត ពិសេស​ដើម្បី​ការពារ​សិទ្ធិ​ខាង​ភាគី​កូរ៉េ ក៏ដូចជា​ភាគី​កម្ពុជា ដែល​បាន​ធ្វើការ នៅក្នុង​ប្រទេស​កូរ៉េ រួមទាំង​ការពារ​អ្នកវិនិយោគ ប្រទេស​ទាំង​ពីរ។

លោក​រដ្ឋមន្ត្រី អង្គ​វង្ស វឌ្ឍនា បាន​បន្ថែមថា ក្រសួង​យុត្តិធម៌ កំពុង​រៀបចំ​ចុះ​កិច្ចព្រមព្រៀង បត្យាប័ន ជាមួយ​ប្រទេស​មួយចំនួន​ទៀត ដូចជា ប្រទេស​រុស្ស៊ី និង​ប្រទេស​ឥណ្ឌា ដើម្បី​ឲ្យមាន​កិច្ចសហប្រតិបត្តិការ និង​រក្សា​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

សូមបញ្ជាក់​ថា កន្លងមក រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី បត្យាប័ន ដែល​និយាយ​ពី​ការផ្តោះប្តូរ អ្នកទោស និង​ឧក្រិដ្ឋជន ជាមួយ​ប្រទេស​ចិន ឡាវ និង​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI