កម្ពុជា

សហព្រះរាជអាជ្ញា​ជាតិ​ប្រកាស​រក្សា​ជំហរ​មិន​ឲ្យ​មាន​សំណុំរឿង ០០៣​ទេ

លោក​ស្រី​ជា លាង សហព្រះរាជ​អាជ្ញា​កម្ពុជា​មិន​ចង់​ឲ្យ​មាន​សំណុំរឿង​០០៣
លោក​ស្រី​ជា លាង សហព្រះរាជ​អាជ្ញា​កម្ពុជា​មិន​ចង់​ឲ្យ​មាន​សំណុំរឿង​០០៣ ©ECCC

នៅថ្ងៃ​អង្គារ​ទី ១០ ឧសភា​នេះ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម បាន​ប្រកាស​ជំហរ​ជាថ្មី​ម្តងទៀត​ថា សំណុំរឿង​០០៣ មិន​គួរ​កើត​មាន​ទេ នៅក្នុង​អាណត្តិ​របស់​សាលាក្តី​ចម្រុះ ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា។ តាម​លោកស្រី ជា លាង តុលាការ​ចម្រុះ​នេះ គួរតែ​ផ្តល់​អាទិភាព​ទៅលើ​ការវិនិច្ឆ័យ​ទោស​ជនជាប់ចោទ ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​សព្វថ្ងៃ។ សេចក្តីថ្លែងការណ៍​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ​យ៉ាងដូ​ច្នេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក អាន់ឌ្រួ ខាលី ( Andrew Cayley ) បាន​ប្រកាស ចង់​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត ដំណើរការ​ចប់ចុង ចប់ដើម​លើ​សំណុំរឿង​០០៣។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​របស់​លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ ក្នុង​តុលាការ​ចម្រុះ​កាត់ទោស​មេខ្មែរក្រហម ទាក់ទង​នឹង​សំណុំរឿង​០០៣ បានបញ្ជាក់​ថា តាំងពី​ដំបូង និង​រហូត​មកដល់ពេលនេះ គឺ​ក្រោយពេល​ស៊ើបសួរ រហូត​ដល់​ការបិទ​ការស៊ើបសួរ របស់​សហ​ចៅក្រម​ស៊ើបអង្កេត លោកស្រី​បាន​ពិនិត្យ និង​មាន​ជំហរ​យ៉ាង​ច្បាស់​ថា ជនសង្ស័យ ដែល​មាន​ឈ្មោះ​នៅក្នុង​សំណុំរឿង​លេខ ០០៣ មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់ ហើយ​ក៏​មិនមែន​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​នាំ​មក​កាត់ទោស​ឡើយ។

ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​១០​ឧសភា ឆ្នាំ​២០១១ លោកស្រី​សហ​ព្រះរាជអាជ្ញា​ជាតិ បានបញ្ជាក់​ថា យោង​តាម​ច្បាប់​បង្កើត​តុលាការ​ខ្មែរក្រហម មាន​ជន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​ត្រូវ​យកមក​ធ្វើការ​កាត់ទោស ពោល​គឺ​មេដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ និង​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​ឧក្រិដ្ឋកម្ម សម្លាប់មនុស្ស ​ក្នុងសម័យ​ខ្មែរក្រហម អំឡុង​ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​៦​មករា ឆ្នាំ​១៩៧៩។

ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ដូច្នេះ សហ​ព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង ក៏​យល់ឃើញ​ថា សាលាក្តី​ចម្រុះ​នេះ គួរតែ​ផ្តល់​អាទិភាព​ទៅលើ​ការវិនិច្ឆ័យ​ទោស​ជនជាប់ចោទ ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​តុលាការ​ខ្មែរក្រហម។

ជា​ចុងក្រោយ សហ​ព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង បាន​ប្រកាន់​ជំហរ​ថា ជនសង្ស័យ ដែល​មាន​ឈ្មោះ នៅ​ក្នុង​សំណុំរឿង​លេខ ០០៣ មិន​ស្ថិតនៅ ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម ដែល​ត្រូវ​យក​មក​ធ្វើការ​កាត់សេចក្តី​ឡើយ ហើយ​ការកាត់សេចក្តី​ទៅលើ​ជនជាប់ចោទ ដែល​កំពុង​តែ​ជាប់ឃុំ នៅ​សាលាក្តី គឺជា​ការបំពេញ​បាន​យ៉ាង​គ្រប់គ្រាន់​ចំពោះ​អាណត្តិ​របស់​តុលាការ​នេះ។

សេចក្តីថ្លែងការណ៍​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ យ៉ាងដូ​ច្នេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក អានឌ្រូ ខាលី ( Andrew Cayley ) សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​បង្ហាញ​ពី​បំណង ចង់​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត ដំណើរការ​លើ​សំណុំរឿង​០០៣ តាមរយៈ​ការស៊ើបអង្កេត ប្រមូល​ភស្តុតាង​បន្ថែម និង​ចាប់​កាត់ទោស​លើ​អតីត​មេ​ខ្មែរក្រហម​ទាំង​នោះ។
សំណុំរឿង​០០៣ សហ​ចៅក្រម​ស៊ើបអង្កេត របស់​សាលាក្តី​ចម្រុះ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បាន​ប្រកាស​ពី​ការបញ្ចប់​ការ​ស៊ើបសួរ កាលពី​ថ្ងៃ​ទី​២៩​មេសា ឆ្នាំ​២០១១ ។ ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ អត្តសញ្ញាណរ​បស់​ជនសង្ស័យ ជា​អតីត​មេខ្មែរក្រហម នៅ​ក្នុង​សំណុំរឿង​លេខ ០០៣ មិន​ត្រូវបាន​ប្រកាស​ឲ្យដឹង​ឡើយ។ ប៉ុន្តែ តាម​ការផ្សព្វផ្សាយ​របស់​អ្នកសង្កេត តាមដាន​ដំណើរការ​សាលាក្តី ក្នុង​ សំណុំរឿង​លេខ ០០៣ មាន​អតីត​មេខ្មែរក្រហម ២ នាក់ គឺ លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ពជើងទឹក សម័យ​ខ្មែរក្រហម និង​លោក ស៊ូ ម៉េត អតីត​មេបញ្ជាការ​កងទ័ពអាកាស របស់​ខ្មែរក្រហម។

ការខ្វែងគំនិត រវាង​សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ ដែល​បាន​កើតឡើង​តាំងពី​ដើមទី ​លើ​សំណុំរឿង ០០៣ ត្រូវបាន​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម គូស​បញ្ជាក់​ថា តាម​វិធាន​ផ្ទៃក្នុង សហ​ចៅក្រម​ស៊ើបអង្កេត ជាអ្នកសម្រេច​ថា ត្រូវ​ទទួលយក ឬ​បដិសេធ​ចោល​លើ​សំណើ​របស់​សហព្រះរាជអាជ្ញា។

តាម​លោក រាជ សម្បត្តិ បើ​សហ​ចៅក្រម​ស៊ើបអង្កេត បដិសេធ​ការស្នើសុំ​របស់​សហព្រះរាជអាជ្ញា ពេល​នោះ​សហ​ព្រះរាជអាជ្ញា អាច​ប្តឹង​ទៅ​អង្គបុរេ​ជំនុំជម្រះ ហើយ​បើសិនជា​អង្គ​បុរេ​ជំនុំជម្រះ ដែលមានចៅក្រម ៥ រូប (៣រូបកម្ពុជា និង២ រូបអន្តរជាតិ) រក​សំឡេង​គាំទ្រ ភាគច្រើន​មិន​បាន​ទេ នោះ​សំណុំរឿង​០០៣ មិន​ត្រូវ​បាន​បន្ត​ទេ ដោយ​ត្រូវ​ទុក​ជា​មោឃៈ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI