ទោះបីជារដ្ឋាភិបាល បង្កើតគោលនយោបាយការពារពលករចំណាកស្រុកយ៉ាងណាក៏ដោយ ក៏សព្វថ្ងៃនេះ ពលករដែលស្វែងរកការងារធ្វើនៅក្រៅប្រទេស នៅតែទទួលរងគ្រោះ។ មុនពេលចេញដំណើរ ពលករ ដែលភាគច្រើនជាស្ត្រី បានជំពាក់បំណុលក្រុមហ៊ុន នាំឲ្យសេរីភាពដើរហើរមួយចំនួនរបស់ពលករ ត្រូវស្ថិតក្រោមការឃុំគ្រងរបស់ក្រុមហ៊ុនឯកជន។ កាលពីប៉ុន្មានថ្ងៃមុននេះ ពលការិនី ហេង ហាក់ ដែលត្រូវចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តលួចរត់ ចេញពីកន្លែងបណ្តុះបណ្តាលរបស់ក្រុមហ៊ុនទាំងកណ្តាលអធ្រាត្រ។ ប៉ុន្តែជាអកុសល ស្ត្រីមេម៉ាយ កូនពីរនោះ បានធ្លាក់ បាក់ជើងទាំងសងខាង។