កម្ពុជា

លីកាដូ ៖ ពន្ធនាគារ​កម្ពុជា ចង្អៀត​ណែន​ដោយមាន​អ្នកទោស​លើសចំណុះ

ទិដ្ឋភាព​នៅក្នុង​ពន្ធនាគា​រ​របស់​ប្រទេស​កម្ពុជា
ទិដ្ឋភាព​នៅក្នុង​ពន្ធនាគា​រ​របស់​ប្រទេស​កម្ពុជា © Licadho

របាយការណ៍​របស់​អង្គការ​លីកាដូ​ប្រចាំ​ខែ​កក្កដា​បានបង្ហាញ​ថា អ្នកទោស​នៅ​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​យ៉ាង​ខ្លាំង ដែល​នាំឲ្យ​មាន​ការចង្អៀត​ណែន​។ គិត​មក​ត្រឹម​ខែ​មេសា នៅ​កម្ពុជា ​មាន​អ្នកទោស​ក្នុង​ពន្ធនាគារ​​សរុបជាង ១៥.០០០ នាក់​។តាម​ចំណុះ​ ​ពន្ធនាគារ​​សព្វថ្ងៃ អាចដាក់​អ្នកទោស​បាន​ត្រឹមតែ​ជាង ៨.០០០ នាក់​ប៉ុណ្ណោះ​។​ 

ផ្សាយពាណិជ្ជកម្ម

 

របាយការណ៍​ពន្ធនាគា​រ​ដែល​មាន​ចំណងជើង​ថា ​ទំហំ​ដែល​ផ្ទុក​អ្នកទោស​បាន​ឆ្នាំ​២០១១ និយាយពី​ការ​ចង្អៀត​ណែន​របស់​អ្នកទោស​នៅ​កម្ពុជា​។ របាយការណ៍ ចេញផ្សាយ​នៅ​ខែកក្កដា ឆ្នាំ​២០១១ អង្គការ​លីកាដូ​បាន​លើកឡើង​ថា កំណើន​អ្នកទោស​នៅតាម​ពន្ធនាគារ​ទូទាំងប្រទេស​កម្ពុជា​បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

តាម​លីកាដូ ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា​ស្ថិត​នៅលើ​ផ្លូវ​មួយ​ដែល​នឹង​នាំទៅ​ដល់​ភាព​ចង្អៀត​ណែន​ខ្លាំង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​នា​ឆ្នាំ​២០១៨​។

របាយការណ៍​កម្រាស់ ៤២ ទំព័រ បង្ហាញថា ការ​ចង្អៀត​ណែន​ខ្លាំង​នៅក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌ ដែល​ពឹងផ្អែក​ទាំងស្រុង លើ​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។ ម្យ៉ាងទៀត ការដាក់​ឃុំឃាំង ក្នុង​ពន្ធនាគារ គឺជា​វិធី ដែល​បាន​កំណត់​សម្រាប់​អនុវត្ត​ស្ទើរ​គ្រប់​បទ​ល្មើស​ទាំងអស់ ដោយ​គិត​ចាប់​ពី​ករណី​លួច​មាន់ រហូត​ដល់​ករណី​ឃាតកម្ម។ ការឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សវនាការ ក៏​នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាងច្រើន​។

របាយការណ៍​ពន្ធនាគា​រ ត្រូវបាន​លីកាដូ​ចេញផ្សាយ​កាលពី​ឆ្នាំមុន​។ ក៏ប៉ុន្តែ​មួយឆ្នាំ​មកនេះ លីកាដូ​បាន​មើលឃើញ​ថា ស្ថានភាព​ពន្ធនាគារ​កម្ពុជា​ដែល​ចង្អៀត​ណែន មិន​មាន​ការផ្លាស់ប្តូរ​អ្វី​ច្រើន​ទេ​។ ចំពោះ​ផ្នែក​ខ្លះ​វិញ មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ។

គិត​មក​ត្រឹម​ថ្ងៃទី​២៥​មេសា ឆ្នាំ​២០១១ នៅ​ប្រទេស​កម្ពុជា​មាន​អ្នកទោស​ក្នុង​ពន្ធនាគារ​ទាំងអស់​សរុប​ចំនួន ១៥.០០១ នាក់​។ ចំនួន​នេះ​បាន​កើនឡើង ចាប់តាំងពី​ខែ​មីនា ឆ្នាំ​២០១០ ដែល​ពេលនោះ​មាន​ចំនួន​អ្នកទោស​សរុប​ចំនួន ១៣.៣២៥ នាក់​។

វិបត្តិ​នៃ​ភាព​ចង្អៀត​ណែន​ខ្លាំង​របស់​អ្នកទោស​នៅ​កម្ពុជា ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​គ្រប់គ្រង​ពន្ធនាគារ​បាន​លើកឡើង​ថា កំណើន​អ្នក​ជាប់​ពន្ធនាគារ ដោយសារតែ​ការបង្ក្រាប​បទល្មើស​។

ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បញ្ជាក់ថា បញ្ហាសំខាន់​ត្រូវ​អប់រំ​ប្រជាជន​អំពី​ច្បាប់ ដើម្បី​ឲ្យ​ពួកគេ​ចៀសវាង​ពី​សកម្មភាព​ខុសច្បាប់​។ ម្យ៉ាងទៀត បើសិនជា​ដោះ​លែងឲ្យ​មាន​អ្នក​នៅ​ក្រៅ​ឃុំ​កាន់តែច្រើន​នោះ​ ប្រព័ន្ធ​យុត្តិធម៌​នឹងត្រូវ​គេ​រិះគន់​ថា ​ធ្វើឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ជាមិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI