កម្ពុជា

រដ្ឋាភិបាល​សម្រេច​លុប​ចោល​បុណ្យ​អុំទួក​ថ្នាក់​ជាតិ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​

​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​២​ដើម្បី​វា​យ​តម្លៃ​ការ​ខូចខាត​ និង​រក​វិធានការ​ដោះស្រា​យ​បន្ទាន់​ចំពោះ​ផល​ប៉ះពាល់​ទឹក​ជំនន់​។
​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​២​ដើម្បី​វា​យ​តម្លៃ​ការ​ខូចខាត​ និង​រក​វិធានការ​ដោះស្រា​យ​បន្ទាន់​ចំពោះ​ផល​ប៉ះពាល់​ទឹក​ជំនន់​។ RFI/Siv Channa

នៅ​ក្នុង​​កិច្ច​​ប្រជុំ​​ពិសេស​​លើក​​ទី​​២​​ ​ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​និង​រក​វិធានការ​ដោះស្រាយ​​បន្ទាន់​​ចំពោះ​ផល​ប៉ះពាល់​ទឹកជំនន់​រដ្ឋាភិបាល បាន​សម្រេច​លុប​ចោល​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក​​ថ្នាក់​​ជាតិ​ក្នុង​ឆ្នាំ​នេះ។​ ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​រដ្ឋាភិបាល​អាច​បង្វែរ​​ថវិកា​​ទៅ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​វិញ។​

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​សម្រេច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​លុប​ចោល​ព្រះរាជពិធី​បុណ្យ​អុំទូក​នៅ​ថ្នាក់​ជាតិ ពោល​គឺ​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​តែ​កម្ពុជា​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់ ហើយ​ត្រូវ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។

ផ្ទុយទៅវិញ រដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​អាជ្ញាធរ​តាម​ខេត្ត​នានា ប្រសិនបើមាន​លទ្ធភាព អាច​រៀបចំ​ពិធីបុណ្យអុំទូក​នេះ​នៅតាម​មូលដ្ឋានខេត្ត​រៀងៗ​ខ្លួន។ សេចក្តីសម្រេច​មិន​ធ្លាប់​មាន​នេះ ត្រូវ​បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​លើក​ទី​២​នៃ​គណៈរដ្ឋមន្ត្រី​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​១៣​តុលា​នេះ។

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ ត្រូវ​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១​វិចិ្ឆកា។ ការ​សម្រេច​លុប​ការ​​រៀបចំ​ពិធី​បុណ្យ​អុំទូក​ថ្នាក់ជាតិ​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា គឺ​ដើម្បី​យក​ពេលវេលា និង​ថវិកា​ដែល​ត្រូវ​ត្រៀម​ប្រើប្រាស់​ក្នុង​ពិធី​អុំទូក​ទៅ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ដែល បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គឺ​មាន​ជិត​៣សែន​គ្រួសារ​​ដែល​ត្រូវ​ការ​ជំរក និង​ស្បៀង​អាហារ។

មន្ត្រី​គណៈកម្មាធិការ​បុណ្យ​ជាតិ​មួយ​រូប​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋ​តែង​បាន​​ចំណាយ​ថវិកា​ប្រមាណ ​២សែន​៥ម៉ឺន ​ដុល្លារ​​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក។

នេះ​គឺ​គ្រាន់​តែ​ជា​ចំណាយ​សម្រាប់​ការ​រៀបចំ​ទូទៅ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ជា​ប្រពៃណី សប្បុរសជន​អ្នកមាន​​ទ្រព្យ​សម្បត្តិ​ជាច្រើន​តែង​បាន​ជួយ​ឧបត្ថម្ភ​ចំពោះ​ទូក​នីមួយៗ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នានា។

ចំពោះ​ផល​ប៉ះពាល់​ឬ​ការ​ខូចខាត​ដោយ​ទឹក​ជំនន់ រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ផ្សាយ​របាយការណ៍​​​ចុងក្រោយ​នៅ​ឡើយ​ទេ។ របាយការណ៍​ផ្លូវការ​លើក​ទី​មួយ​របស់​ គណៈ​កម្មា​ធិការ​​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បង្ហាញ​ថា ទឹក​ជំនន់​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​ចំនួន​២០៧​នាក់​ជន់លិច​ផ្ទៃដី​ស្រែ​ចម្ការ​ប្រមាណ​៣សែន​ហិចតា និង​មនុស្ស​ជាង​១លាន​២សែន​ត្រូវ​ប៉ះពាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI