លោកនាយករដ្ឋមន្ត្រីសង្ឃឹមលើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ពានដំបូងឆ្លងពីដីគោកខេត្តព្រះសីហនុទៅកោះពស់ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនរុស៊្សីលើកោះពស់នោះ ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃនេះ។ នៅក្នុងឱកាសធ្វើជាអធិបតីសម្ពោធស្ពាន ដែលមានតម្លៃ៣០លានដុល្លារនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហើបពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដែលនឹងកើតមាននៅក្នុងខេត្តព្រះសីហនុ។
ស្ពានឆ្លងកាត់សមុទ្រទៅកោះពស់តម្លៃ៣០លានដុល្លារ។ ស្ពាននេះស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរកោះពស់របស់ក្រុមហ៊ុនរុស៊្សីដែលមានតម្លៃ៣០០លានដុល្លារ។ ឆ្នេរសមុទ្រកម្ពុជាជាប់ឆ្នោតចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាត។ ចំនួនទេសចរកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងខេត្តជាប់សមុទ្រមួយនេះ។ តំបន់សេដ្ឋកិច្ចពិសេសចំនួនពីរកំពុងត្រូវសាងសង់នៅទីនោះ។ ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ កម្ពុជានឹងចាប់ផ្តើមចម្រាញ់ប្រេងបាតសមុទ្រជាលើកដំបូង។ សកម្មភាពដែលបង្ហាញពីសក្តានុពលសេដ្ឋកិច្ចទាំងនេះនៅក្នុងខេត្តព្រះសីហនុត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនរៀបរាប់អោយដឹងនៅក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ស្ពានដែលមានឈ្មោះថា តេជោមរកត នៅក្នុងខេត្តព្រះសីហនុកាលពីព្រឹកមិញនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានអត្ថាធិប្បាយផ្តោតក្តីសង្ឃឹមខ្លាំងទៅលើ ការរីកចម្រើននៅក្នុងខេត្តទេសចរមួយនេះនិយាយដោយឡែក និងការអភិវឌ្ឍន៍នៅតាមតំបន់ឆ្នេរសមុទ្រប៉ែកនិរតីប្រទេសនិយាយជារួម។ តំបន់ឆ្នេរដែលលោកចាត់ទុកថាជាក្បាលនាគនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផង។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាលោកចាន់ សុផលបានថ្លែងស្រដៀងគ្នានឹងលោកនាយករដ្ឋមន្ត្រីថា ខេត្តព្រះសីហនុនឹងក្លាយទៅជាតំបន់ដ៏មានសក្តានុពលសេដ្ឋកិច្ចមួយយ៉ាងខ្លាំង។ ប៉ុន្តែទន្ទឹមគ្នានេះ សេដ្ឋវិទូរូបនេះជំរុញអោយរដ្ឋាភិបាលបង្កើតជើងហោះហើរត្រង់ពីក្រុងសៀមរាបមកខេត្តព្រះសីហនុអោយបានលឿន ហើយថារដ្ឋាភិបាលក៏ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលរោងចក្រកាត់ដេរអោយមកនៅក្បែរតំបន់ឆ្នេរនេះ ក៏រឹតតែប្រសើរផងដែរសម្រាប់ការដឹកជញ្ជូននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ